ស្ថានីយបណ្ដុះកូនឈើ«៨ហិកតា» បណ្ដុះឈើប្រណិតបាន៣ម៉ឺនដើមក្នុងមួយឆ្នាំ
- ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៣:១០ នាទី រសៀល

សៀមរាប៖ ឈើប្រណិតចំនួន៤ប្រភេទ ត្រូវបានរៀបចំនិងបណ្ដុះនៅស្ថានីយមួយឈ្មោះថា ៨ហិកតា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងមួយឆ្នាំ ស្ថានីយមួយនេះបណ្ដុះពូជឈើ ប្រណិតបាន៣ម៉ឺនកូន សម្រាប់ដាំក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែកចាយ។

អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា កញ្ញា ឆេង វុចនា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំស្ថានីយមួយនេះ មានសមត្ថភាពអាចបណ្ដុះកូនឈើបាន៣ម៉ឺនកូន សម្រាប់ទុកដាំក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែកចាយដល់សាធារណជនយកទៅដាំនៅតំបន់ផ្សេងៗ។ កញ្ញាបន្តថា ឈើប្រណិតដែលបណ្ដុះនៅទីនេះ រួមមាន ឈើបេង ឈើធ្នង់ ឈើគ្រញូង និងឈើច្រេស។
តាមពិតទៅ ការបណ្ដុះប្រភេទឈើប្រណិត ដូចនឹងប្រភេទកូនឈើដទៃទៀតដែរប៉ុន្តែមានតែឈើគ្រញូងប៉ុណ្ណោះ ដែលរៀងរើសរដូវបន្ដិច។ ឈើនេះបណ្ដុះ និងលូតលាស់ល្អនារដូវត្រជាក់ ដូច្នេះការបណ្ដុះនារដូវក្ដៅ វាប្រឈមនឹងបញ្ហាមួយចំនួន ដូចជាឆាប់រលួយ និងលូតលាស់មិនសូវល្អ ប្រសិនការថែទាំមិនដិតដល់។ នេះជាការបញ្ជាក់ពីអ្នកជំនាញដើមឈើ កញ្ញា វុចនា។ កញ្ញាបន្តថា កូនឈើគ្រញូងច្រើនបណ្ដុះនៅខែវិច្ឆិកា រហូតដល់ខែមករា ចំណែកឈើបេង ធ្នង់ និងច្រេស ដែលជាប្រភេទឈើប្រណិតដែរនោះ មិនរើសពេលវេលាឡើយ គឺខែណាក៏អាចបណ្ដុះ និងលូតលាស់ល្អដែរ។
ដោយសារជារដូវក្ដៅ ដូច្នេះការថែទាំ និងស្រោចទឹកមានទំហំធំ ដែលទាមទារឱ្យពលករក្នុងស្ថានីយ បូមទឹកស្រោចស្រពច្រើនទ្វេរដង។ ចំណែកប្រភពទឹក មិនមានបញ្ហាអ្វីដែរ ព្រោះមានស្រះទឹកធំនៅក្បែរនោះ។ កញ្ញា វុចនា បញ្ជាក់ថា ទោះរដូវនេះការដាំដុះមានភាពលំបាកខ្លះ តែមិនមានអ្វីរាំងស្ទះដល់ដំណើរការបណ្ដុះកូនឈើក្នុងស្ថានីយឡើយ គឺជារៀងរាល់ឆ្នាំ អាចបណ្ដុះបានពី២ទៅ៣ម៉ឺនកូន ដើម្បីទុកដាំនារដូវវស្សា។ កញ្ញា បន្តថា៖« ការបណ្ដុះនេះ យើងបណ្ដុះច្រើន យើងអាចផ្គត់ផ្គង់ការដាំដុះនៅរដូវវស្សាបាន និងចែកចាយបានគ្រប់គ្រាន់។ ការបណ្ដុះយើងធ្វើជាបន្តបន្ទាប់ មិនឱ្យដាច់ទេ។ យើងមើលស្ថានភាពជាក់ស្ដែង បើសិនឈើបេងបញ្ចេញអស់ច្រើន យើងនឹងបណ្ដុះកូនបេងបន្ថែមទៀត»។
ជាមួយនឹងបញ្ហាអាកាសធាតុ ប្រភេទឈើគ្រញូង ក៏មានបញ្ហាទៅលើរក្សាគ្រាប់ពូជផងដែរ។ ប្រភេទឈើនេះ ពិបាកទុកគ្រាប់បន្ដិច ដោយសារមានសត្វល្អិតស៊ីមកយីយារច្រើន។ ចំណែកការប្រមូលគ្រាប់ពូជឈើប្រណិតវិញ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចាត់ក្រុមការងារចុះប្រមូលនៅតាមតំបន់ខ្លះ ដូចជាបុរីរដ្ឋបាល រដ្ឋបាលខេត្ត និងតាមព្រៃក្នុងតំបន់អង្គរ ឬតាមវត្តជាដើម។
បច្ចុប្បន្ននេះ ក្នុងស្ថានីយបណ្ដុះកូនឈើ៨ហិកតា មានកូនឈើសរុបប្រមាណ៦ម៉ឺនកូន និងគិតជាកម្ពស់ ចាប់ពី៣សង់ទីម៉ែត្រ រហូតដល់២ម៉ែត្រ។ កញ្ញា វុចនា បញ្ជាក់ថា កូនឈើដែលមានកម្ពស់កន្លះម៉ែត្រ គឺត្រូវស្ដង់ដាល្មមដែលអាចបញ្ចេញយកទៅដាំបាន។ ជាមួយគ្នានេះ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះ ចង់ឃើញប្រជាពលរដ្ឋជាច្រើន បន្តចូលរួមដាំកូនឈើជាមួយអាជ្ញាធរឱ្យបានកាន់តែច្រើន ឬក៏អាចស្នើដើម្បីយកទៅដាំបានដោយឥតគិតថ្លៃ។ កញ្ញាយល់ថា ការបន្តធ្វើសកម្មភាពដ៏ប្រពៃនេះ កំពុងជួយភពផែនដីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុផងដែរ។
សូមបញ្ជាក់ថា ស្ថានីយបណ្ដុះកូនឈើទាំង១០របស់អាជ្ញាធរជាតិអប្សរា ដែលកំពុងដើរតួបណ្ដុះកូនឈើចម្រុះទុកដាក់ដាំក្នុងឧទ្យានអង្គរ និងតំបន់ដទៃទៀតរួមមាន ស្ថានីយ៨ហិកតា, បារាយណ៍ខាងលិច, បាលឡុង, មណ្ឌល៣, ភ្នំបាខែង, ស្ពានឈើ, ព្រះខ័ន, អូរក្លូត, ប្រាសាទតាកែវ, អង្គម៉ោល, ក្រាំងក្រូច និងតាសោម។ ក្នុងឆ្នាំ២០២៣កន្លងទៅ ស្ថានីយទាំងនេះបណ្ដុះកូនឈើបានសរុបជាង២២ម៉ឺនកូន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: