នាសម័យអង្គរ អរិយធម៌ខ្មែររុងរឿងអស្ចារ្យនៅចន្លោះមហាយក្សឥណ្ឌា និងចិន
- ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:០៩ នាទី យប់

សៀមរាប៖ រមណីយដ្ឋានអង្គរ គឺជារមណីយដ្ឋានដ៏ធំមួយក្នុងលោកដោយលាតសន្ធឹងលើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ។ ផ្ទៃដីនេះ ធំជាងទីក្រុងបារីសប្រទេសបារាំងពីរដង។ លោក អាហ្សេឌីន បេសាអ៊ូច (Azedine Beschaouch) អ្នកជំនាញបេតិកភណ្ឌនៃរមណីយដ្ឋានអង្គរដែលបានធ្វើការក្នុងនាមជាអ្នកជំនាញជូនអាជ្ញាធរជាតិអប្សរាអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ បាននិយាយថា រមណីយដ្ឋានអង្គរ ឬសម័យអង្គរ គឺជាសម័យកាលមួយដ៏អស្ចារ្យរបស់ចក្រភពខ្មែរ។

មិនមែនធំ និងអស្ចារ្យដោយសារតែទំហំផ្ទៃដីប៉ុណ្ណោះទេ។ តែធំ និងអស្ចារ្យដោយសារអរិយធម៌រុងរឿងនាសម័យអាណាចក្រអង្គរ។ លោក អាហ្សេឌីន បេសាអ៊ូច ដែលជាអ្នកប្រវត្តិសាស្រ្ត និងបុរាណវិទូផងនោះ បានរម្លឹកឡើងវិញថា នាសម័យអាណាចក្រអង្គរ ផ្ទៃដីកម្ពុជាលាតសន្ធឹងមួយផ្នែកនៅក្នុងប្រទេសវៀតណាម មួយផ្នែកក្នុងប្រទេសថៃ និងមួយផ្នែកទៀតនៅក្នុងប្រទេសឡាវនាពេលបច្ចុប្បន្ននេះ។
អាណាចក្រខ្មែរនាសម័យអង្គរមានផ្ទៃដីធំ និងអរិយធម៌រុងរឿងខ្លាំងមែនទែន។ តែលោក អាហ្សេឌីន បេសាអ៊ូច កត់សម្គាល់ថា កម្ពុជាកាលនោះស្ថិតនៅចន្លោះប្រទេសធំពីរ គឺប្រទេសឥណ្ឌា និងចិន។ ដោយសារតែភូមិសាស្រ្តនេះហើយ ទើបគេហៅ ប្រទេសវៀតណាម ឡាវ និងកម្ពុជា ថា ជាប្រទេសតំបន់ឥណ្ឌូចិន។ ឥណ្ឌូចិន មានន័យថា ស្ថិតនៅចន្លោះ ឥណ្ឌា និងចិនដែលជាប្រទេសមហាយក្សទាំងទំហំ និងអរិយធម៌។
សម្រាប់លោក អាហ្សេឌីន បេសាអ៊ូច, អាណាចក្រខ្មែរនាសម័យអង្គរពិតជាអស្ចារ្យមែន ពីព្រោះ បើទោះបីជាកម្ពុជាស្ថិតនៅចន្លោះកណ្តាលនៃប្រទេសយក្សទាំងពីរក៏ដោយ ក៏អរិយធម៌រុងរឿងរបស់ខ្មែរអាចស្ថិតនៅគង់វង្សស្ថិតស្ថេរដែរ។ ភាពអស្ចារ្យ និងលក្ខណៈពិសេសនេះ បានជំរុញឲ្យរមណីយដ្ឋានអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌនៃអង្គរការយូណេស្កូកាលពីឆ្នាំ១៩៩២។
សូមអញ្ជើញស្តាប់បទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក អាហ្សេឌីន បេសាអ៊ូច ដូចតទៅ៖
អ្នកសរសេរអត្ថបទ
Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

© រក្សាសិទ្ធិដោយ thmeythmey.com