កម្ពុជា នាំចេញស្រូវ-អង្ករបានចំណូលជាង ៧២៣លានដុល្លារ​ នៅត្រីមាសទី១
  • ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៣:៣៩ នាទី រសៀល
កម្ពុជា នាំចេញស្រូវ-អង្ករបានចំណូលជាង ៧២៣លានដុល្លារ​ នៅត្រីមាសទី១
រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ

នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្គរបានចំនួន ១៦៦ ៤៥១តោន ទៅ​ទី​ផ្សារ​អន្តរជាតិ ដែលគិតជាទឹកប្រាក់ប្រមាណ១២៣លានដុល្លារ។ ក្នុងរយៈ​ពេល​ដូចគ្នា​នេះ កម្ពុជា​ ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងក្នុងបរិមាណ ២ ២២០ ៧២៩ តោន ដែរ ដោយគិតជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លារ។ សរុបទឹកប្រាក់ដែលកម្ពុជាទទួល បានពី​ការនាំចេញស្រូវនិងអង្គរនេះ មានព្រមាណ ៧២៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
TTN-Free-Banner-In-Article-PC
 
កម្ពុជាទទួលបានចំណូល ១២៣លានដុល្លា​ ពីការនាំចេញអង្ករ សរុប ១៦៦ ៤៥១តោន  ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៤។ នេះបើតាមទិន្នន័យ របស់សហព័ន្ធស្រូវអង្កកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា។ 
 
គោលដៅសំខាន់នៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់៥៦​ប្រទេស ក្នុងនោះ ២២​ប្រ​ទេសក្នុងតំបន់អឺរ៉ុប ទទួលទិញ ៧៨ ៦៧៥តោន គិតជា​ទឹក​ប្រាក់​ចំនួន ៦០.៤១លាន​ដុល្លារ, ចិន និងតំបន់ស្វយ័តបញ្ជាទិញ ៤៣ ០៣៩តោន គិតជាទឹកប្រាក់ចំនួន ២៨.១០​លានដុល្លារ, ៦ប្រទេសក្នុងតំបន់អាស៊ានមានចំនួន ២៩ ៧១៩តោន គិតជាទឹកប្រាក់ ២២.០១លានដុល្លារ និង២២ប្រទេសមកពីអាហ្វ្រិក មជ្ឈិមបូព៌ាមានចំនួន ១៥ ០១៨តោន គិតជាទឹកប្រាក់ ១២.៦៩លានដុល្លារ។ 
 
អង្ករក្រអូបគ្រប់ប្រភេទ គ្រប់ដណ្ដប់ការនាំចេញសរុបរហូតដល់៨១ភាគរយ។ ក្រៅពីនោះ ក៏មានអង្ករសធម្មតា, អង្ករចំហ៊ុយ និងអង្ករសរីរាង្គ ផងដែរ។ 
 
ក្នុងរយៈពេលដដែលនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ២ ២២០ ៧២៩ តោន គិតជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លារ ក្នុងនោះ ៧២ភាគរយ ​បានឆ្លងកាត់​ការ​ស្នើ​សុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ 
 
សូមបញ្ជាក់ថា ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារ ពី​ការនាំចេញស្រូវ-អង្ករ៕
 

អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា