នាយករដ្ឋមន្ត្រីចិន សង្ឃឹមថា សហរដ្ឋអាមេរិក-ចិន ធ្វើជាដៃគូសហការគ្នា និងពុំមែនជាសត្រូវ
- ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:៣៩ នាទី ល្ងាច

នៅវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងប្រាប់លោកស្រីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក ដោយក្តីសង្ឃឹមថា សហរដ្ឋអាមេរិក-ចិន ធ្វើជាដៃគូសហការគ្នា និងពុំមែនជាសត្រូវ។ via REUTERS - Tatan Syuflana
ដោយ៖ហេង ឧត្តម /RFI ខេមរភាសារ
សហរដ្ឋអាមេរិក និងមហាយក្សចិន ជាមហាអំណាចសេដ្ឋកិច្ចលេខ១និងលេខ២ កាន់តែពង្រឹងកិច្ចពិភាក្សាសន្ទនាគ្នាជាមួយគ្នា បើទោះបីនៅមានសំណុំរឿងជាច្រើនដែលផ្ទុយខ្វែងគ្នា។ នៅវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៧មេសា លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងប្រាប់លោកស្រីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក ដោយក្តីសង្ឃឹមថា សហរដ្ឋអាមេរិក-ចិន ធ្វើជាដៃគូសហការគ្នា និងពុំមែនជាសត្រូវ។ ពីចំណែកខ្លួន លោកស្រី ចានែត ល្វីស យេលែន សង្កត់ធ្ងន់ប្រាប់ដៃគូសន្ទនាវិញថា មានតែការជជែកគ្នាដោយត្រង់ទៅត្រង់មកនោះទេ ទើបអាចនាំមកនូវភាពរីកចម្រើន។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន នឹងអាចរីកចម្រើនជឿនលឿនទៅមុខបាន អាស្រ័យលើការជជែកសន្ទនាគ្នា ហើយការជជែកគ្នាដែលអាចនាំមកនូវក្តីរីកចម្រើនបាន ទាល់តែសម្តែងភាពស្មោះត្រង់ ត្រង់ទៅទៅមក ហើយនិងភាពបើកចំហចំពោះគ្នានឹងគ្នា។ នេះជាខ្លឹមសារប្រសាសន៍របស់ លោកស្រី ចានែត ល្វីស យេលែន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក ដែលបានប្រាប់នាយករដ្ឋមន្ត្រីចិន លី ឈាំង ដោយបញ្ជាក់ទៀតថា ការនិយាយគ្នាដោយត្រង់និងចំហ មិនពុំមែនបានន័យថា ត្រូវធ្វើមិនដឹងមិនឮចំពោះភាពខុសផ្ទុយខ្វែងគ្នាទេ ឬជៀសវៀងកិច្ចសន្ទនាក្នុងសំណុំរឿងលំបាកៗនោះឡើយ។
ពីចំណែកខ្លួន លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងដោយស្មោះស ថា ភាគីចិនសង្ឃឹមចង់ឃើញដោយស្មោះ ប្រទេសទាំង២ នឹងក្លាយដៃគូសហការគ្នា និងពុំមែនជាសត្រូវនឹងគ្នា។
ចំពោះមុខបញ្ញវន្ត គ្រូបង្រៀន នៅសកលវិទ្យាល័យជាតិប៉េកាំង, លោកស្រីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក បានថ្លែងក្តីរំពឹងចង់ឃើញទស្សនវិស័យនៃការសម្រេចចិត្តនយោបាយក្នុងនៅថ្ងៃនេះ ដែលវានឹងអាចជះឥទ្ធិពលដ៏មានសក្កានុពលវែងឆ្ងាយទៅថ្ងៃមុខ។
លោកស្រី ចានែត ល្វីស យេលែន ជាអ្នកនយោបាយអាមេរិក ជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុ និងដែលត្រូវគេមើលឃើញថាជាមនុស្សប្រាកដនិយម។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ទៅស្រុកចិន ជាលើកទី២នេះ ក៏ជាការសាកល្បងធ្វើតេស្តពីលទ្ធភាពរីកចម្រើននៃទំនាក់ទំនងអាមេរិក-ចិន។ នេះបើតាមអ្នកវិភាគអាមេរិក Ryan Hass នៃក្រុមជញ្ជឹងគិត Brookings Institution ដែលថ្លែងទៅទីភ្នាក់ងារព័ត៌មានបារាំងAFP។
បើតាមលោកស្រីរដ្ឋមន្រ្តី, សហរដ្ឋអាមេរិកនិងចិនមានកាតព្វកិច្ចចូលរួមដោះស្រាយវិបត្តិពិភពលោកប្រកបដោយការទទួលខុសត្រូវ។ ក្នុងន័យនេះ អ្នកទទួលខុសត្រូវអាមេរិកនិងចិន នឹងផ្តើមពិភាក្សាគ្នាក្នុងគណៈកម្មការរួមមួយ ដើម្បីរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងរួមគ្នាបិទផ្តាច់លំហូរប្រាក់ដែលបានមកពីគ្រឿងញៀន ពិសេសគ្រឿងញៀនសំយោគ ហ្វង់តានីល។
ហ្វង់តានីល បានសម្លាប់យុវជនអាមេរិក ប្រមាណ ៧ ម៉ឺននាក់ ក្នុង១ឆ្នាំ។ ពួកគេសុទ្ធសឹងជាមនុស្សពេញកម្លាំងចន្លោះពី ១៨ ទៅ៤៩ឆ្នាំ ស្លាប់ព្រោះប្រើហ្វង់តានីលហួសចំណុះ។ នេះបើតាមទិន្នន័យរបស់អាជ្ញាធរអាមេរិក។
ហ្វង់តានីល បានសម្លាប់យុវជនអាមេរិក ប្រមាណ ៧ ម៉ឺននាក់ ក្នុង១ឆ្នាំ។ ពួកគេសុទ្ធសឹងជាមនុស្សពេញកម្លាំងចន្លោះពី ១៨ ទៅ៤៩ឆ្នាំ ស្លាប់ព្រោះប្រើហ្វង់តានីលហួសចំណុះ។ នេះបើតាមទិន្នន័យរបស់អាជ្ញាធរអាមេរិក។
ម្យ៉ាងវិញទៀត ក្នុងជំនួបជាមួយថ្នាក់ដឹកនាំចិន លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ក៏បានព្រមានក្រុមហ៊ុនចិន កុំឲ្យជួយគាំទ្ររុស្ស៊ីទៅបង្កសង្គ្រាមនៅអ៊ុយក្រែន ពិសេសកុំជួយរុស្ស៊ីក្នុងវិស័យយោធា បើមិនដូច្នោះទេ ចិនច្បាស់ជាជួបផលគ្រោះវិបាកធ្ងន់ធ្ងរ៕
© រក្សាសិទ្ធិដោយ thmeythmey.com