បក្សកាន់អំណាចតួកគីបាក់អំណួត ដោយសារបរាជ័យនៅក្នុងការបោះឆ្នោតឃុំសង្កាត់
- ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:៣៩ នាទី ល្ងាច

នៅតួកគី គណបក្សកាន់អំណាចបរាជ័យ អាម៉ាស់មុខ នៅក្នុងការបោះឆ្នោតក្រុងឃុំសង្កាត់ កាលពីថ្ងៃអាទិត្យទី ៣១មីនា។ AFP - OZAN KOSE
ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា
នៅតួកគី គណបក្សកាន់អំណាច របស់លោកប្រធានាធិបតីរេស៊េប អ៊ែរដូហ្កានបានបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅចំពោះមុខគណបក្សប្រឆាំង ដែលដណ្តើមគ្រប់គ្រងបានទីក្រុងសំខាន់ៗជាច្រើនរបស់តួកគី នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៣១ មីនា។ លទ្ធផលឆ្នោតឃុំសង្កាត់ កាលពីថ្ងៃអាទិត្យបង្ហាញថា គណបក្សAKP របស់លោកប្រធានាធិបតីតួកគី រេស៊េប អ៊ែរដូហ្កានមិនត្រឹមតែ មិនអាចដណ្តើមយកទីក្រុងអ៊ីស្តង់ប៊ូលពីដៃ របស់បក្សប្រឆាំងតែប៉ុណ្ណោះទេ ប៉ុន្តែ គណបក្សកាន់អំណាចនៅបានរបូតបាត់អស់ទីក្រុងធំៗមួយចំនួនទៀត ដែលធ្លាប់ជាមូលដ្ឋានចាក់គ្រឹះរបស់បក្សកាន់អំណាចជាច្រើនទសវត្សរ៍មកហើយ។

នៅពេលឈ្នះឆ្នោត នៅឆ្នាំ ២០២៣ ដើម្បី ចូលកាន់តំណែងជាប្រធានាធិបតីតួកគី សម្រាប់អាណត្តិទី៣ លោករេស៊េបអ៊ែរដូហ្កាន ដែលកាន់អំណាច ជាង ២០ឆ្នាំមកហើយ ធ្លាប់បានសន្យាជាឱឡារិកថា គណបក្សAKPរបស់លោកនឹងដណ្តើមយកទីក្រុងសេដ្ឋកិច្ច អ៊ីស្តង់ប៊ូល និងរដ្ឋធានី អង់ការ៉ា ដែលធ្លាក់ក្នុងដៃរបស់បក្សប្រឆាំងកាលពី៥ឆ្នាំមុន។ បើតាមអ្នកសង្កេតការណ៍នយោបាយតួកគី ទោះឈ្នះឆ្នោតក្លាយជាប្រធានាធិបតី ៣អាណត្តិជាប់គ្នា លោកអ៊ែរដូហ្កានផ្តោតក្តីសង្ឃឹមថា ជ័យជំនះរបស់គណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ជាសញ្ញាគាំទ្ររបស់ប្រជាជនតួកគី ដែលនឹងជំរុញឲ្យលោកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឲ្យលោកអាចមានសិទ្ធិឈរឈ្មោះ មួយអាណត្តិបន្តទៀត។
តាមច្បាប់សព្វថ្ងៃ លោកអ៊ែរដូហ្កាន អាយុ៧០ឆ្នាំ អាចឈរឈ្មោះ ត្រឹមតែ៣អាណត្តិប៉ុណ្ណោះ ហើយអាណត្តិចុងក្រោយរបស់លោកនឹងផុតនៅឆ្នាំ ២០២៨។
ប៉ុន្តែ ក្តីរំពឹងរបស់លោកអ៊ែរដូហ្កានត្រូវរលាយសូន្យ ព្រោះថា នេះជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់តួកគី គណបក្សប្រឆាំង គឺគណបក្សសាធារណរដ្ឋប្រជាជន CHPទទួលជ័យជំនះយ៉ាងធំធេង ដោយដណ្តើមបានទីក្រុងធំៗ ជាង១០ នៅទូទាំងប្រទេស ដែលនៅក្នុងនោះ មានទីក្រុងសេដ្ឋកិច្ចអ៊ីស្តង់ប៊ូល និងរដ្ឋធានីអង់ការ៉ា។ សម្រាប់ថ្នាក់ដឹកនាំបក្សប្រឆាំងតួកគី ជ័យជំនះរបស់ធំធេងរបស់គណបក្សប្រឆាំងសបញ្ជាក់ថា ប្រជាជនចង់មានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ។ ម្យ៉ាង វាជាសាររបស់ប្រជាជនតួកគី ទៅកាន់អ្នកដឹកនាំថា ពួកគេលែងចង់ឲ្យតួកគីក្លាយជាប្រទេសគ្មានការគោរពច្បាប់តទៅទៀត។
សម្រាប់អ្នកតាមដាននយោបាយ ប្រជាជនតួកគីបានធ្វើបដិវត្ត នៅបន្ទប់គូសសន្លឹកឆ្នោត។ លោកអ៊ែរដូហ្កានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីតួកគី កាលពីឆ្នាំ ២០២៣មែនពិត ប៉ុន្តែ តាមរយៈ ការបោះឆ្នោតជ្រើសរើសបក្សប្រឆាំងឲ្យដឹកនាំទីក្រុងសេដ្ឋកិច្ចធំៗរបស់តួកគី ប្រជាជនតួកគីចង់ផ្ញើសារក្រើនរំលឹកគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី ថា ពួកគេនឹងដើរផ្លូវដូចគ្នានេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិក្រោយ ឆ្នាំ ២០២៨ បើសិន គណបក្សកាន់អំណាចនៅតែព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ជួយប្រជាជន។
គេវាយតម្លៃថា បញ្ហាសេដ្ឋកិច្ច អតិផរណាហក់ខ្ពស់ដល់ ៦៧% ចំណែកអត្រាការប្រាក់កើនឡើងដល់អត្រាដ៏ខ្ពស់ ប្រមាណ ៥០% ជាហេតុផលចំបងដែលធ្វើឲ្យប្រជាជនតួកគីដោះដៃពីគណបក្សកាន់អំណាច។ ជំហរជិតស្និទ្ធរបស់លោកប្រធានាធិបតីអ៊ែរដូហ្កានជាមួយ អ៊ីស្រាអែលដែលកំពុងធ្វើសង្រ្គាមបង្កទុក្ខវេទនាដល់ប្រជាជនប៉ាឡេស្ទីន ជាហេតុផលបន្ទាប់បន្សំមួយទៀត ដែលធ្វើឲ្យអ្នកគាំទ្របក្សកាន់អំណាចដែលជាមនុស្សអភិរក្សនិយម និងកាន់សាសនាអ៊ីស្លាម ដកឃ្លា ឃ្លាតឆ្ងាយពីគណបក្សAKP៕
© រក្សាសិទ្ធិដោយ thmeythmey.com