លោក Southgate ច្រានចោលព័ត៌មានជុំវិញការងារកំពូលនៅ Man Utd
- ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៤:០៦ នាទី រសៀល

លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ច្រានចោល របាយការណ៍មួយ ដែលបានអះអាងថា លោកកំពុងជជែកជាមួយម្ចាស់ក្លិប Manchester United ដើម្បីទទួលការងារនៅក្នុងក្លិបមួយនេះ។ លោក Southgate ចាត់ទុករឿងនេះ មិនពិតទាំងស្រុង និងមិនផ្តល់ការគោរពដល់លោក។

មុនកាលប្រកួត Euro 2024 មកដល់ លោក Southgate មិនទាន់មានការសម្រេចលើកិច្ចសន្យាថ្មីណាមួយឡើយ ជាមួយអង់គ្លេស។ ការប្រកួតពានរង្វាន់ដ៏ធំប្រចាំតំបន់អឺរ៉ុបទៀតសោត ក៏ជាពានរង្វាន់ដ៏ធំទី៤ ដែលបុរសសញ្ជាតិអង់គ្លេស បានដឹកនាំក្រុមរហស្សនាមតោកំណាចប្រកួតប្រជែង។
«ខ្ញុំបានផ្តោតអារម្មណ៍នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប European Championship។ ខ្ញុំប្រាកដជាមិននិយាយជាមួយអ្នកផ្សេងមុនពេលនេះទេ។ ខ្ញុំមិនដែលទាំងមានរឿងកើតឡើង ។ ខ្ញុំនៅទីនេះប្រាំបីឆ្នាំក្នុងការងារមួយនេះ ខ្ញុំនឹងមិនសប្បាយចិត្តនិយាយជាមួយអ្នកផ្សេងនោះទេ ពេលខ្ញុំកំពុងធ្វើការងារ។»។ លោក Southgate បាននិយាយបែបនេះក្នុងសន្និសីទកាសែត។

បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បុរសវ័យ ៥៣ឆ្នាំ គឺស្ថិតក្នុងគម្រោងបេក្ខភាពរបស់លោក Jim Ratcliffe ក្នុងការជំនួសលោក Erik ten Hag ប្រសិនបើបុរសសញ្ជាតិហូឡង់ ចែកផ្លូវជាមួយក្លិបស្ថិតក្នុងកីឡដ្ឋាន Old Trafford។
ដោយឡែករាត្រីថ្ងៃទី២៣ ខែមីនា ក្រុមតោកំណាចអង់គ្លេស បានប្រកួតជំនួបមិត្តភាព រង់បរាជ័យក្រោមថ្វីជើងក្រុមប្រេស៊ីល លទ្ធផល ១-០ ក្នុងកីឡដ្ឋាន Wembley មុនពេលទៅប៉ះក្រុមប៊ែលហ្ស៊ិកនៅ ៣ថ្ងៃ បន្ទាប់ ក្នុងកីឡដ្ឋានដដែល៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ