បវរកញ្ញាវ័យចំណាស់ ស្រីស្រស់ប្រុសស្អាត និងអុកចត្រង្គ នឹងត្រូវប្រកួតគ្នា នៅ«សង្រ្កាន្តព្រៃវែង»
- ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ល្ងាច

រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ នៅទីរួមខេត្តព្រៃវែង។ ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» នឹងការប្រឡងបវរកញ្ញាវ័យចំណាស់ បវរកញ្ញាស្រីស្រស់ប្រុសស្អាត និងអុកចត្រង្គផងដែរ។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ តាំងពីបុរាណកាលមក។
ព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ២០២៤នេះ នឹងមានការប្រគំតន្ត្រីសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការបង្ហោះគោម និងបាញ់កាំជ្រួច។ ក្រៅពីកម្មវិធីទាំងនេះ ក៏មានកម្មវិធីលេងកម្សាន្តតំបន់ត្រជាក់ចិត្ត រួមទាំងព្រឹត្តិការណ៍កម្សាន្តផ្សេងៗដូចជា ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ រួមទាំងអុកចត្រង្គទៀតផង។ នេះបើតាមរដ្ឋបាលខេត្ត។
អត្ថបទទាក់ទង
រដ្ឋបាលខេត្តព្រៃវែង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕

រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង

រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង

រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: