នាយករដ្ឋមន្រ្តីឱ្យក្រសួងរៀបចំឯកសារស្នើចុះបញ្ជី«សង្រ្កាន្តនៅកម្ពុជា»ទៅយូណេស្កូ
  • ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ១២:០៩ នាទី រសៀល
នាយករដ្ឋមន្រ្តីឱ្យក្រសួងរៀបចំឯកសារស្នើចុះបញ្ជី«សង្រ្កាន្តនៅកម្ពុជា»ទៅយូណេស្កូ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារដើម្បីស្នើបញ្ចូល សង្រ្កាន្ត ឬការប្រារព្ធពិធីសង្រ្កាន្តនៅកម្ពុជា  ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
TTN-Free-Banner-In-Article-PC
 
ក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា សម្ដេចធិបតី ថ្លែងដូច្នេះថា៖« ហើយឥឡូវដើម្បីកុំឱ្យប្រជាពលរដ្ឋបារម្ភទៅទៀត ថាថ្ងៃក្រោយតើយើងអាចប្រើពាក្យសង្រ្កាន្ត ឬប្រារព្ធពិធីសង្រ្កាន្តនៅកម្ពុជាបានឬទេ? ខ្ញុំបាទឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមឯកសារដើម្បីចុះបញ្ជីសង្រ្កាន្តនៅកម្ពុជាឱ្យរួចរាល់នៅឆ្នាំក្រោយនេះ ដើម្បីយើងអាចចូលនៅក្នុងឆ្នាំ២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យក្នុងការបកស្រាយផ្សេងៗទៀត»។ 
 
តាមប្រសាសន៍របស់នាយករដ្ឋមន្រ្តី ពាក្យសង្រ្កាន្តមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសណាមួយទេ ហើយប្រទេសដែលមានវប្បធម៌ស្រដៀងៗគ្នា សុទ្ធតែអាចស្នើពាក្យនេះបានដូចគ្នា។ សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖« ព្រោះយើងអត់មានអីខុសទេ ហើយគ្មានអ្នកណាហាមយើងទេ។  ថ្ងៃក្រោយឡាវចុះក្រោយយើងក៏អត់មានអ្នកណាហាមដែរ ព្រោះវាជាប្រពៃណីវប្បធម៌ស្រដៀងៗគ្នា អត់មានខុសទេ»។
 
 
ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានដេកស្ងៀមឡើយ ហើយរយៈពេល៣០ឆ្នាំមកនេះ មានសម្បត្តិបេតិកភណ្ឌជាច្រើនដែលកម្ពុជាស្នើដាក់ចូលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ តែការងារទាំងនោះត្រូវធ្វើជាដំណាក់កាលៗ ម្ដងមួយៗ មិនអាចធ្វើទាំងព្រមបានទេ។ ក្នុងនោះ តាមការបង្ហើបពីនាយករដ្ឋមន្រ្តី ក្នុងនោះប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ក៏ត្រៀមចូលនៅឆ្នាំ២០២៥ផងដែរ។ 
 
សម្ដេចធិបតី បញ្ជាក់យ៉ាងដូច្នេះថា៖« អ៊ីចឹងលោកតាលោកយាយ កុំព្រួយបារម្ភ អត់មានពីណាដណ្ដើមរបស់កម្ពុជាទេ ហើយកុំមានការយល់ច្រឡំនោះ។ អាព្រួយបារម្ភជាការត្រឹមត្រូវដែលយើងត្រូវមានស្មារតីក្នុងការការពារ ប៉ុន្តែសុំយល់ថា កម្ពុជាមិនបានធ្វេសប្រហែស មិនឱ្យប្រទេសណាយកវប្បធម៌របស់យើង ដោយមិនបានការការពារ ជាពិសេសសង្រ្កាន្តនេះមិនមានអ្វីបាត់បង់នោះទេ»៕

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕​

© រក្សាសិទ្ធិដោយ thmeythmey.com

អុីសា រ៉ហានី (Isa Rohany)