សង្រ្កាន្តបាត់ដំបងឆ្នាំនេះ មានតាំងបង្ហាញ «ណែមយក្ស»
- ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៨:១៩ នាទី យប់

រូបពីរដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបង ២០២៤» ចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា នៅតាមបណ្តោយវិថី សម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតនៅក្រុងបាត់ដំបង។

នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ រដ្ឋបាលខេត្តនឹងរៀបចំតាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង-ស្រុកទាំង១៤ ,មុខម្ហូបអ្នកបាត់ដំបង ,ចាប៉ីដងវែង ,ទុរេនយក្ស និងណែមយក្ស។ លើសពីនេះក៏មានការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីខ្មែរ តាមរយៈកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រគំតន្រ្តី ជាដើម។
បើតាមរដ្ឋបាលខេត្តបាត់ដំបង ការរៀបចំកម្មវិធីទាំងអស់នេះ មានគោលបំណងបង្កើតបរិយាកាសរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេសបង្ហាញដល់ទេសចរជាតិ-អន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង។

ខេត្តបាត់ដំបង ជាខេត្តមួយដ៏សម្បូរបែបផ្នែកស្ថាបត្យកម្ម និងជាគោលដៅសិក្សាស្រាវជ្រាវមួយ ដ៏ពេញនិយមសម្រាប់សិស្សនិសិ្សត។ ខេត្តនេះ មានសំណង់ប្រាសាទបុរាណ និងវត្តអារាមចាស់ៗ រួមទាំងអគារសម័យបារាំង ដែលមានរចនាបថផ្សេងគ្នាជាច្រើនកន្លែង។ ក្រៅពីនេះ ទីតាំងប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍ធម្មជាតិ ម្ហូបអាហារ ក៏ជាគោលដៅទាក់ទាញដ៏សំខាន់ សម្រាប់ខេត្តភាគពាយព្យនៃប្រទេសកម្ពុជាមនេះផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុងបាត់ដំបង ត្រូវបានចុះបញ្ជីជាបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារចំណោម ៥៥ប្រទេស៕



អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: