អ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងថាសាច់គោធ្វើពីអង្ករជាប្រភពប្រូតេអុីន
- ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ល្ងាច

រូបភាព Reuters
ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូង បានបណ្តុះកោសិកាសាច់គោនៅក្នុងគ្រាប់ស្រូវដែលពួកគេអះអាងថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានប្រភពប្រូតេអ៊ីនប្រកបដោយនិរន្តរភាព តម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាន ដោយសារអាចជំនួសសត្វគោក្របី ដែលចិញ្ចឹមដើម្បីយកសាច់។

សាស្ត្រាចារ្យ លោក Jinkee Hong នៃសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ដែលបានដឹកនាំការស្រាវជ្រាវ និងបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីMatter ក្នុងខែនេះបាននិយាយថា «អង្ករសាច់គោ» គឺជាផលិតផលដំបូងក្នុងប្រភេទនេះ។ ការពិសោធនេះប្រើភាគល្អិតគ្រាប់ ធញ្ញជាតិជាមូលដ្ឋានសម្រាប់ការបណ្តុះសាច់ដុំសត្វ និងកោសិកាខ្លាញ់។
នៅក្នុងការស្រាវជ្រាវគ្រាប់ស្រូវត្រូវបានថែទាំដោយអង់ស៊ីម ដើម្បីបង្កើតបរិយាកាសដ៏ល្អ ប្រសើរសម្រាប់ការលូតលាស់កោសិកា បន្ទាប់មកបញ្ចូលជាមួយកោសិកា bovine (ពពួកគោ ក្របីជាដើម) ដែលលូតលាស់ឡើងដើម្បីសម្រេចបាននូវផលិតផលចុងក្រោយ ដែល ស្រដៀងទៅនឹងគ្រាប់ស្រូវពណ៌ផ្កាឈូក។
ក្រុមស្រាវជ្រាវ Yonsei មិនមែនជាក្រុមដំបូងដែលធ្វើការលើផលិតផលសាច់ដែលលូតលាស់ ដោយមន្ទីរពិសោធន៍នោះទេ ព្រោះមានក្រុមហ៊ុនជុំវិញពិភពលោកបានចាប់ផ្តើមចិញ្ចឹមសាច់ ក្នុងទីពិសោធន៍ស្រដៀងគ្នាផងដែរ។ មួយក្នុងចំណោមចុងក្រោយបំផុតពាក់ព័ន្ធនឹងសាច់មាន់ និងអន្ទង់ ដែលលូតលាស់ពីមូលដ្ឋានសណ្តែកសៀងដែលមានទីផ្សារក្នុងសិង្ហបុរី។
ក្រុមរបស់សាស្ត្រាចារ្យ Hong លើកឡើងផងដែរថា អង្ករមានអត្ថប្រយោជន៍ចំពោះសុខភាព ជាជាងសណ្តែកសៀង ឬសណ្ដែកដី ពីព្រោះមនុស្សចំនួនតិចជាងដែលមានអាឡែស៊ីនឹងអង្ករ។
«ប្រសិនបើការអភិវឌ្ឍទៅជាផលិតផលអាហារដោយជោគជ័យ អង្ករសាច់គោអាចបម្រើជាប្រភពប្រូតេអ៊ីនប្រកបដោយនិរន្តរភាពជាពិសេសនៅក្នុងបរិយាកាសដែលការចិញ្ចឹមសត្វបែបប្រពៃណីមិនអាចអនុវត្តបាន»។ សាស្ត្រាចារ្យ Hong បញ្ជាក់បែបនេះផងដែរ។
អង្ករសាច់គោមានប្រូតេអ៊ីនប្រហែល ៨ភាគរយ និងខ្លាញ់ច្រើនជាងអង្ករធម្មតា ៧ភាគរយ។ លោក Hong បានកត់សម្គាល់ថា ប្រូតេអ៊ីនមានមូលដ្ឋានលើសត្វ ១៨ភាគរយដែលធ្វើឱ្យវា ក្លាយជាប្រភពសម្បូរអាស៊ីតអាមីណូសំខាន់ៗ។ ចំពោះតម្លៃមានប្រហែល ២ដុល្លារក្នុងមួយ គីឡូក្រាម ហើយដោយមានកាបូនតិចជាងការផលិតផលសាច់គោតាមបែបប្រពៃណីដែល កត្តានេះអាចផ្ដល់ឱកាសឱ្យអង្ករសាច់គោមានការប្រកួតប្រជែងលើទីផ្សារ។
យ៉ាងណាមិញ បញ្ហាប្រឈមនៅតែមានពីទស្សនៈបច្ចេកទេស និងទាក់ទងនឹងការយកឈ្នះ លើអតិថិជនជាមួយនឹងរសជាតិ និងលក្ខណៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: