ហុងកុងដាក់កំហិតឲ្យអ្នកស្នើសុំប្តូរភេទ ត្រូវបង្ហាញភស្តុតាងវះកាត់ភេទដោយជោគជ័យ
- ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:៣៩ នាទី ល្ងាច

ទង់ជាតិនិមិត្តរូបនៃអ្នកស្រឡាញ់ភេទដូចគ្នា។ រូបភាពតំណាង ASSOCIATED PRESS - Vincent Yu
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
អាជ្ញាធរហុងកុង ចេញច្បាប់ថ្មីកំហិតឲ្យអ្នកចង់ប្តូរភេទ នៅលើអត្តសញ្ញាណបណ្ណ ត្រូវតែបង្ហាញភស្តុតាងអំពីការវះកាត់ភេទដោយជោគជ័យជាមុនសិន ហើយនិងត្រូវរង់ចាំ រយៈពេល ២ ឆ្នាំក្រោយពីការវះកាត់រួច ទើបអាចមានសិទ្ធិដាក់ពាក្យស្នើសុំប្តូរភេទជាផ្លូវការនៅលើលិខិតស្នាមរដ្ឋបាល។ ការចែងបទដ្ឋានច្បាប់ថ្មីបែបនេះ ត្រូវក្រុមសកម្មជននិងអង្គការសិទ្ធិមនុស្ស អង្អុរមុខរិះគន់ថ្កោលទោសថា ខុសផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយនិងប្រាសចាកឆ្ងាយពីសេចក្តីសម្រេចរបស់តុលាការកំពូលហុងកុង។

បទដ្ឋានច្បាប់ថ្មី ដែល អាជ្ញាធរហុងកុង ប្រកាសដាក់ចេញថ្ងៃពុធ ទី៣មេសា បង្ហាញអំពីការរើសអើងដ៏ធ្ងន់ធ្ងរនិងរំលោភបំពានម្តងហើយម្តងទៀតទៅលើសិទ្ធិមនុស្ស។ នេះបើតាមការអះអាងរបស់ក្រុមសកម្មជនស្រឡាញ់ភេទដូចគ្នា និងបណ្តាអង្គការការពារសិទ្ធិមនុស្សនៅហុងកុង។
ខ្លឹមសារច្បាប់ថ្មីរបស់ហុងកុង តម្រូវឲ្យ បុរស ដែលចង់ដូរភេទ លើអត្តសញ្ញាណបណ្ណនិងលិខិតស្នាមផ្លូវការថាមានភេទស្រី ត្រូវតែឆ្លងកាត់ការវះកាត់អវៈយវៈភេទ កែកាត់ភេទមកជាប្រដាប់ភេទស្រី និងកែបណ្តុះដើមទ្រូង ហើយចាក់អរម៉ូន ឲ្យមានរាងដូចរាងនារីសុទ្ធសាធ។ ចំណែកស្រីៗដែលចង់ស្នើសុំប្តូរភេទធម្មជាតិលើអត្តសញ្ញាណបណ្ណ ថាមានភេទប្រុស ក៏ចាំបាច់ត្រូវវះកាត់ភេទ បណ្តុះលិង្គ និងកែសរីរាង្គកាយដើមទ្រូងដែរ។ បុគ្គលទាំង២ពួកនេះ ត្រូវតែបង្ហាញភស្តុតាងអំពីការវះកាត់នេះ ឲ្យរួចរាល់និងជោគជ័យ នៅមុនពេលដាក់ពាក្យស្នើសុំប្តូរភេទនៅលើលិខិតស្នាមរដ្ឋបាល។ មុននឹងត្រូវដាក់ពាក្យស្នើសុំនោះទៀតសោត ច្បាប់ថ្មីតម្រូវឲ្យរង់ចាំ រយៈពេល ២ ឆ្នាំ ជាមុនសិន ដើម្បីឲ្យធានាថា សរីរាង្គដែលវះកាត់ថ្មីនោះ វាដំណើរការបានដែរឬទេ។
មិនតែប៉ុណ្ណោះ នៅក្នុងទម្រង់បែបបទពាក្យសុំប្តូរភេទនោះ គេត្រូវតែបង្ហាញភស្តុតាងអំពីការធ្វើតេស្តពិនិត្យយកឈាមយ៉ាងញឹកញយ ដើម្បីមើលពីកម្រិតអរម៉ូនជាប្រត្រក្រី។ ករណីផ្លាស់ប្តូរទីតាំងរស់នៅ និងដូរលេខទូរសព្ទ ក្រុមមនុស្សប្តូរភេទ ឬអ្នកស្នើសុំប្តូរភេទទាំងនោះ ត្រូវជូនដំណឹងទៅអាជ្ញាធរចាំបាច់។
មិនតែប៉ុណ្ណោះ នៅក្នុងទម្រង់បែបបទពាក្យសុំប្តូរភេទនោះ គេត្រូវតែបង្ហាញភស្តុតាងអំពីការធ្វើតេស្តពិនិត្យយកឈាមយ៉ាងញឹកញយ ដើម្បីមើលពីកម្រិតអរម៉ូនជាប្រត្រក្រី។ ករណីផ្លាស់ប្តូរទីតាំងរស់នៅ និងដូរលេខទូរសព្ទ ក្រុមមនុស្សប្តូរភេទ ឬអ្នកស្នើសុំប្តូរភេទទាំងនោះ ត្រូវជូនដំណឹងទៅអាជ្ញាធរចាំបាច់។
ក្រសួងអន្តោប្រវេសន៍ហុងកុង ជាអ្នកទទួលបន្ទុកកិច្ចការពិនិត្យសំណុំឯកសារស្នើសុំប្តូរភេទ បានប្រកាសថានឹងចាប់ផ្តើមពិនិត្យពាក្យសុំ ហើយនិងទាក់ទងទៅអ្នកដាក់ពាក្យសុំជាបន្ទាន់បំផុត ដើម្បីបញ្ជាក់អំពីលក្ខខណ្ឌលម្អិត។ អ្នកស្រី Regina Ip អ្នកនយោបាយស្រីហុងកុង លើកឡើងថា ច្បាប់ថ្មីបែបនេះមិនខុសផ្ទុយពីស្មារតីរបស់សេចក្តីសម្រេចរបស់តុលាការកំពូលហុងកុងនោះឡើយ ហើយអ្នកនយោបាយស្រីរូបនេះ ដែលមានជំនោរគាំទ្ររដ្ឋអំណាចចិនប៉េកាំង ថែមទាំងអះអាងទៀតថា ការកម្រិតច្បាប់ឲ្យវះកាត់ប្តូរភេទនេះជាការជឿនលឿនទៅមុខផង។
ផ្ទុយទៅវិញ ក្រុមសកម្មជនសិទ្ធិមនុស្ស បានបញ្ជាក់ក្តីសោកស្តាយជាពន់ពេកចំពោះច្បាប់ថ្មី ដែលរដ្ឋអំណាចហុងកុង បន្តប្រើនយោបាយ រំលោភបំពានសិទ្ធិមនុស្ស ដោយចាត់ទុកថាមនុស្សភេទទី៣ ជាមនុស្សមានបញ្ហាផ្លូវចិត្ត។ ពួកគេបញ្ជាក់ទៀតថា នេះជារឿងមិនអាចទទួលយកបានទាល់តែសោះ ហើយនិងចាត់ទុកថា នេះជាការបំផ្លាញជីវិតឯកជននិងរំលោភលើកិត្តិយសសេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្ស។ ក្រុមសកម្មជនសិទ្ធិមនុស្ស បញ្ជាក់ថានឹងប្តឹងបន្តជាថ្មីទៀតទៅតុលាការកំពូល។ ជាការរំឭក នៅខែកុម្ភៈឆ្នាំ២០២៣ តុលាការកំពូលហុងកុងធ្លាប់បានចេញសាលដីកាម្តងហើយ ដោយសម្រេចថា ការដែលរដ្ឋាភិបាលហុងកុង កំហិតកាតព្វកិច្ចត្រូវវះកាត់ប្តូរភេទ ជាការរំលោភបំពានច្បាប់ធម្មនុញ្ញ។ ក៏ប៉ុន្តែ អាជ្ញាធរហុងកុងហាក់ធ្វើមិនដឹងមិនឮចំពោះសាលដីកានេះ ហើយចេញវិធានការដដែលមកជាថ្មីទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com