ប្រដាល់គុនខ្មែរ និងប្រឡងចម្រៀង នៅក្នុងព្រឹត្តិការណ៍«កំពង់ស្ពឺសង្ក្រាន្ត»
- ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៣:០៩ នាទី រសៀល

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាសង្រ្កាន្តកំពង់ស្ពឺនៅឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅថ្ងៃទី១៣-១៦ ខែមេសាខាងមុខនេះ នឹងមានព្រឹត្តិការណ៍«កំពង់ស្ពឺសង្ក្រាន្ត» នៅក្នុងខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍«កំពង់ស្ពឺសង្ក្រាន្ត» នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមទាំងការប្រឡងចម្រៀង និងកម្មវិធីប្រដាល់គុនខ្មែរផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍នេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេសផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់។ ព្រឹត្តិការណ៍នេះ សហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ។

រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ
ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំលេងល្បែងប្រជាប្រិយ, កម្មវិធីប្រលងចម្រៀង និងការលេងកម្សាន្តផ្សេងៗ។ ក្រៅពីនេះ មានកម្មវិធីប្រដាល់គុនខ្មែរ និងការប្រគំតន្ត្រីផងដែរ។ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ នៅតាមវត្តអារាមនានា ក៏មានការរៀបចំអបអរបុណ្យចូលឆ្នាំថ្មី និងការលេងល្បែងប្រជាប្រិយដែរ។
អត្ថបទទាក់ទង
រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមលេងកម្សាន្តសប្បាយឱ្យបានច្រើនកុះករ។ សូមបញ្ជាក់ថា នៅថ្ងៃចូលឆ្នាំខាងមុខ រាជធានី-ខេត្តមួយចំនួន ក៏មានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដូចជា សង្រ្កាន្តព្រៃវែង, សង្រ្កាន្តបាត់ដំបង, សង្រ្កាន្តកំពង់ធំ, សៀមរាបសង្រ្កាន្ត, សង្រ្កាន្តវត្តភ្នំ និងសង្រ្កាន្តប៉ៃលិនផងដែរ៕

រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: