វ័យ​៩២ឆ្នាំទៅហើយ តែ​ដូន​ចាស់ ធន់ មោ បន្ត​លក់​បន្លែដើម្បី​យក​ធ្វើ​បុណ្យ និងកំដរជីវិតចុងក្រោយ
  • ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ១១:០៦ នាទី ព្រឹក
វ័យ​៩២ឆ្នាំទៅហើយ តែ​ដូន​ចាស់ ធន់ មោ បន្ត​លក់​បន្លែដើម្បី​យក​ធ្វើ​បុណ្យ និងកំដរជីវិតចុងក្រោយ

សៀមរាប៖ អង្គុយលើជើងម៉ាឈើតូចមួយ ដូនចាស់វ័យ៩២ម្នាក់កំពុងទន្ទឹងរង់ចាំអតិថិជនមកទិញបង្ហើយស្លឹកម្រះព្រៅមួយបាច់ ដែលខ្លួនបានដាក់លក់នៅលើបន្ទះឈើកល់ខ្ពស់ដោយដុំឥដ្ឋចំនួនបួនទៅប្រាំដុំ។ ទោះបីជាមានវ័យចាស់វស្សាណាស់ទៅហើយ ដូនចាស់ ធន់ មោ នៅតែញញឹមពព្រាយ និងសន្ទនាដោយរួសរាយជាមួយអតិថិជនបានយ៉ាងក្បោះក្បាយ​​។
TTN-Free-Banner-In-Article-PC

 
ជាទម្លាប់អស់ប្រមាណ៤០ឆ្នាំ លោកយាយ ធន់ មោ តែងតែមកដាក់បន្លែ និងគ្រឿងទេសតិចតួច ក្នុងផ្សារកំពង់ឃ្លាំងដែលស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។ មិនមានអ្វីច្រើនស្អេកស្កះដូចតូបដ៏ទៃនោះទេ លោកយាយ មោ លក់ស្លឹកម្រះព្រៅ ជី និងម្ទេស ដែលបានដាំនៅផ្ទះ រួមទាំងទឹកខ្មេះ និងអង្ករលីងដែលលោកយាយបានធ្វើដោយផ្ទាល់ដៃ។
 
ស្បែកជ្រីវជ្រួញ ដំណើរកោងៗ និងមួយៗ តាមបែបមនុស្សដែលមានវ័យចាស់ជិតមួយសតវត្សរ៍ លោកយាយ ធន់ មោ មើលទៅហាក់ដូចជានៅតែមានកម្លាំងរឹងមាំ និងអាចធ្វើដំណើរពីផ្ទះមកផ្សារ នៅវេលាម៉ោងបួនទាបភ្លឺ ជារៀងរាល់ថ្ងៃ។ ត្រឹមម៉ោង៧ព្រឹកជាង លោកយាយ សឹងតែលក់របស់របរអស់ទៅហើយ។
 


លោកយាយ មោ ស្នាក់នៅជាមួយក្មួយដោយសារមិនមានកូនចៅនោះទេ។ សព្វថ្ងៃ ដូនចាស់ នៅតែបន្តការលក់ដូរតិចតួច ព្រោះមានចិត្តចង់ធ្វើបុណ្យ ​និងធ្វើទាន ក៏ដូចជាបរិច្ចាគលុយដែលខ្លួនរកបានបន្តិចបន្តួច សម្រាប់ជួសជុលស្ពាន វិហារក្នុងវត្តអារាម កសាងសាលាឆាន់ ឬជួយដល់ការសិក្សារបស់ព្រះសង្ឃជាដើម។
 
ពេលសួរថា តើលោកយាយ នឹងបន្តការលក់ដូរនេះដល់ពេលណា លោកយាយ មោ និយាយថា៖ «ទាល់តែដើរមិនរួច បានឈប់ តាំងចិត្តបែបហ្នឹងហើយ ធ្វើតែបុណ្យ។ មកលក់រាល់ថ្ងៃ ដាច់ក៏មក មិនដាច់ក៏មក។ លក់សម្រាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចិត្តចង់ធ្វើតែបុណ្យ។»
 
ចម្ងាយប្រមាណ៥៨ គីឡូម៉ែត និងចំណាយពេលប្រមាណជាមួយម៉ោង ពីក្រុងសៀមរាប ភូមិបណ្តែតទឹកកំពង់ឃ្លាំង ដែលស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង តាមបណ្ដោយដៃទន្លេសាប ជាទីទេសចរណ៍មួយរបស់ខេត្ត។ ប្រជាជននៅតំបន់នោះ កសាងផ្ទះខ្ពស់ផុតពីដី ប្រមាណ ១០ម៉ែត្រ ដើម្បីការពារការជន់លិចផ្ទះ ពេលរដូវវស្សាចូលមកដល់។ ពួកគេប្រកបរបសនេសាទត្រី និងលក់ដូរជាធម្មតា៕





អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

តេង​ យ៉ាលីរ៉ូហ្ស៊ី (Teng Yalirozy)