ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទៀត
- ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៨:១៩ នាទី យប់

សៀមរាប៖ កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង ដែលអណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប។ ទីនេះ ជាទីទេសចរណ៍មួយដ៏មានប្រជាប្រិយ ដែលទេសចរភាគច្រើនស្គាល់។ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្ដល់ភាពងាយស្រួលដល់ទេសចរ លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ និងធ្វើផ្លូវបេតុងបន្ថែម។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ នារដូវវស្សា «កំពង់ភ្លុក» នឹងប្រែសម្រស់គួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្តគយគន់សម្រស់ដ៏ស្រស់ត្រកាលបែបធម្មជាតិ លើផ្ទៃទឹកនៃបឹងទន្លេសាប។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ដោយឡែក រដូវប្រាំង តំបន់កំពង់ភ្លុកមិនសូវមានភាពអ៊ូរឡើយ។ ទូកនេសាទ និងទូកដឹកភ្ញៀវជាច្រើនត្រូវ ត្រូវបានគេទុកចោលតាមច្រាំងនៃបឹងទន្លេសាប។ ប៉ុន្តែនៅពេលធ្វើដំណើរទៅដល់ ភ្ញៀវទេសចរ នឹងឃើញកូនទូកនេសាទ និងកាណូត ដាក់ដង្ហែគ្នាត្រៀមចាំរួចជាស្រេច ដើម្បីដឹកភ្ញៀវទេសចរទទួលអាហារនៅលើផ្ទៃបឹងទន្លេសាប និងមើលសម្រស់ព្រៃលិចទឹកលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក
ក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាខេត្តសៀមរាប ក្រុមអ្នកសារព័ត៌មានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។ លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក បានរៀបរាប់ពីការកកើតសហគមន៍នេះ នៅក្នុងឆ្នាំ២០១៣។
បឹងទន្លេសាប ជាប្រមូលចំណូលដ៏សំខាន់សម្រាប់សហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក និងប្រជាពលរដ្ឋរស់នៅអាស្រ័យផលតាមរយៈការនេសាទ និងវិស័យទេសចរណ៍។ បើតាមលោក សាង គង់ ប្រជាពលរដ្ឋដែលរស់នៅតំបន់កំពង់ភ្លុក ៣០ភាគរយប្រកបរបរនេសាទ, ៥០ភាគរយប្រកបរបរទេសចរណ៍ និង២០ភាគរយ ជាអ្នកលក់ដូរ ជួសជុលកាណូតផ្សេងៗ។
ដើម្បីទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកំពង់ភ្លុក លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធជួយស្ដារព្រែកឱ្យបានជ្រៅ រួមទាំងការធ្វើផ្លូវបេតុង និងប៉មត្រួតពិនិត្យសុវត្ថិភាពទេសចរផងដែរ។ ទេសចរដែលមកទស្សនានៅទីនេះ តែងតែដើរមើលការរស់នៅរបស់ប្រជាពលរដ្ឋ ជិះទូកតាមព្រៃលិចទឹក គយគន់ថ្ងៃលិច និងការធ្វើត្រីឆ្អើរ ឬបង្គាជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: