លោកស៊ីមានឆន្ទៈធ្វើការជាមួយអង់ហ្គោឡា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច
- ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១១:១៩ នាទី ព្រឹក

រូបភាព Reuters
ប្រធានាធិបតីចិនលោក ស៊ី ជីនភីងនឹងគាំទ្រដល់ក្រុមហ៊ុនចិនដែលវិនិយោគក្នុងវិស័យកសិកម្ម និងផលិតកម្មអង់ហ្គោឡា ខណៈដែលប្រទេសផលិតប្រេងនៅអាហ្វ្រិកមួយនេះស្វែងរកជំនួយក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយបែបនេះនៅថ្ងៃទី១៥ ខែមីនា។

«ភាគីចិនមានឆន្ទៈយ៉ាងខ្លាំងក្នុងការធ្វើការជាមួយអង់ហ្គោឡា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគាំទ្រដល់ក្រុមហ៊ុនចិនទៅកាន់អង់ហ្គោឡា ដើម្បីអនុវត្តទម្រង់ផ្សេងៗនៃ កិច្ចសហប្រតិបត្តិការ»។ លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានប្រាប់ទៅកាន់ប្រធានាធិបតីអង់ហ្គោឡា លោក Joao Lourenco ដែលកំពុងបំពេញទស្សនកិច្ចនៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងបែបនេះ។
លោកស៊ី បន្តមានប្រសាសន៍ថា ក្រុមហ៊ុនចិនអាចជួយអង់ហ្គោឡាសម្រេចបានទំនើប កម្មកសិកម្ម ឧស្សាហូបនីយកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃការជំរុញ រយៈពេលវែងរបស់ទីក្រុងប៉េកាំងក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែស៊ី ជម្រៅជាមួយអាហ្វ្រិក។
ទិន្នន័យរបស់ធនាគារពិភពលោកបង្ហាញថា ចិនមានការចាប់ អារម្មណ៍លើដំណើរស្វែងរករបស់អង់ហ្គោឡាដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញដោយសារតែលូអង់ដាជំពាក់ម្ចាស់បំណុលចិនប្រមាណ ២១ ពាន់លានដុល្លារ។
លោក Lourenco ដែលត្រូវបានអមដំណើរក្នុងដំណើរទស្សនកិច្ចនេះដោយរដ្ឋមន្ត្រីកសិកម្ម ត្រូវការថវិកា ដើម្បីអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធ និងកាត់បន្ថយការពឹងផ្អែកលើប្រេង ដោយសារទីក្រុងលូអង់ដា មិនមានប្រភពចំណូលក្រៅពីប្រេងគ្រប់គ្រាន់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូររបស់ខ្លួន។ ប្រទេសនេះមានទុនបម្រុងដ៏ច្រើននៃលោហធាតុមូលដ្ឋាន និងធនធាន កសិកម្មដ៏ច្រើនដូចជាអំពៅ កាហ្វេ កប្បាស និងសត្វពាហនៈ ប៉ុន្តែកសិកម្មទាំងនេះមិន ត្រូវបានយកចិត្តទុកដាក់បើប្រៀបធៀបទៅនឹងប្រេង។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៨ ខែមីនាបានចេញផ្សាយការវាយតម្លៃរបស់ក្រុម ប្រឹក្សាប្រតិបត្តិលើសេដ្ឋកិច្ចរបស់អង់ហ្គោឡាដោយបង្ហាញថា ការពឹងផ្អែកយ៉ាងខ្លាំងលើវិស័យ ប្រេងបានធ្វើឱ្យលូអង់ដាមានហានិភ័យខ្ពស់ក្នុងការបាត់គោលដៅកំណើន ០,៥ ភាគរយ សម្រាប់ការព្យាករណ៍សម្រាប់ឆ្នាំ ២០២៣។ IMF រំពឹងលើវិស័យប្រេងរបស់ប្រទេសមួយនេះ ធ្លាក់ចុះ ៦,១ ភាគរយប្រចាំឆ្នាំធៀបនឹងឆ្នាំមុន។
ដំណើរទស្សនកិច្ចរបស់លោក Lourenco នៅទីក្រុងប៉េកាំងធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ ប្រទេសកាលពីខែធ្នូថា នឹងចាកចេញពីក្រុមផលិតករនៃអង្គការប្រទេសនាំចេញប្រេង និង កិច្ចព្រមព្រៀងជាមួយចិនលើកិច្ចសហប្រតិបត្តិការ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: