Mbappe ដាក់គោលដៅលេងអូឡាំពិក ទោះស្ថិតក្នុងការជជែកជាមួយ Real Madrid
- ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៤:៥៩ នាទី រសៀល

ចំពេលកិច្ចពិភាក្សាពីរឿងអនាគតជាមួយនឹងក្លិប Real Madrid ខ្សែប្រយុទ្ធ Kylian Mbappe បានដាក់គោលដៅបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស (Paris 2024) នាពេលខាងមុខ ហើយគ្មាននរណាម្នាក់ ដែលអាចហាមឃាត់គេបានឡើយ។

Mbappe ត្រូវបានគេដឹងថា នឹងអាចចូលរួមជាមួយក្រុម Real Madrid នៅពេលដែលគេផុតកិច្ចសន្យា នៅចុងរដូវកាល ២០២៣-២៤ ជាមួយក្លិប Paris Saint Germain។
កាលពីពេលថ្មីនេះ ក្លិប Real Madrid បានផ្ញើសារតាមរយៈអ៊ីម៊ែល ទៅកាន់សហព័ន្ធបាល់ទាត់បារាំង ថា ខ្លួននឹងមិនបញ្ចេញកីឡាកររបស់ខ្លួនណាម្នាក់ឡើយ សម្រាប់ព្រឹត្តិការណ៍ Paris 2024។ បច្ចុប្បន្នក្លិប Real Madrid មានកីឡាករវ័យក្មេងសញ្ជាតិបារាំង ២រូប កំពុងបង្ហាញទម្រង់លេងល្អខ្លាំង ព្រមទាំងអាយុក្រោម ២៣ឆ្នាំ។
«ខ្ញុំតែងតែមានមហិច្ឆតាដូចគ្នា ខ្ញុំតែងតែនិយាយថាខ្ញុំចង់ទៅអូឡាំពិក ប៉ុន្តែមិនអាស្រ័យលើខ្ញុំទេ។ ខ្ញុំមិនអាចនិយាយអ្វីបានឡើយ ព្រោះថាគ្មាននរណាម្នាក់អាចប្រាប់ខ្ញុំបានឡើយ ប្រសិនបើខ្ញុំមិនអាចទៅកាន់អូឡាំពិកបាននោះទេ គឺវាបែបនឹងហើយ។ នៅពេលដែលខ្ញុំនិយាយថាគ្មាននរណាអាចប្រាប់ខ្ញុំបាន ខ្ញុំចង់និយាយសំដៅទៅ PSG ព្រោះខ្ញុំកំពុងមានកុងត្រាជាមួយ PSG ហើយគេមិនបាននិយាយអ្វីឡើយពីអូឡាំពិក យើងក៏គ្មានបានជជែកគ្នា។»។ Mbappe បាននិយាយក្នុងសន្និសីទកាសែតមុនជំនួបមិត្តភាពទល់អាល្លឺម៉ង់ នាថ្ងៃទី២៣ ខែមីនា។
រៀងរាល់បង្ហាញខ្លួនក្នុងសន្និសីទកាសែត Mbappe មិនដែលលើកឡើងអំពីរឿងរ៉ាវនៃការផ្ទេរទាក់ទងជាមួយនឹងក្លិប Real Madrid ម្តងឡើយ ចាប់តាំងពីមានការប្រកាសចាកចេញពីក្លិបរបស់គេរួចមក។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស ២០២៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា លើវិញ្ញាសាបាល់ទាត់ កីឡាករក្នុងក្រុមតម្រូវឱ្យមានកីឡាករអាយុក្រោម ២៣ឆ្នាំ ដោយបូករួមជាមួយនឹងកីឡាករវ័យចំណាស់ ៣រូប សម្រាប់ប្រកួតប្រជែងមេដាយ។
តែយ៉ាងណា ការប្រកួតកីឡា Paris 2024 មានកាលវិភាគមិនស្ថិតក្នុងការប្រកួតក្រោម ការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ឡើយ។ នេះបានន័យថា ក្លិបបាល់ទាត់មិនតម្រូវចាំបាច់ឱ្យបញ្ចេញកីឡាករ ដើម្បីប្រជែងសម្រាប់ប្រទេសរបស់ពួកគេឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: