ជុំវិញកំហឹងលើ Messi ហុងកុងនឹងផ្តល់សំណងពាក់កណ្តាល តែអ្នកគាំទ្រត្រូវបញ្ឈប់ការតវ៉ា
- ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៤:៥៩ នាទី រសៀល

អ្នកគាំទ្រដែលបានទិញសំបុត្រក្នុងគោលបំណងទស្សនា Lionel Messi នៅទីក្រុងហុងកុង ក្នុងជំនួបមិត្តភាពរវាងហុកុង និង Inter Miami កាលពីខែកុម្ភៈ នឹងទទួលបានប្រាក់សំណង ៥០% វិញ។ ទទួលបានប្រាក់ពាក់កណ្តាលត្រឡប់ទៅវិញ លុះត្រាអ្នកគាំទ្រគ្មានឈប់បន្តការតវ៉ា ជុំវិញអវត្តមានប្រធានក្រុមអាហ្សង់ទីនលើទីលាន។

អ្នកគាំទ្របានចំណាយប្រាក់លើតម្លៃសំបុត្រចន្លោះពី ១១០ដុល្លារ ដល់៦៤០ដុល្លារ ដើម្បីអាចបានឃើញ Messi បង្ហាញខ្លួននៅទីលានប្រកួតក្នុងទឹកដីហុងកុង កាលពីថ្ងៃទី៤ ខែកុម្ភៈ។ ផ្ទុយទៅវិញអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់ សុទ្ធតែខកបំណង នៅពេលម្ចាស់ពាន Ballon d'Or ៨សម័យបានត្រឹមអង្គុយនៅកៅអីបម្រុងរហូតចប់ការប្រកួត។ មិនត្រឹមខកចិត្តឡើយ អ្នកគាំទ្រ បានបង្ហាញកាខឹងសម្បារ និងផ្ទុះកំហឹងក្នុងប្រទេសចិន និងពេញបណ្តាញសង្គម។
បើទោះជាប្រធានក្រុមអាហ្សង់ទីនវ័យ ៣៦ ឆ្នាំ បកសា្រយប្រាប់អ្នកគាំទ្រពីមូលហេតុដែលខ្លួនមិនអាចចូលប្រកួតដោយសារបញ្ហារបួសក៏ដោយ អ្នកគាំទ្រទាំងនោះនៅតែមិនអាចទទួលយកបាន និងកាន់តែកើនកំហឹង ដ្បិត២ថ្ងៃក្រោយមក Messi ចូលេងឱ្យ Inter Miami នៅ៣០នាទីចុងក្រោយ ក្នុងជំនួបទល់ Vissel Kobe នៅប្រទេសជប៉ុន ដែលមានអ្នកគាំទ្រជិត ៣ម៉ឺននាក់។
បើតាមក្រុមហ៊ុន Tatler Asia ដែលរ៉ាប់រងរៀបចំការប្រកួត អ្នកគាំទ្រដែលបញ្ជាទិញសំបុត្រពីគេហទំព័រផ្លូវការ នឹងទទួលបានប្រាក់សំណងត្រឡប់ទៅវិញ ៥០ភាគរយ។ មួយវិញទៀត អ្នកគាំទ្រទាំងឡាយណាដែលចង់បានប្រាក់សំណងរបស់ពួកគេត្រឡប់ទៅវិញ ទាល់តែត្រូវយល់ព្រមតាមលក្ខខណ្ឌ «មិនបន្ត ដំណើរការតវ៉ាណាមួយចំពោះករណី Messi នេះបន្តទៀត»។
សំណង ៥០ភាគរយនេះ អ្នករៀបចំការប្រកួត Tatler Asia បានជជែងជាមួយរដ្ឋបាលក្រុងហុងកុងដើម្បីសុំជំនួយចំនួន ១៦ លានដុល្លារកុង (២,៥លានដុល្លារ) ដើម្បីអនុម័តសងត្រឡប់ទៅអ្នកគាំទ្រទាំងនោះវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: