«សង្រ្កាន្តប៉ៃលិន» នឹងមានការប្រកួតបវរកញ្ញាមនុស្សចាស់ បាញ់ពពុះសាប៊ូ និងទឹកត្រជាក់
- ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន ប្រកាសរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តប៉ៃលិន» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា ដែលមានកម្មវិធីកម្សាន្តសប្បាយជាច្រើន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន។

មិនខុសពីតាមបណ្ដាខេត្តមួយចំនួនឡើយ ខេត្តប៉ៃលិន ដែលនៅជិតព្រំដែនកម្ពុជា-ថៃ ក៏នឹងរៀបចំព្រឹត្តិការណ៍«សង្រ្កាន្តប៉ៃលិន»ផងដែរ ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
បើតាមរដ្ឋបាលខេត្តប៉ៃលិន ក្នុងព្រឹត្តិការណ៍«សង្រ្កាន្តប៉ៃលិន នឹងមានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ ការតាំងបង្ហាញស្តង់ពិព័រណ៌ កម្មវិធីប្រគំតន្ត្រីខ្នាតធំ និងបាញ់ពពុះសាប៊ូ បាញ់ទឹកត្រជាក់។ ក្រៅពីកម្មវិធីទាំងនេះ ក៏មានការប្រឡងបវរកញ្ញាមនុស្សចាស់ ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ, កម្មវិធីបោះតង់តាមរមណីយដ្ឋាន តំបន់ទេសចរណ៍នានា សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ផងដែរ។

រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
អត្ថបទទាក់ទង
ដើម្បីឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពរីករាយ រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកម្សាន្តនៅខេត្តប៉ៃលិន ឱ្យបានច្រើនកុះករ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានរៀបចំផ្ទះសំណាក់ សណ្ឋាគារទំនើបៗប្រកបដោយផាសុកភាព អាហារដ្ឋានមានអនាម័យល្អ និងតម្លៃសមរម្យ ដល់ភ្ញៀវទេសចរ អាចបោះតង់រាំលេងកម្សាន្ត ដោយធានាការពារសុវត្ថិភាពផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ៕

រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន

រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន

រូបភាពពីរដ្ឋបាលខេត្តប៉ៃលិន
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: