កុមារពីអាយុ១២ឆ្នាំ ចូលរួមប្រកួតហែលទឹកជ្រើសរើសជើងឯក ស.ស.យ.ក លើកទី១
  • ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ២:១០ នាទី រសៀល
កុមារពីអាយុ១២ឆ្នាំ ចូលរួមប្រកួតហែលទឹកជ្រើសរើសជើងឯក ស.ស.យ.ក លើកទី១
សកម្មភាពហ្វឹកហាត់កីឡាហែលទឹករបស់ក្មេងៗ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក

សហព័ន្ធខ្មែរកីឡាហែលទឹក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.ក លើកទី១ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ ដែលនឹងត្រូវធ្វើនៅថ្ងៃទី៣១ ខែមីនា នៅអាងទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបវិស័យកីឡាហែលទៅកាន់ យុវជន និងក្មេងៗជំនាន់ក្រោយ។
TTN-Free-Banner-In-Article-PC
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា អត្ដពលិក១២៧នាក់ នឹងចូលរួមប្រកួតជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.ក លើកទី១ ឆ្នាំ២០២៤  (1st UYFC Junior Swimming Championships 2024)។ 
 
លោក អគ្គលេខាធិការ ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមយុវជន-យុវនារី និងកុមារា-កុមារី ១២៧នាក់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍លើកទី១នេះ ត្រូវបានបែងចែកជាបីផ្នែក ទៅតាមអាយុរបស់ពួកគេ គឺ ចាប់ពីអាយុ១២-១៣ ឆ្នាំ, ១៤-១៥ឆ្នាំ និង ១៦-១៧ឆ្នាំ។
 
ព្រឹត្តិការណ៍នេះ នឹងបើកទូលាយឲ្យកុមារា កុមារី យុវជន និងយុវនារី មានឱកាសប្រកួតប្រជែងលើវិស័យកីឡាហែលទឹក។ ម្យ៉ាងវិញទៀតការប្រកួតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបវិស័យកីឡាហែលទៅកាន់អ្នកជំនាន់ក្រោយ ផងដែរ។ នេះជាការបញ្ជាក់របស់លោក ហែម គិរី។
 
អគ្គលេខាធិការកីឡាហែលទឹកកម្ពុជា​បន្តថា៖ «នេះ គឺជាការប្រកួតបើកចំហរសម្រាប់យុវជន កុមារា កុមារី ទូទាំងប្រទេស។ គោលបំណង យើងចង់បំផុសវិស័យកីឡាហែលទឹក និងផ្ដល់ឱកាសឲ្យកុមារា កុមារី និងយុវជន។ យើង បើកឲ្យទូលាយក្នុងការប្រកួតដោយមិនក្រឹតក្រមលើស្ថាប័នចូលរួមឡើយ។ យើង ចង់បំផុសវិស័យកីឡា ជាពិសេសវិស័យកីឡាហែលទឹក។ ទី២ យើងផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ កុមារ ដែលស្រឡាញ់ប្រភេទកីឡាមួយនេះ ដែលចង់ចូលរួម ប្រកួត គឺយើងផ្ដល់ឱកាសឲ្យគាត់។»។ 
 
ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.ក លើកទី១ នឹងត្រូវធ្វើនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅអាងទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៨ ព្រឹក។ តាមរយៈការប្រកួតនេះ លោក ហែម គិរី សង្ឃឹមថាជាផ្នែកមួយ ក្នុងការអភិវឌ្ឍធនធានអត្ដពលិក ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា