អាម៉េរិក បញ្ជាក់សារសំខាន់នៃការសន្ទនាជាមួយចិន ទោះបារម្ភការឧបត្ថម្ភធនក្នុងវិស័យរថយន្តអគ្គិសនី
- ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:៣៩ នាទី យប់

រដ្ឋមន្ត្រីរតនាគារអាមេរិក Janet Yellen បានប្រាប់នាយករដ្ឋមន្ត្រីចិន លី ឈាំង នៅថ្ងៃទី៧ ខែមេសា ថា សមត្ថភាពរបស់អាម៉េរិកនិងចិនក្នុងធ្វើកិច្ចសន្ទនាដ៏លំបាក និងត្រង់ៗ ធ្វើឱ្យទំនាក់ទំនងមហាអំណាចសេដ្ឋកិច្ចទាំងពីរមានស្ថិរភាពជាងមុននាឆ្នាំកន្លងមក។

លោកស្រី Janet Yellen កំពុងធ្វើទស្សនកិច្ចនៅទឹកដីចិន ដើម្បីបន្តកិច្ចសន្ទនារវាងមហាអំណាចទាំង២។ ក្នុងទស្សនកិច្ចនេះ លោកស្រី Yellen លើកឡើងចំៗពីក្ដីបារម្ភរបស់អាម៉េរិកលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនលើក្រុមហ៊ុនអគ្គិសនីចិន ដែលធ្វើឱ្យមានផលិតកម្មលើសរថយន្តអគ្គិសនី និងប៉ះពាល់ក្រុមហ៊ុនអាម៉េរិក។
ក្រោយជួបឧបនាយករដ្ឋមន្រ្តីចិន ហឺ លីហ្វឹង នៅគ័ងចូវ លោកស្រី Yellen ក៏មានជំនួបជាមួយប្រមុខរដ្ឋាភិបាលចិន លី ឈាំង នៅប៉េកាំងនៅថ្ងៃទី៧ ខែមេសា។ មន្រ្តីអាម៉េរិក សង្កត់ពីភាពចាំបាច់ដែលវ៉ាស៊ីនតោន និងប៉េកាំងបន្តកិច្ចសន្ទនាទៀត ដោយសារការជជែកគ្នាកន្លងមក ធ្វើឱ្យទំនាក់ទំនងទ្វេភាគីហាក់ល្អប្រសើរច្រើន ទោះមានបញ្ហាប្រឈមជាច្រើនក្ដី។
តបទៅលោកស្រី Yellen នាយករដ្ឋមន្ត្រីចិន លី ឈាំង ប្រទេសទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក ហើយគួរតែជាដៃគូ មិនមែនជាសត្រូវនោះទេ។ លោក លី ក៏កត់សម្គាល់ពីវឌ្ឍនភាពប្រកបដោយការស្ថាបនាអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ដែរ។
នាជំនួបមហាវិមានប្រជាជន លោកស្រី Yellen ក៏ប្រាប់មេដឹកនាំចិនទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងមានកាតព្វកិច្ចគ្រប់គ្រងទំនាក់ទំនងដ៏ស្មុគស្មាញនេះ ហើយមានរឿងជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាទំនាក់ទំនងទ្វេភាគី។ ទោះមានភាពវិជ្ជមានច្រើនក្នុងការសន្ទនា រដ្ឋមន្រ្តីរតនាគារអាម៉េរិក ក៏ឆ្លៀតបញ្ជាក់ថា ភាគីទាំង២ នៅតែត្រូវដោះស្រាយបញ្ហាខុសគ្នា និងបន្តការសន្ទនាដែលតានតឹងដដែល។
មិនត្រឹមផលិតកម្មរថយន្តអគ្គិសនីទេ អាម៉េរិកក៏បារម្ភពីផលិតកម្មបន្ទះស្រូបពន្លឺព្រះអាទិត្យ និងផលិតផលថាមពលស្អាតផ្សេងទៀតរបស់ចិនដែលមានតម្លៃថោកជាងផលិតផលអាម៉េរិកផ្ទាល់ និងប្រទេសមួយចំនួនទៀត។
បើតាមការព្យាករណ៍របស់ Economist Intelligence Unit សមត្ថភាពផលិតថ្មសម្រាប់រថយន្តរបស់ចិននឹងលើសពីតម្រូវការនៅត្រឹមឆ្នាំ២០២៧ ដោយសារតែការកើនឡើងឧស្សាហកម្មនេះ។ ការគាំទ្ររបស់ទីក្រុងប៉េកាំង ធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកមាន BYD និង Geely ដណ្តើមយកចំណែកនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយប្រែក្លាយចិនទៅជាអ្នកនាំចេញរថយន្តមួយនេះដ៏ធំបំផុតរបស់ពិភពលោកដែរ។
ប៉ុន្តែកំណើនយ៉ាងឆាប់រហ័សនេះ ក៏មានន័យថាចិនបានផលិតរថយន្តអគ្គិសនីលើសដែលអាចមានចន្លោះពី៥ទៅ១០លានគ្រឿងក្នុងមួយឆ្នាំ នេះបើយោងតាមក្រុមហ៊ុនផ្ដល់ប្រឹក្សា Automobility ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: