អតីតប្រមុខការទូតអូស្តា្រលី Julie Bishop ជាប្រេសិត UN ថ្មីសម្រាប់បញ្ហាមីយ៉ាន់ម៉ា
  • ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៣៩ នាទី ល្ងាច
អតីតប្រមុខការទូតអូស្តា្រលី Julie Bishop ជាប្រេសិត UN ថ្មីសម្រាប់បញ្ហាមីយ៉ាន់ម៉ា

អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា។ តំណែងទំនេរតាំងខែមិថុនា ឆ្នាំ២០២៣មក។
TTN-Free-Banner-In-Article-PC
 
លោកស្រី Julie Bishop អតីតប្រមុខការទូតអូស្រ្តាលី ដែលបច្ចុប្បន្នជាអធិការបតីនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី នឹងចូលកាន់តួនាទីបេ្រសិតរបស់អង្គការសហប្រជាជាតិ បន្តពីអ្នកការទូតសិង្ហបុរី Noeleen Heyzer ដែលលាលែងពីតំណែង។ បើតាម UN លោកស្រី Bishop មានបទពិសោធទូលាយផ្នែកគោលនយោបាយ ច្បាប់ និងបទពិសោធគ្រប់គ្រងជាន់ខ្ពស់។
 
លោកស្រី Bishop ដែលទទួលយកការតែងតាំងនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានតែងតាំងជាបេសកជនពិសេសនេះ។
 
រដ្ឋមន្ត្រី​​ការ​បរទេសអូស្ត្រាលី​លោកស្រី Penny Wong បាន​ស្វាគមន៍​ចំពោះ​ព័ត៌មានតែងតាំងនេះ។ លោកស្រី Wong និយាយថា​ លោកស្រី Bishop នាំយកបទពិសោធជាច្រើនដល់តួនាទីថ្មីនេះ ហើយការតែងតាំងនេះ ធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយ នៅពេលដែលស្ថានភាពនយោបាយ មនុស្សធម៌ និងសន្តិសុខនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ។
 
«ប្រជាជនមីយ៉ាន់ម៉ានៅតែបន្តបង្ហាញពីការតាំងចិត្តដ៏អស្ចារ្យនៅចំពោះមុខអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយអូស្ត្រាលីនៅតែមានការតាំងចិត្តគាំទ្រចំពោះពួកគេ។» លោកស្រី Wong បញ្ជាក់បែបនេះ ដោយឆ្លៀតបង្ហាញជំហររបសអូស្រ្តាលីដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី Bishop អាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីកសាងលក្ខខណ្ឌសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាពនៅមីយ៉ាន់ម៉ា។
 
មីយ៉ាន់ម៉ា ធ្លាក់ចូលវិបត្តិនយោបាយក្រោយរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ។ បន្ថែមពីលើនេះ ការប៉ះទង្គិចរវាងកងទ័ព និងក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើនក្រុម រុញឱ្យស្ថានភាពក្នុងប្រទេសកាន់តែធ្ងន់ធ្ងរថែមទៀត៕

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា