ព្រឹទ្ធចារ្យម្ចាស់ស្រុក មានតួនាទីសំខាន់ក្នុងការដឹកនាំយុវជនឱ្យលេងល្បែងប្រជាប្រិយខ្មែរ
- ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី ព្រឹក

ភ្នំពេញ៖ ការពារ និងអភិរក្សល្បែងប្រជាប្រិយខ្មែរ អ្នកណាក៏អាចលើកយកមកនិយាយបានដែរនៅលើបណ្តាញសង្គម ប៉ុន្តែការអនុវត្តជាក់ស្តែងនៅកម្រិតនៅឡើយ។ បច្ចុប្បន្ន សកម្មភាពលេងល្បែងប្រជាប្រិយខ្មែរនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី មិនសូវផុសផុលនោះទេ នៅតាមភូមិ តាមទីវត្តអារាម។

ពេលវេលាចេះតែដើរទៅមុខ ទំនាក់ទំនង និងសកម្មភាពជួបជុំនៅតាមភូមិស្រុក ត្រូវបានកាត់បន្ថយបន្តិចម្តងៗ ដោយក្រុមយុវជន ត្រូវចេញស្វែងរកចំណេះដឹង និងបំពេញការងារនៅទីឆ្ងាយ ហើយវត្តមានរបស់ពួកគេម្តងៗនៅស្រុកកំណើត គឺជាពេលដែលឆក់កណ្តៀតតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ យុវជន និងកុមារបន្តមានស្រុកពីមួយជំនាន់ទៅមួយជំនាន់ ដូច្នេះចាស់ទុំនៅតាមបណ្តាភូមិស្រុក នៅតែតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹង និងបំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ នៅតាមភូមិ និងវត្តអារាម នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី។
ចាស់ទុំជាច្រើន យល់ដឹង និងស្គាល់ល្បែងប្រជាប្រិយខ្មែរច្បាស់ ជាពិសេសរបៀបលេងដែលត្រូវតាមក្បួនខ្នាត។ កម្មវិធីដែលដឹកនាំដោយចាស់ព្រឹទ្ធាចារ្យ ពិតជាអាចទាក់ទាញការចូលរួមពីបណ្តាយុវជន ហើយយុវជនមួយចំនួនដែលមិននៅស្រុកកំណើតជាប់លាប់ ក៏អាចចូលរួមជាកម្លាំង និងថវិកា ក្នុងការរៀបចំទៅតាមលទ្ធភាពរបស់ខ្លួន។

អារម្ភបទ របស់សៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ពដោយ ពុទ្ធសាសនបណ្ឌិត្យ នាឆ្នាំ ១៩៦៤ បានសរសេរថា៖ «ការដែលពុំបានចារឹកល្បែងរបស់ខ្មែរទុកជាឯកសារនោះ នាំឱ្យល្បែងខ្មែរពុំអាចមានអាយុយឺនយូរតទៅបាន ហើយថែមទាំងឥទ្ធិពលនៃល្បែងបរទេស ចេះតែចូលមកច្រៀតជ្រែកគ្របសង្កត់ផងទៀត ល្បែងខ្មែរ ក៏រឹតតែសាបរលាបបន្តិចម្ដងៗ។»
គណៈកម្មការរៀបចំសៀវភៅ បានដឹងរៀបរាប់ពីផលលំបាកក្នុងការចងក្រងឯកសារល្បែងប្រជាប្រិយខ្មែរ ប៉ុន្តែការខិតខំ ក្នុងន័យខ្លាចបាត់បង់ បានធ្វើឱ្យសមាជិកនិពន្ធទាំងអស់ សម្រេចបានស្នាដៃមួយ ទុកជាឯកសារ ដល់យុវជនជំនាន់ក្រោយ។ នាឆ្នាំ១៩៦៤ ពួកគាត់ បានដឹងថា ល្បែងប្រជាប្រិយខ្មែរ នឹងសាបរលាប ហើយជាក់ស្ដែង នាពេលបច្ចុប្បន្ន ល្បែងប្រជាប្រិយខ្មែរ បានបាត់ពីភ្នែកយុវជនភាគច្រើនទៅហើយ។
នៅពេលសាកសួរយុវជនមួយចំនួនអំពីល្បែងប្រជាប្រិយខ្មែរ និងឱ្យពួកគាត់រាប់។ អ្នកខ្លះ រាប់បានតែ៣ ទៅ៥ ប៉ុណ្ណោះ ហើយពួកគាត់ សុទ្ធតែបញ្ជាក់ថា មិនបានលេងល្បែងប្រជាប្រិយយូរមកហើយ។ យុវជនទាំងនោះ ជាអ្នកស្រុកស្រែចម្ការ ដែលសុទ្ធតែធ្លាប់លេងល្បែងប្រជាប្រិយខ្មែរកាលនៅកុមារផងដែរ។ ចុះទម្រាំអ្នករស់នៅភ្នំពេញ តើគាត់ស្គាល់ល្បែងប្រជាប្រិយខ្មែរ ប៉ុន្មាន? តើពួកគាត់បានលេងល្បែងប្រជាប្រិយខ្មែរច្រើនដែរឬទេ?

សៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» ដែលបោះពុម្ពនៅឆ្នាំ១៩៦៤ លើកឡើងពីល្បែងប្រជាប្រិយខ្មែរចំនួន២២ ក្នុងនោះ រួមមាន ល្បែងស្ដេចចង់ ឬអៀវ, ឈូង, ចាប់កូនខ្លែង, លោតអន្ទាក់, លាក់កន្សែង, ឱបត្រឡាច, ប្រជល់មាន់, គ្របមាន់, បិទពួន, អង្គញ់, គោះពព្លាក់ ឬទះពព្លាក់, គោះត្រឡោក, សី, ទាញព្រ័ត្រ, កូនគោល, រាវបង្កង, ចោះប្រមាត់, បាយខុំ, លាក់កូនកាស, លាក់ធ្យូង, ប៉ក់ចាប និង ល្បែង ចត្រង្គ។
តាមពិតទៅ ល្បែងប្រជាប្រិយរបស់ខ្មែរ មានច្រើនជាងនេះ ប៉ុន្តែនៅតាមតំបន់នីមួយៗ ពលរដ្ឋនិយមលេងល្បែងប្រជាប្រិយមួយចំនួនប៉ុណ្ណោះ ដូចជា ចោលឈូង លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ ស្ដេចចង់ ជាដើម។
«សង្ក្រាន្ត» ដែលរៀបចំនៅតាមបណ្តារាជធានី-ខេត្ត នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាបានទាក់ទាញ និងបំផុសចលនាលេងល្បែងប្រជាប្រិយក្នុងឱកាសនៃការអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប៉ុន្តែស្របពេលជាមួយគ្នា ការលេងជះទឹក បាចទឹក ប៉ាតម្សៅ ហាក់ដូចជាមានសន្ទុះខ្លាំងជាង។

យុវជន ពេញនិយមលើការប្រើប្រាស់កាំភ្លើងបាញ់ទឹក ដែលនាំចូលមកពីប្រទេសជិតខាង។ ពួកគេ បានលេងសប្បាយ ប៉ុន្តែពួកគេ ក៏បានចំណាយថវិកាច្រើន ទិញកាំភ្លើងបាញ់ទឹកដែលនាំចូលពីបរទេសផងដែរ។ ចុះបើយើងនាំគ្នាលេងល្បែងប្រជាប្រិយគ្រប់គ្នា ហើយទិញសម្ភារៈរបស់ខ្មែរ នោះ មានន័យថា យើងក៏រួមចំណែកជួយផ្ដល់ចំណូលដល់ពលរដ្ឋខ្មែរ ក៏ដូចជាចូលរួមអភិរក្សល្បែងប្រជាប្រិយខ្មែរ ថែមទៀតផង។ យើងមិនអាចគាំទ្រខ្មែរ និងបញ្ចេញមតិយោបល់ឱ្យគាំទ្រ អភិរក្សអ្វីៗរបស់ខ្មែរ តែលើបណ្ដាញសង្គមនោះទេ។
សរុបមក ចាស់ព្រឹទ្ធាចារ្យនៅតាមភូមិ និងវត្តអារាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ឡើងវិញគ្រប់ៗទីកន្លែង។ ចាស់ៗ ជាអ្នកនាំផ្លូវយុវជន ហើយយុវជន ត្រូវចូលរួមគ្រប់ៗគ្នា ដើម្បីឱ្យល្បែងប្រជាប្រិយ ដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរ រស់ជារៀងរហូត៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: