វត្តមានបុណ្យភូមិ ធ្វើឱ្យយុវជនកាន់តែស្គាល់ល្បែងប្រជាប្រិយខ្មែរ
  • ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៣:០៩ នាទី រសៀល
វត្តមានបុណ្យភូមិ ធ្វើឱ្យយុវជនកាន់តែស្គាល់ល្បែងប្រជាប្រិយខ្មែរ

ភ្នំពេញ៖ ២០២៤ ជាឆ្នាំទី១១ នៃវត្តមាន​បុណ្យភូមិ ដែលជាព្រឹត្តិការណ៍បង្ហាញពីប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់​ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។ ឆ្នាំនេះ មហោស្រពបុណ្យភូមិ នឹង​ធ្វើ​ឡើង​ពីថ្ងៃទី៥ ដល់ទី៧ ខែ​មេសា ​នៅបរិវេណវត្តព្រែកថ្លឹង ​ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។ កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកបុណ្យភូមិ ប្រាប់សារព័ត៌​មានឌីជីថលថ្មីៗថា វត្តមានបុណ្យភូមិ បានចូលរួមចំណែកធ្វើឱ្យយុវជនខ្មែរ បានស្គាល់ និង​កាន់តែផ្តល់តម្លៃដល់​​ល្បែងប្រជាប្រិយខ្មែរ។ ​
TTN-Free-Banner-In-Article-PC


សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 

កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកបុណ្យភូមិ ប្រាប់សារព័ត៌មានថ្មីៗថា បុណ្យភូមិឆ្នាំនេះ​ រៀបចំឡើងផ្ដោតសំខាន់លើការលេងល្បែងប្រជាប្រិយខ្មែរ និងបង្ហាញទម្រង់សិល្បៈបុរាណ ជាជាងតន្រ្តីសម័យ ដើម្បីបំផុសចលនាយុវជនឱ្យចូលរួមលេងកម្សាន្ត និងបានស្គាល់កាន់​តែច្រើនពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។ 
 
វាយក្អមប្រជាប្រិយចំនួន១១១ក្អម ការសម្ដែងសិល្បៈប្រពៃណី​របស់ជនជាតិដើម​​ភាគ​តិចមកពីខេត្តមណ្ឌលគិរី ទស្សនីយភាពការសម្ដែងល្ខោន យីកេ និងល្បែងប្រជាប្រិយ​ជាច្រើនប្រភេទទៀត នឹងមានវត្តមាននៅបុណ្យភូមិឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹង។
 
«យើង​ឃើញថារយៈពេល១០ឆ្នាំមកនេះ ទាំងវត្តមានបុណ្យភូមិ និងអង្គរសង្រ្កាន្ត បានធ្វើឱ្យ​មានសង្រ្កាន្តនៅតាមទីតាំងផ្សេងៗច្រើន។ ដូចឆ្នាំនេះ យើងឃើញគ្រប់សាលា​ទាំងអស់​សុទ្ធ​តែមានសង្ក្រាន្តតាមកន្លែងផ្សេងៗ​ ដែលជាជោគជ័យមួយសម្រាប់កម្ពុជា​គឺយើងបានប្រារព្ធ​ពិធីអបអរសាទរចូលឆ្នាំខ្មែរគគ្រឹកគគ្រេង»។
 
​ទោះជាព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តាគ្រឹះស្ថានសិក្សា ត្រូវបានប្រារព្ធឡើងកាន់តែច្រើនក៏ដោយ ប៉ុន្តែ កញ្ញា រិទ្ធី លំអរពេជ្រ សង្កេតឃើញថា សកម្មភាព​​លេងល្បែងប្រជាប្រិយខ្មែរ នៅមិនទាន់មានច្រើនឡើយ។ ដូច្នេះទើប ឆ្នាំនេះ​បុណ្យភូមិ ផ្តោតការបង្ហាញខ្លាំងលើការលេងល្បែង​ប្រជាប្រិយខ្មែរ៕

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ