អាល្លឺម៉ង់អនុញ្ញាតឱ្យប្រើកញ្ឆាជាសាធារណៈដោយស្របច្បាប់
- ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

អាល្លឺម៉ង់អនុញ្ញាតឱ្យប្រើកញ្ឆាជាសាធារណៈដោយស្របច្បាប់ AP - Ebrahim Noroozi
ដោយ៖អៀង សុខម៉ិញ/ RFI ខេមរភាសា
កញ្ឆាក្លាយជារបស់ស្របច្បាប់ហើយនៅអាល្លឺម៉ង់។ ចាប់ពីថ្ងៃចន្ទទី១មេសា២០២៤នេះតទៅ ពលរដ្ឋពេញវ័យអាល្លឺម៉ង់ អាចដាំកញ្ឆាបីដើមសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានឬទិញ កញ្ឆា ចំនួន២៥ក្រាមក្នុងមួយថ្ងៃ បានដោយស្របច្បាប់។ ការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆា តាមរយៈការធ្វើកំណែទម្រង់ច្បាប់ របស់រដ្ឋាភិបាលអាល្លឺម៉ង់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់បក្សប្រឆាំងនិង ការព្រួយបារម្ភដ៏ធំធេងរបស់ក្រុមគ្រូពេទ្យព្រមទាំងអ្នកច្បាប់។

ផ្ទុយពីបារាំងនិងខុសពីហូឡង់ដែលផ្តល់ត្រឹមសិទ្ធិអនុគ្រោះឱ្យប្រើគ្រឿងញៀន អាល្លឺម៉ង់ជាប្រទេសដ៏ធំជាងគេបង្អស់ដំបូងគេនៅអឺរ៉ុបដែលអនុវត្តច្បាប់សេរីនិយមបំផុតរបស់សហភាព អនុញ្ញាតឱ្យជក់ ទិញ កញ្ឆាតាមទីសាធារណៈ និងដាំកញ្ឆានៅតាមផ្ទះ។
ចាប់ពីថ្ងៃទី១មេសា២០២៤នេះតទៅ ពលរដ្ឋអាល្លឺម៉ង់ពេញវ័យអាយុចាប់១៨ឆ្នាំឡើងទៅ អាចជក់ អាចមានកញ្ឆាក្នុងហោបៅចំនួន២៥ក្រាម ដោយស្របច្បាប់ នៅតាមទីសាធារណៈ និងដល់ទៅ៥០ក្រាមទុកនៅក្នុងផ្ទះ។ តែសូមប្រយ័ត្ន ត្រូវជក់ឱ្យឆ្ងាយ១០០ម៉ែត្រ ពីរបងសាលារៀន សួនកុមារ និងកន្លែងថ្នើរជើង។ ឯការដាំកញ្ឆាតាមផ្ទះ សម្រាប់បម្រើបម្រាស់ឯកជនវិញ ពលរដ្ឋម្នាក់ៗមានសិទ្ធិដាំបីដើម នៅតាមយ៉ផ្ទះរបស់ខ្លួន។
បើតាមច្បាប់ ការលក់ចែកចាយកញ្ឆា ត្រូវធ្វើឡើងដោយសមាគមក្លឹបកញ្ឆា ដែលអាចលក់កញ្ឆាទៅឱ្យសមាជិកចំនួន យ៉ាងច្រើនបំផុត២៥ក្រាមក្នុងមួយថ្ងៃនិងមិនឱ្យលើស៥០ក្រាមទេក្នុងមួយខែ។ តែសមាគមនេះនឹងមានដំណើរការចាប់ពីថ្ងៃទី១កក្កដា២០២៤តែប៉ុណ្ណោះ។ សម្រាប់ពេលនេះមានតែក្រុមជួញដូរគ្រឿងញៀនទេដែលមានកញ្ឆាលក់។
សម្រាប់រដ្ឋាភិបាល អនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយចំហ ដោយមានច្បាប់គ្រប់គ្រង ជាមធ្យោបាយឃុំគ្រងការប្រើប្រាស់ផង និងជាមធ្យោបាយប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងការជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មគ្រឿងញៀន។ ប៉ុន្តែសម្រាប់ក្រុមប្រឆាំង និងអ្នកជំនាញសុខភាព ការបើកឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ជាដំណឹងគួរឱ្យព្រួយបារម្ភ និងជាហានិភ័យនាំឱ្យមានកំណើនក្មេងជក់កញ្ឆា។ ការជក់កញ្ឆាអាចប៉ះពាល់ខ្លាំងដល់ខួរក្បាល អ្នកមានអាយុក្រោម២៥ឆ្នាំដែលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយ។
ចំណែកភ្នាក់ងារប៉ូលិសត្រូវប្រឈមនឹងស្ថានភាពមានជម្លោះជាមួយប្រជាពលរដ្ឋ ព្រោះច្បាប់មានចែងច្រើន តែមិនទាន់ច្បាស់លាស់។ ការត្រួតពិនិត្យឆែកឆេរ អាចជួបការស្មុគស្មាញខ្លាំង ឬធ្វើមិនកើតតែម្តង។ ខាងអ្នកច្បាប់ និងចៅក្រម ត្រូវសើរើសំណុំរឿងជាង២០ម៉ឺនដែលពាក់ព័ន្ធនឹងកញ្ឆាឡើងវិញ ដើម្បីលុបលាងឬដោះលែងទោស សម្របតាមច្បាប់ថ្មី។ ក្នុងដំណាក់កាលដំបូង ប៉ូលិសនិងតុលាការរងបន្ទុកការងារច្រើនជាងមុនបន្តិច តែយូរទៅការងារនឹងស្រាលវិញ។ នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបញ្ជាក់ថា នយោបាយបង្ក្រាបតឹងរឹង ផ្តល់បន្ទុកដល់ប៉ូលិសនិងរដ្ឋអាជ្ញាច្រើនតែមិនអាចរារាំងមនុស្សឱ្យឈប់ជក់កញ្ឆាទេ គឺមានតែលួចទៅស្វែងរក ពីក្រុមខុសច្បាប់ ហើយជាគ្រឿងញៀនគ្មានគុណភាពទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com