សេដ្ឋកិច្ចចិនបង្ហាញសញ្ញាវិជ្ជមាន ក្រោយកំណើននៃការលក់រាយ
- ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី យប់

មនុស្សម្នាទិញឥវ៉ាន់នៅផ្សារមួយអំឡុងបុណ្យចូលឆ្នាំចិនក្នុងតំបន់ស្វយ័តស៊ីជាំង ។ រូបភាព ៖ Xinhua
តួលេខនៃការលក់រាយ និងផលិតកម្មរបស់ចិនបានកើនឡើងច្រើនជាងការព្យាករក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤។ កំណើននេះ បានជំរុញដោយការប្រើប្រាស់របស់ប្រជាជនក្នុងអំឡុងពិធីចូលឆ្នាំប្រពៃណីចិន។

ការិយាល័យស្ថិតិជាតិចិន (NBS) នៅថ្ងៃទី១៨ ខែមីនា បានចេញផ្សាយទិន្នន័យដែលបង្ហាញថា ការលក់រាយក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ បានកើនឡើង ៥,៥ភាគរយ ខណៈទិន្នផលរោងចក្របានកើន ៧ភាគរយធៀបគ្រាដូចគ្នាឆ្នាំ២០២៣។
កន្លងមក ចិនបានកត់ត្រាទិន្នន័យនាំចេញ និងអតិផរណាល្អប្រសើរជាងការរំពឹងទុក។ ពិធីបុណ្យចូលឆ្នាំសកល២០២៤ បានជួយឱ្យចំណូលពីវិស័យទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋានមានការរីកចម្រើន។ រយៈពេល ៨ថ្ងៃអំឡុងចូលឆ្នាំចិន នៅខែកុម្ភៈ តម្រូវការធ្វើដំណើរនៅចិន បានជួយឱ្យការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើង ៣ភាគរយ។
តាមរបាយការណ៍របស់ ការិយាល័យស្ថិតិជាតិចិន ការវិនិយោគលើទ្រព្យសកម្មនៅចិនបានកើនឡើង ៤,២ភាគរយនៅ២ខែដំបូងនៃឆ្នាំនេះ បើធៀបឆ្នាំមុន ។ កម្រិតនេះ គឺខ្ពស់ជាងការព្យាករ ៣,២ភាគរយ។ ទន្ទឹមនេះ ការវិនិយោគឯកជនបានកើនឡើង ០,៤ភាគរយក្នុងរយៈពេលដដែល។ កំណើនខាងលើ មានភាពប្រសើរជាងឆ្នាំ២០២៣ នៅពេលដែលមានការថយចុះ ០,៤ភាគរយ។

កំណើនការលក់រាយ និងផលិតកម្មនៅចិនអឡុងខែមករា និងកុម្ភៈ ឆ្នាំ២០២៤ ។ ក្រាហ្វិក ៖ Reuters
សញ្ញាវិជ្ជមាននៅដើមឆ្នាំ បានបន្ធូរបន្ថយសម្ពាធមួយចំនួនចំពោះមន្ត្រីចិនក្នុងការបង្កើនលទ្ធភាពសម្រេចបាននូវគោលដៅកំណើន ៥ភាគរយនៅឆ្នាំ២០២៤។ យ៉ាងណាមិញ វិស័យអចលនទ្រព្យដែលជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចចិន មិនទាន់រួចផុតពីវិបត្តិនៅឡើយ។ ការលក់អចលនទ្រព្យដែលវាស់តាមទំហំផ្ទៃដីបានធ្លាក់ចុះ២០ភាគរយ ក្នុងរយៈពេល២ខែដើមឆ្នាំនេះបើធៀបនឹងឆ្នាំ២០២៣។
សេដ្ឋវិទូនៅក្រុមហ៊ុន Goldman Sachs បាននិយាយថា អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ចិន របស់ចិននៅតែរឹងមាំនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ បើទោះបីជាមានការអភិវឌ្ឍន៍ផ្ទុយគ្នានៅក្នុងវិស័យផ្សេងទៀតក៏ដោយ។ ប៉ុន្តែដើម្បីសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចដែលបានគ្រោងទុក៥ភាគរយសម្រាប់ឆ្នាំដដែល ចិនត្រូវការគោលនយោបាយបន្ធូរបន្ថយជាច្រើន។
កាលពីដើមខែនេះ ទេសាភិបាលធនាគារកណ្តាលចិន លោក Pan Gongsheng បានលើកឡើងថា វានៅតែមានកន្លែងដើម្បីកាត់បន្ថយអត្រាទុនបម្រុងដែលត្រូវការ (RRR) បន្ទាប់ពីបានបន្ថយ ០,៥ភាគរយកាលពីខែមករាឆ្នាំនេះ។ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានប្រកាសថា លោកនឹងធ្វើកំណែទម្រង់ ដើម្បីទទួលបានកំណើន និងកាត់បន្ថយហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: