រុស្ស៊ី ចោទមេ IOC សមគំនិតមិនបញ្ចូលអត្តពលិកខ្លួនក្នុងការប្រកួតអូឡាំពិក ប៉ារីស២០២៤
- ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:៣៩ នាទី រសៀល

ប្រទេសរុស្ស៊ី ចោទប្រកាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ថាបានសមគំនិតជាមួយនឹងប្រទេសអ៊ុយក្រែន ក្នុងការហាមឃាត់អត្តពលិករុស្ស៊ីចូលរួមការប្រកួតកីឡាអូឡាំពិករដូវកាលក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។

ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក្រោយពេល ក្រុមអ្នកលេងសៀកបោកបញ្ឆោតរុស្ស៊ី ២នាក់ ដែលគេស្គាល់ឈ្មោះថា Vovan និង Lexus ទម្លាយខ្សែសំឡេងសន្ទនាជាមួយនឹងលោក Thomas Bach ពេលដែលប្រធាន IOC រូបនេះ ត្រូវបានបញ្ឆោតឱ្យជឿថាលោកកំពុងតែជជែកជាមួយនឹងមន្ត្រីកីឡារបស់អាហ្រ្វិក។
សំឡេងសន្ទនានោះ លោក Bach បាននិយាយអំពាវនាថា IOC បានបង្កើតក្រុមពិសេសដើម្បីត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងអ៊ីនធឺណិត ដើម្បីជាការធានាថាអត្តពលិករុស្ស៊ី នឹងមិនពាក់ព័ន្ធក្នុងការផ្សព្វផ្សាយរឿងនយោបាយ គាំទ្រដល់រដ្ឋាភិបាលរុស្ស៊ី នៅ Paris 2024។
«យើងក៏បានផ្តល់ជូនភាគីអ៊ុយក្រែនផងដែរ មិនត្រឹមតែផ្តល់ជូនប៉ុណ្ណោះទេ តែបានស្នើឱ្យពួកគេ ដើម្បីផ្តល់ឱ្យយើងនូវចំណេះដឹងរបស់ពួកគេអំពីអាកប្បកិរិយារបស់អត្តពលិក ឬមន្ត្រីរុស្ស៊ីបែបនេះ។»។ នេះជាសម្តីដែលលោក Bach បាននិយាយជាភាសាអង់គ្លេស តាមរយៈសំឡេងដែលត្រូវបានទម្លាយដោយក្រុមសៀករបស់រុស្ស៊ី។
ព្រោះតែរឿងហេតុនេះ អ្នកស្រី Zakharova បានបង្ហោះលើបណ្តាញសង្គមតេឡេក្រាមចោទប្រកាន់ទៅលើមេ IOC ថាបានគប់គិតជាមួយនឹងអ៊ុយក្រែន និងបានលូកដៃចូលក្នុងបញ្ហានយោបាយ ជាក់ស្តែង។
តាមការបង្ហោះរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយដូច្នេះថា៖«បានចូលទៅក្នុងនយោបាយ-រដ្ឋបាល ហើយជាក់ស្តែង ការឃុបឃិតគ្នាព្រហ្មទណ្ឌជាមួយនឹងភាគីជាក់លាក់មួយ មានន័យថាអ៊ុយក្រែន ដើម្បីដកអ្នកប្រកួតប្រជែងកីឡាខ្លាំងរបស់រុស្ស៊ីពីការប្រកួតអន្តរជាតិ។»។
មិនមានអ្វីខុសប្លែកខ្លាំងឡើយ រវាងទំនាក់ទំនងរបស់រុស្ស៊ី ទល់នឹង IOC បន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាអូឡាំពិកបានដាក់បម្រាមទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី និងបេឡារុស ដោយក្រុមអត្តពលិកត្រូវប្រកួតប្រជែងក្រោមឈ្មោះអព្យាក្រិក ដោយមិនប្រើប្រាស់ទង់ជាតិរុស្ស៊ី និងភ្លេងជាតិរុស្ស៊ីឡើយ។ ការហាមឃាត់ព្រោះតែ ប្រទេសរុស្ស៊ី វាយលុកចូលអ៊ុយក្រែល កាលពីឆ្នាំ ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: