សង្គ្រាមនៅហ្កាហ្សា ធ្វើឲ្យកញ្ចប់ថវិកាជាតិអ៊ីស្រាអែលប៉ោងខ្លាំង
- ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល លោក អាមៀរ យ៉ារ៉ុន បានប្រកាសអំពីការបង្កើតគណៈកម្មាការ១ នៅពេលឆាប់ៗនេះ ដើម្បីនឹងរៀបចំកញ្ចប់ថវិកាយោធា ទៀតផង។ REUTERS - Kevin Lamarque
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី៣១មីនា បានអំពាវនាវជំរុញឲ្យ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវកាត់បន្ថយការចំណាយផ្សេងៗដែលមិនពាក់ព័ន្ធនឹងវិស័យយោធា ដើម្បីប៉ះប៉ូវការចំណាយក្នុងសង្គ្រាមដែលចេះតែកើនឡើងជាលំដាប់។ សង្គ្រាមប្រឆាំងពួកហាម៉ាស់នៅតំបន់ហ្កាហ្សា រយៈពេល៦ខែនេះ តម្រូវឲ្យអ៊ីស្រាអែលបង្កើនកញ្ចប់ចំណាយយោធាយ៉ាងច្រើនសន្ធឹក ស្របពេលដែលឱនភាពថវិកាជាតិក៏កាន់តែកើនឡើងដែរ ពោលគឺឡើងខ្ពស់ជាងការគ្រោងទុកនៅមុនពេលសង្គ្រាមទៅទៀត។

អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល លោក អាមៀរ យ៉ារ៉ុន បានជំរុញឲ្យ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល និងអ្នកទទួលខុសត្រូវក្រសួងស្ថាប័នជាតិទាំងឡាយ ត្រូវសើរើកញ្ចប់ថវិកា និងត្រូវកាត់បន្ថយការចំណាយនានា ដែលមិនពាក់ព័ន្ធនឹងវិស័យយោធា ដើម្បីប៉ះប៉ូវការចំណាយក្នុងសង្គ្រាមដែលចេះតែកើនឡើង ខ្ពស់ទៅៗ។ ថ្នាក់ដឹកនាំធនាគារជាតិអ៊ីស្រាអែល ក៏បានប្រកាសអំពីការបង្កើតគណៈកម្មាការ១ នៅពេលឆាប់ៗនេះ ដើម្បីនឹងរៀបចំកញ្ចប់ថវិកាយោធា ទៀតផង។
នៅក្នុងលិខិតផ្ញើទៅរដ្ឋមន្ត្រីនានា និងសមាជិករដ្ឋសភាអ៊ីស្រាអែល អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល លោក អាមៀរ យ៉ារ៉ុន បានពន្យល់ថា វាចាំបាច់ណាស់ដែលត្រូវ អ៊ីស្រាអែល ត្រូវកំណត់ពីតម្រូវការយោធាជាថ្មី ហើយនិងសើរើកែប្រែកញ្ចប់ចំណាយសម្រាប់ប៉ុន្មានឆ្នាំទៅមុខ ដើម្បីឲ្យសមស្របទៅនឹងទម្ងន់ប៉ះពាល់ដល់សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជាការចាំបាច់ណាស់ដែរ ដែលត្រូវបង្កើនចំណាយលើវិស័យយោធាបន្ថែមទៀត ទៅលើអ្វីដែលបានសម្រេចហើយ។
ក្នុងន័យនេះ អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល ចង់សំដៅដល់ការអនុម័តកញ្ចប់ថវិកាជាតិ ១៦០ពាន់លានដុល្លារ ដែលរដ្ឋសភាអ៊ីស្រាអែលបានសម្រេចរួចហើយនៅថ្ងៃទី១៣មីនា និងដែលចែងកំណត់អំពីការបង្កើនកញ្ចប់ថវិក ៥ ពាន់លានអឺរ៉ូ សម្រាប់វិស័យការពារជាតិ។ បានសេចក្តីថា ក្រសួងការពារជាតិអ៊ីស្រាអែល មានកញ្ចប់ចំណាយ ២៧ ពាន់លានអឺរ៉ូ ហើយនិងត្រូវថែម ៥ ពាន់លានអឺរ៉ូបន្ថែមទៀត សម្រាប់ឆ្នាំទៅមុខ។ លើសពីនេះ លោក អាមៀរ យ៉ារ៉ុន ចង់ឲ្យរឹតត្បិតវិស័យផ្សេងៗ ដើម្បីបង្កើនលុយក្នុងវិស័យយោធាឲ្យរឹងរឹតតែកើនខ្ពស់ជាងនេះទៀត។
សង្គ្រាមច្បាំងប្រឆាំងពួកហាម៉ាសប៉ាឡេស្ទីនផ្ទុះចាប់ឡើងពីថ្ងៃទី៧តុលាឆ្នាំទៅមិញ តម្រូវឲ្យអ៊ីស្រាអែលបញ្ជាទិញអាវុធមីស៊ីលនិងគ្រាប់ច្រើនសន្ធឹក។ ក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែល ផ្គត់ផ្គង់មិនទាន់ និងត្រូវបញ្ជាទិញបន្ថែមពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានដឹកសម្ភារៈយោធាតាមយន្តហោះ ទម្ងន់ ១៧ ០០០ តោនឲ្យអ៊ីស្រាអែល ដែលស្មើនឹងតម្លៃទឹកប្រាក់ ៣៣ ពាន់លានដុល្លារ ក្នុងពេល៣ខែដំបូងនៃសង្គ្រាម។ នេះបើតាមទិន្នន័យរបស់កាសែតបារាំង Les Echos ផ្សាយដើមឆ្នាំ។
សង្គ្រាមជះផលវិបាកដល់សេដ្ឋកិច្ច។ ធនាគារជាតិអ៊ីស្រាអែល បានព្យាករអំពីឱនភាពថវិកាជាតិ ក្នុងឆ្នាំ២០២៤ ដែលបានកើនឡើងខ្ពស់ ដល់ទៅ ៦,៦% ខុសឆ្ងាយពីពេលមុនសង្គ្រាម ដែលមានត្រឹមតែ ២,២៥% ប៉ុណ្ណោះ។ ទន្ទឹមនឹងគ្នានេះ អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល បានទទួលស្គាល់ដែរថា សេដ្ឋកិច្ចជួបការលំបាក មានសន្ទុះកំណើនទាប ត្រឹមតែ២%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣។ សេដ្ឋកិច្ចអ៊ីស្រាអែលជួលការលំបាក ត្រូវលោក អាមៀរ យ៉ារ៉ុន ពន្យល់ថា មកពីផលិតកម្មការងារធ្លាក់ចុះខ្សោយ ហើយនិងកង្វះសមត្ថភាពគ្រប់គ្រាន់ នៃក្រុមស្ត្រីអារ៉ាប់និងក្រុមប្រុសៗជ្វីហ្វនិយមសាសនាអុកតូដុកប្រកាន់តឹង ដែលលំបាកសម្របខ្លួនចូលទីផ្សារការងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com