MPL KH៖ ក្រុម Duck Rice បង្កភាពភ្ញាក់ផ្អើល ខណៈ D-Roar បំបាក់ម្ចាស់ជើងឯក២សម័យ
- ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ម៉ោង ២:១៦ នាទី រសៀល

ពានរង្វាន់កីឡាអេឡិចត្រូនិក MPL KH រដូវកាលទី៦ បានបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទីមួយ ដោយក្រុមចំណូលថ្មី Duck Rice Esports បង្កភាពភ្ញាក់ផ្អើលក្នុងនាមជាក្រុមកូនខ្មែរ ៥រូប ប្រជែងឈ្នះ ២ប្រកួតឈរកំពូលតារាង។ រីឯក្រុម D-Roar Legends ក៏បង្ហាញសមត្ថភាពក្នុងការប្រជែងនារដូវកាលថ្មីនេះ ដោយ ពួកគេបានបំបាក់ក្រុមម្ចាស់ជើងឯក ២សម័យដូចគ្នា គឺក្រុម See You Soon និង Flash KH។

ត្រឹមសប្តាហ៍ដំបូង MPL KH រដូវកាលទី៦ លីគកីឡាអេឡិចត្រូនិកកម្ពុជាលើវិញ្ញាសា Mobile Legends Bang Bang បានបង្កើតភាពភ្ញាក់ផ្អើល នឹងទាក់ទាញយ៉ាងខ្លាំង ពីការប្រកួតប្រជែងដ៏ស្វិតស្វាញពីសំណាក់ក្រុមទាំង ៨។
ក្រុម Duck Rice Esports ដែលឈ្នះកៅអីពីការប្រកួត MPL Challenge Cup ឡើងមកកាន់លីគអាជីពកម្រិតខ្ពស់ ក្នុងរដូវកាលដំបូងរបស់ខ្លួននេះ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ចំពោះទម្រង់លេងដ៏យល់ចិត្តគ្នាបំផុតមួយរបស់ក្រុម ដែលមានកូនខ្មែរ ៥រូប ខុសពីក្រុមដទៃមានកីឡាករបរទេសនៅក្នុងនោះ។

សប្តាហ៍ដំបូងក្រុមរហស្សនាមបាយទា រកបាន ៥ពិន្ទុ ឈរកំពូលតារាង ក្រោយពួកគេបានយកឈ្នះលើក្រុមជើងខ្លាំង Flash KH ម្ចាស់ពាន ២សម័យ ក្នុងលទ្ធផលការប្រកួត ២-១ នៅក្នុងថ្ងៃទីមួយ នៃការប្រកួតនាថ្ងៃទី២៣ ខែមីនា។ ចូលដល់ការប្រកួតទី២ នាថ្ងៃទី២៤ ខែមីនា Duck Rice បន្តធ្វើបានល្អខ្លាំង ដោយបានបំបាក់ក្រុម PRO Esports លទ្ធផល ២-០ ដែលការប្រកួតមួយលើកមាន ៣វគ្គ (BO3)។
ចំណែក D-Roar Legends បង្ហាញខ្លួនជាលើកទី២ ក្នុងពាន MPL KH បន្ទាប់ពីរដូវកាលមុនបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៥ ។ មកជាមួយគោលដៅ នារដូវកាលទី៦នេះវិញ ក្រុម D-Roar ហាក់បង្ហាញទំនុកចិត្តខ្ពស់លើការប្រកួតប្រជែង ក្នុងនាមជាក្រុមមានសមត្ថភាពខ្លាំងមួយផងដែរ។ ជំនួបសំខាន់ចំនួន ២ នៅសប្តាហ៍ទី១ D-Roar Legends បានឆ្លងកាត់និងបានវាយបកយកឈ្នះលើក្រុមខ្លាំងៗ ដូចជា See You Soon និង Flash KH ដែលសុទ្ធសឹងជាក្រុមឈ្នះជើងឯក ២លើកដូចគ្នា។

ប៉ះ See You Soon ក្នុងជំនួបថ្ងៃទី១ D-Roar Legends មានការប្រកួតប្រជែងដ៏តានតឹង ដោយអាចវាយបកឈ្នះ លើក្រុមការពារជើងឯកលទ្ធផល ២-១ មុនពេលបន្តវាយបកឈ្នះការប្រកួតលើក្រុម Flash KH លទ្ធផល ២-១ ដូចគ្នា នៅក្នុងជំនួបថ្ងៃទី២ នៃសប្តាហ៍ទីមួយ។
D-Roar ឈរតំណែងលេខ ២ បណ្តោះអាសន្ន មាន ៤ពិន្ទុ ពីក្រុម CFU Gaming នៅចំណាត់ថ្នាក់លេខ ៣។ Team SV ជាក្រុមមួយឈ្នះកៅអីពីការប្រកួត MPL Challenge Cup ដែរនោះ ក៏បង្កើតភាពភ្ញាក់ផ្អើលរបស់ខ្លួន ដោយបានប្រកួតឈ្នះលើក្រុម Team Max ក្នុងលទ្ធផល ២-១។
គួររំលឹកថា MPL KH រដូវកាលទី៦ ចាប់ផ្តើមការប្រកួតពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមេសា។ ការប្រកួតវគ្គសន្សំពិន្ទុ Regular Season ត្រូវចាប់ផ្តើមក្នុងសប្តាហ៍នេះ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ដែលធ្វើឡើងនៅក្នុងផ្សារទំនើបអូឡាំព្យា៕




© រក្សាសិទ្ធិដោយ thmeythmey.com
Tag: