រដ្ឋសភាថៃ អនុម័តសេចក្តីព្រាងច្បាប់គាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា
- ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១០:១៦ នាទី ព្រឹក

សហគមន៍ស្រលាញ់ភេទដូចគ្នានៅថៃ។ រូបភាព AFP
រដ្ឋសភាថៃ នៅថ្ងៃទី ២៧ ខែមីនា បានអនុម័តក្នុងសំឡេងគាំទ្រដ៏ច្រើនលើសលុបលើសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលគាំទ្រឱ្យអ្នកស្រលាញ់ភេទដូចគ្នាមានចំណងផ្លូវច្បាប់ ដូចប្រុស និងស្រី្តដែរ។ យ៉ាងណាមិញ សេចក្តីព្រាងច្បាប់នេះ នៅឆ្លងកាត់ព្រឹទ្ធសភា និងការចុះហត្ថលេខាពីព្រះមហាក្សត្រទៀត ដើម្បីចូលជាធរមានបាន។

ក្រោយពីតាក់តែងនៅមួយទសវត្សរ៍មុន សេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ត្រូវបានរដ្ឋសភាថៃ អនុម័តហើយ នៅថ្ងៃទី២៧ ខែមីនា។ នេះជាជំហានដ៏សំខាន់មួយ ដែលធ្វើឱ្យថៃខិតទៅដែនដីទីបី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ នៅក្នុងតំបន់អាស៊ី គាំទ្រអ្នកស្រលាញ់ភេទដូចគ្នាតាមផ្លូវច្បាប់។
សេចក្តីព្រាងច្បាប់ផ្ដល់សិទ្ធិរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា ត្រូវបានទទួលការគាំទ្រពីបក្សធំៗទាំងអស់របស់ថៃ ដោយត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកសភាចំនួន ៤០០នាក់ក្នុងចំណោមសមាជិកសរុប ៤១៥ រូបដែលមានវត្តមាន។ ចំណែកសមាជិកសភាចំនួន ១០នាក់ប៉ុណ្ណោះ បានបោះឆ្នោតប្រឆាំង។
«ពួកយើងបានធ្វើការងារនេះសម្រាប់ប្រជាជនថៃទាំងអស់ ដើម្បីកាត់បន្ថយភាពខុសគ្នានៅក្នុងសង្គម និងចាប់ផ្តើមបង្កើតសមភាព»។ ប្រធានគណៈកម្មាធិការសភាលើសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍ លោក Danuphorn Punnakanta បានប្រាប់សមាជិកសភាមុនការបោះឆ្នោតបែបនេះ។
ការអនុម័តសេចក្តីព្រាងច្បាប់នេះ ជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការពង្រឹងជំហរ របស់ថៃជាសង្គមសេរីបំផុតមួយរបស់អាស៊ី លើបញ្ហាស្ត្រីស្រឡាញ់ភេទដូចគ្នា, បុរសស្រឡាញ់ភេទដូចគ្នា, បុគ្គលដែលស្រឡាញ់ទាំងពីរភេទ និងបុគ្គលកែភេទ ជាមួយនឹងការបើកចំហ និងអាកប្បកិរិយាសេរី ព្រមទាំងការរស់ជាមួយតម្លៃព្រះពុទ្ធសាសនាបែបប្រពៃណី និងអភិរក្សនិយម។
ថៃជាកន្លែងទាក់ទាញអ្នកស្រឡាញ់ភេទដូចគ្នាជាយូរមកហើយជាមួយនឹងការបង្ហាញពីសង្គមអ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងរស់រវើកសម្រាប់អ្នកក្នុងស្រុក និងជនបរទេស ហើយយុទ្ធនាការជាគោលដៅដើម្បីទាក់ទាញអ្នកធ្វើដំណើររបស់អ្នកស្រឡាញ់ភេទដូចគ្នា ស្រឡាញ់ភេទទាំងពីរ និងមនុស្សប្តូរភេទជារួមផងដែរ (LGBT)។
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា និងការចុះហត្ថលេខាពីព្រះមហាក្សត្រជាមុនសិន។ ក្រោយទទួលបានការអនុម័តពីព្រឹទ្ធសភា និងការយល់ព្រមពីព្រះមហាក្សត្រ ច្បាប់ខាងលើ នឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះចូលជាធរមាន បុគ្គលដែលស្រលាញ់ភេទដូចគ្នា នឹងមានចំណងផ្លូវច្បាប់ពេញលេញ ដូចបុរស និងស្រ្តីដែរ ពោលគឺអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន (អេតាស៊ីវិល)។
គួររំលឹកថា សេចក្ដីព្រាងច្បាប់នេះពន្យារពេលជាងមួយទសវត្សរ៍មកហើយ ក្នុងការស្វែងរកការបង្កើតជាច្បាប់ដោយសារតែភាពចលាចលផ្នែកនយោបាយ និងការខ្វែងគំនិតគ្នាលើវិធីសាស្ត្រដែលត្រូវធ្វើ និងអ្វីដែលគួរដាក់បញ្ចូលក្នុងច្បាប់នេះ។
ទន្ទឹមនេះសភាកាលពីខែធ្នូបានអនុម័តសេចក្តីព្រាងច្បាប់ចំនួនបួនផ្សេងគ្នាស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នានៅក្នុងការបោះឆ្នោតលើកដំបូង ហើយបានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការ មួយដើម្បីបង្រួបបង្រួមជាសេចក្តីព្រាងតែមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: