ឆ្នាំ២០២៣ វិស័យសុខាភិបាលខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់
- ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

លោក ក្រុស សារ៉ាត់ ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
សៀមរាប៖ ជាខេត្តដែលមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងនោះវិស័យសុខាភិបាលនៅខេត្តសៀមរាប ក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរ។ នៅក្នុងឆ្នាំ២០២៣កន្លងទៅ មន្ទីរសុខាភិបាលខេត្តបានរាយការណ៍ថា វិស័យនេះរីកចម្រើនឱ្យកត់សម្គាល់ ហើយការព្យាបាល និងអគារព្យាបាលបំពាក់ដោយឧបករណ៍ទំនើប ក៏ត្រូវបានដាក់ឱ្យដំណើរការ។

ក្នុងឆ្នាំ២០២៣កន្លងទៅ ការងារផ្ដល់សេវាសម្រាប់កម្មវិធីសុខភាពមាតា ទារក និងកុមារ ត្រូវបានរាយការណ៍ថា មានភាពល្អប្រសើរ ដ្បិតខេត្តសៀមរាបមានមន្ទីរពេទ្យកុមារដល់ទៅពីរទីតាំង រួមមានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមន្ទីរពេទ្យកុមារអង្គរ។ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ក្រុស សារ៉ាត់ បានបង្ហាញថា បញ្ហាសុខភាពបន្តពូជមាតា ទារក និងកុមារ មានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ស្រ្តីជាច្រើនមានការយល់ដឹងខ្ពស់ លើការថែទាំសុខភាព ពិសេសពេលមានផ្ទៃពោះ ពួកគេបានជ្រើសរើសការថែទាំសុខភាពបានល្អ តាមការណែនាំរបស់គ្រូពេទ្យ។ ចំណែកនៅពេលសម្រាល មាតាទាំងនោះក៏បានជ្រើសរើស យកការសម្រាលកូននៅតាមមូលដ្ឋានសុខាភិបាលដែលពេញចិត្ត និងមានទំនុកចិត្តទៅតាមលទ្ធភាព។
ចំពោះការប្រយុទ្ធនឹងជំងឺឆ្លងវិញ បច្ចុប្បន្នខេត្តសៀមរាបមានអ្នកជំងឺអេដស៍ជិត៥ពាន់នាក់ ក្នុងនោះរកឃើញករណីថ្មីនៅឆ្នាំ២០២៣ ជាង៣០០នាក់។ ក្នុងឆ្នាំកន្លងទៅ អ្នកជំងឺ៨៨នាក់បានស្លាប់។ យ៉ាងណា អ្នកជំងឺទាំងអស់កំពុងទទួលបានការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងមានសុខភាពល្អ៩៩%។ នេះជាការលើកឡើងរបស់លោក ក្រុស សារ៉ាត់ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នាថ្ងៃទី២១ មីនា។

សន្និបាតបូកសរុបការងារ២០២៣ និងលើកទិសដៅឆ្នាំ២០២៤។
ដោយឡែកចំពោះជំងឺគ្រុនចាញ់វិញ បានថយចុះពី២៩ករណី មកនៅ២០ករណីត្រឹមឆ្នាំ២០២៣។ ជំងឺគ្រុនឈាម មានការរាតត្បាតខ្លាំងនៅក្នុងក្រុង និងស្រុកមួយចំនួន ដូចជាក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរជុំ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង និងស្រុកវ៉ារិន។ ឆ្នាំ២០២៣ មានអ្នកជំងឺសរុប ១១ ២៩១ករណី បានចូលរួមសម្រាកនៅតាម មន្ទីរពេទ្យបង្អែកសាធារណៈ មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមន្ទីរពេទ្យកុមារអង្គរ។ អ្នកជំងឺ៣៦នាក់ បានស្លាប់ដោយសារករណីជំងឺគ្រុនឈាមនេះ តែមិនមានអ្នកសៀមរាបឡើយ។ នេះជាការបញ្ជាក់ ពីលោក ក្រុស សារ៉ាត់។
ចំពោះការងារពង្រឹងប្រព័ន្ធសុខាភិបាលវិញ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និយាយថា អគារមន្ទីរពេទ្យបង្អែកធំៗចំនួន៥ខ្នង និងអគារមណ្ឌលសុខភាពចំនួន២ខ្នងទៀត ត្រូវបានសាងសង់រួចរាល់ ក្នុងនោះអគារវះកាត់ខ្នាតធំមួយខ្នងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មន្ទីរសុខាភិបាលខេត្តសៀមរាបមានមន្រ្តីរាជការសរុប ១៣០៩នាក់ ក្នុងនោះវេជ្ជបណ្ឌិត ៩៨នាក់ និងវេជ្ជបណ្ឌិតឯកទេស២២នាក់ គ្រូពេទ្យមធ្យម១០នាក់ ឱសថការី២៣នាក់ គិលានុប្បដ្ឋាក ៥៣៦នាក់ ឆ្មប៣៧៧នាក់ ជំនាញពិសោធន៍៤២នាក់ ទន្ដបណ្ឌិត៨នាក់ ព្យាបាលចលនា១៦នាក់ និងវិទ្យុសាស្រ្ត២នាក់។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: