លោក ហ៊ុន ម៉ានី ហួសចិត្តចំពោះ￸ការផ្សាយមិនពិត ចំណែកលោក មាស រិទ្ធី សុំទោសតាមការទាមទារពីក្រសួងវប្បធម៌
  • ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៣៥ នាទី យប់
លោក ហ៊ុន ម៉ានី ហួសចិត្តចំពោះ￸ការផ្សាយមិនពិត ចំណែកលោក មាស រិទ្ធី សុំទោសតាមការទាមទារពីក្រសួងវប្បធម៌

ភ្នំពេញ៖ លោក មាស រិទ្ធី បានអធិប្បាយក្នុងកម្មវិធីព័ត៌មានរបស់លោកក្នុងទូរទស្សន៍ហង្សមាសថា ការមិនរៀបចំកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ឆ្នំា￸២០២៤នេះ ដោយសារលោក ហ៊ុន ម៉ានី ធ្លាប់ប្រាប់ថា ខ្ជិល។ លោក មាស រិទ្ធី ក៏បានបន្ថែមថា ពាក្យសង្ក្រាន្ត អាចនឹងត្រូវឈប់ប្រើក្នុងកម្មវិធីបុណ្យចូលឆ្នំា￸ប្រពៃណីខ្មែរ ព្រោះ￸ ថៃ បានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីនៅអង្គការយូណេស្កូ។
TTN-Free-Banner-In-Article-PC

ក្រោយការផ្សព្វផ្សាយនេះ ក្លាយជាប្រធានបទពិភាក្សាច្រើនលើបណ្ដាញសង្គម ក្រសួងវប្បធម៌ ក៏បានបដិសេធការផ្សព្វផ្សាយនេះផងដែរ។ ក្រសួង ចាត់ទុកករណីផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។
 
ជាមួយគ្នានេះក្រសួងវប្បធម៌ បានពន្យល់ថា «សង្ក្រាន្ត» ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ។ 
 
នៅយប់ថ្ងៃទី២៥នេះ ហ៊ុន ម៉ានី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះ៖ «ខ្ញុំ មានការភ្ញាក់ផ្អើលចំពោះ￸អ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល" ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់ អារម្មណ៍ពីមហាជន។» 
 
លោក មាស រិទ្ធី បានអះអាងថា លោកបានសួរលោក ហ៊ុន ម៉ានី ដោយផ្ទាល់មាត់។ ត្រង់នេះ លោក ហ៊ុន ម៉ានី បានឆ្លើយតបដូច្នេះ ៖ «បង មាស រិទ្ធី បានសួរខ្ញុំមែន ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ហើយខ្ញុំ ក៏បានឆ្លើយតបថា ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ។»
 
រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ បានផ្ញើលិខិតទៅលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ នៅថ្ងៃទី២៥ មីនា ដោយបានពន្យល់ដូច្នេះ៖«ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀត ទៅតាមប្រពៃណីទំនៀមទម្លាប់ រៀងៗ នោះឡើយ»។
 
ក្រសួងវប្បធម៌ បានស្នើឱ្យលោកឧកញ៉ា អ៊ឹង ឆៃងួន ចាត់វិធានការបន្ទាន់ ដោយលុបព័ត៌មានមិនពិតនេះ ដើម្បីទប់ស្កាត់ការចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។
 
លោក មាស រិទ្ធី បានចេញលិខិតសុំទោសរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយទទួលស្គាល់ថា លោកអធិប្បាយ មិនគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។ លោក មាស រិទ្ធី បញ្ជាក់ថា លោកទទួលបានព័ត៌មាន មិនគ្រប់ជ្រុងជ្រោយពីមន្រ្តីមិនផ្លូវការ និងគ្មានមូលដ្ឋាន៕
 

អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា