លោក បៃឌិន ស្នើមេដឹកនាំអេហ្ស៊ីបនិងកាតាឱ្យជំរុញហាម៉ាស់យល់ព្រមកិច្ចព្រមព្រៀងចំណាប់ខ្មាំង
- ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៣:៣៩ នាទី រសៀល

ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៥ ខែមេសា បានសរសេរសំបុត្រមួយទៅកាន់មេដឹកនាំអេហ្ស៊ីប និងកាតា ដោយជំរុញប្រទេសទាំង២ឱ្យសម្ពាធលើក្រុមហាម៉ាសឱ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល។ លោក បៃឌិន ក៏ទើបទទូចឱ្យអ៊ីស្រាអែលបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញដើម្បីឈានដល់បទឈប់បាញ់ដែរ។

អស់រយៈពេល៦ខែហើយចាប់តាំងពីក្រុមហាម៉ាស់បានលុកលុយអ៊ីស្រាអែលដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១២០០នាក់ និងចាប់ចំណាប់ខ្មាំង២៥០នាក់នាការវាយប្រហារថ្ងៃទី៧ ខែតុលា។ មនុស្សប្រហែល១៣០នាក់នៅតែស្ថិតកណ្ដាប់ក្រុមនេះនៅឡើយ ខណៈអ៊ីស្រាអែលបានឆ្លើយតបវិញដោយសម្លាប់មនុស្សបណ្តាលឱ្យមនុស្សស្លាប់អស់ជាង៣ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងកុមារ។
កិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងសេសសល់នៅ មិនទាន់សម្រេចបាននៅឡើយ បើទោះភាគីពាក់ព័ន្ធប្រឹងប្រែងក្ដី។ អាម៉េរិក អេហ្ស៊ីប និងកាតា នៅតែដើរសម្របសម្រួលជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស់។ បើតាមមន្រ្តីអាម៉េរិក លោកប្រធានាធិបតី ចូ បៃឌិន ថែមទាំងសរសេរជាលក្ខណៈឯកជនមួយទៅកាន់មេដឹកនាំអេហ្ស៊ីប និងកាតាដើម្បីបញ្ចុះបញ្ចូលហាម៉ាសឱ្យទទួលយកកិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែលថែមទៀត។
នៅថ្ងៃទី៨ ខែមេសា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក ក៏នឹងជួបជាមួយសមាជិកគ្រួសារនៃចំណាប់ខ្មាំងប្រហែល១០០នាក់ដែលត្រូវជឿថានៅតែស្ថិតនៅក្នុងតំបន់កាហ្សានៅឡើយ។ លើសពីនេះ នាយកទីភ្នាក់ងារចារកិច្ចកណ្ដាល (CIA) លោក Bill Burns ក៏ធ្វើដំណើរទៅកាន់ទីក្រុងគែរសម្រាប់កិច្ចពិភាក្សានៅចុងសប្តាហ៍នេះអំពីវិបត្តិចំណាប់ខ្មាំងដែរ។
ខណៈដែលវិបត្តិនៅកាហ្សានៅតែធ្ងន់ធ្ងរ ទីក្រុងវ៉ាស៊ីនតោនហាក់ផ្លាស់ប្ដូររបស់ខ្លួនចំពោះអ៊ីស្រាអែល ដោយចាប់ផ្ដើមឱ្យអ៊ីស្រាអែលដោះស្រាយវិបត្តិមនុស្សធម៌។ ការស្លាប់របស់បុគ្គលិកមនុស្សធម៌៧នាក់ រឹតតែធ្វើឱ្យអ៊ីស្រាអែលរងសម្ពាធកាន់តែខ្លាំងឡើង។ អង់គ្លេស និងប៉ូឡូញដែលមានជនជាតិខ្លួនស្លាប់ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល សុទ្ធតែបានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើករណីនេះ។
ក្នុងការសន្ទនាតាមទូរស័ព្ទ៣០នាទីនៅថ្ងៃទី៤ ខែមេសា លោក បៃឌិន ប្រាប់នាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ ចំៗថា គោលនយោបាយរបស់អាម៉េរិកចំពោះអ៊ីស្រាអែល អាស្រ័យលើការការពារជនស៊ីវិល និងបុគ្គលិកផ្ដល់ជំនួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: