ពន្លឺភ្លើងមិនគ្រប់ ជាបញ្ហាថ្មីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយបំពាក់កៅអីបង្អែករួចរាល់
- ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:១៩ នាទី យប់

រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កៅអីផ្អែក ចំនួន២៥០០០ នៅក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក បានបំពាក់រួចរាល់ ដោយប្រើប្រាស់ជំនួយថវិការពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ចំនួន ៤៩៨៧៥០ដុល្លា។ មានកៅអីបង្អែកស្របតាមគោលការណ៍ FIFA ហើយ ប៉ុន្តែលោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន អះអាងថាអំពូលភ្លើងមិនគ្រប់គ្រាន់ក្នុងកីឡដ្ឋាន បានក្លាយជាបញ្ហាចោទ សម្រាប់ការធ្វើជាម្ចាស់ផ្ទះប្រកួតកម្រិត FIFA។

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ សហព័ន្ធបាល់ទាត់កម្ពុជា (FFC) និង AFF បានធ្វើពិធីប្រគល់កៅអីបង្អែកខ្នងចំនួន២៥០០០ ទៅក្រសួងអប់រំ យុវជន និងកីឡា។ លោក ខៀវ សាម៉េត ប្រធាន AFF និងជាអនុប្រធាន FFC អស់បារម្ភពីបញ្ហាកៅអីទៀតតហើយ ប៉ុន្ដែបែជាបារម្ភចំពោះបញ្ហាភ្លើង មិនគ្រប់គ្រាន់ សម្រាប់ការប្រកួតអន្ដរជាតិនានា នៅពេលយប់។
ប្រធានរូបនេះ បានលើកយកបទពិសោធន៍ មកថ្លែងក្នុងពិធីនោះថា មានប្រទេស២ ក្នុងតំបន់អាស៊ានឈ្លោះគ្នាចំពោះការធ្វើជាម្ចាស់ផ្ទះ ប្រកួតបាល់ទាត់ជើងឯកអាស៊ាន នាចុងឆ្នាំ២០២៤នេះ។ លោក ខៀវ សាម៉េត មិនបានបញ្ចេញឈ្មោះប្រទេសឡើយ ប៉ុន្ដែគ្រាន់តែបញ្ជាក់ថា សមាជិកទាំងនោះ ស្នើឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

កៅអីនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
«អ្វី ដែលខ្ញុំបារម្ភ គឺបញ្ហាភ្លើង ព្រោះមានប្រទេសខ្លះមានបញ្ហាជំពោះបញ្ហាភ្លើង ហើយក៏មានគេស្នើឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះដែរ។ បញ្ហាភ្លើង គឺពន្លឺភ្លើងយើងមិនគ្រប់។ ខាងក្រសួងពាក់ព័ន្ធ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោះស្រាយចំពោះបញ្ហានេះ។ កាលណាភ្លើងយើងមិនគ្រប់ ហើយលេងពេលយប់ គឺវាលំបាក ហើយគុណភាពនៃការផ្សាយក៏មិនបានល្អ។»។ លោក ខៀវ សាម៉េត បាននិយាយដូច្នេះ។
គួរបញ្ជាក់ផងដែរថា ការបំពាក់នេះ ត្រូវបានចាប់ផ្ដើមធ្វើពីខែមករា និងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤។ ដោយឡែក កៅអីបំពាក់នោះ មានចំនួន២៥០០០ នៅតំបន់ ដែលគ្មានដំបូល។
ចំណែកតំបន់ VIP ដែលមានដំបូល កៅអីមានស្រាប់ ចំនួន៥០០០។ សរុប ទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក អាចផ្ទុកមនុស្សបានចំនួន ៣០០០០នាក់៕
ចំណែកតំបន់ VIP ដែលមានដំបូល កៅអីមានស្រាប់ ចំនួន៥០០០។ សរុប ទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក អាចផ្ទុកមនុស្សបានចំនួន ៣០០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: