ប្រធានសមាគម៖ វិស័យធនាគារកម្ពុជា ឈានទៅរករបត់នៃកំណើនមួយប្រកបដោយនិរន្តរភាព
- ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៤:០០ នាទី រសៀល

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា។ រូបថត៖ ABC
៣០ឆ្នាំចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ នេះជាការលើកឡើងរបស់ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារធនាគារនៅកម្ពុជា ដែលបញ្ជាក់ថា ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ៨៤,៣ពាន់លានដុល្លារ ស្នើនឹង២៦៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅត្រឹមដំណាច់ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឥណទានអតិថិជនកើនដល់៥៧,៦ពាន់លានដុល្លារ ដែលមានទំហំជាង១៨០ភាគរយ នៃផ.ស.ស ដោយមានប្រជាជនប្រើប្រាស់ ប្រមាណ៣,៨លានគណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ពាន់លានដុល្លារ ដែលមានប្រមាណ១៨,៦លានគណនី។
«លទ្ធផលទាំងនេះបានបញ្ជាក់ឱ្យឃើញពីវិស័យធនាគារ និងហិរញ្ញវត្ថុ កំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០»។ លោក រ័ត្ន សោភ័ណ បានថ្លែងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០មេសា។ លោកបានអះអាងទៀតថា វិស័យធនាគារ គឺជាវិស័យមួយអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅកម្ពុជា ក៏ដូចជាក្រឹត្យក្រមរបាយការណ៍ហិរញ្ញវត្ថុ កម្រិតថ្នាក់ជាតិ-អន្តរជាតិ និងជាវិស័យដ៏ចម្បងមួយ បានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន។
រយៈពេល៣ទសវត្សមកនេះ វិស័យធនាគារបានជួបបញ្ហាប្រឈម និងឧបសគ្គជាច្រើនយ៉ាងក្តី ដូចជា វិបត្តិសេដ្ឋកិច្ចនៅអាស៊ី វិបត្តិហិរញ្ញវត្ថុសកល ជំងឺកូវីដ-១៩ ផលប៉ះពាល់ពីសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងអតិផរណា...ជាដើម។ ទោះយ៉ាងណាក៏ដោយ លោក រ័ត្ន សោភ័ណ មើលឃើញពីដំណើរអភិវឌ្ឍន៍របស់សមាគមធនាគារ គឺពោរពេញទៅដោយភាពជឿជាក់ ភាពរឹងមាំ ក្នុងការរួមចំណែករក្សានូវសិ្ថរភាពនៃប្រព័ន្ធធនាគារ រួមជាមួយនឹងកំណើននៃវិស័យធនាគារ ដែលសម្រេចបានគួរជាទីមោទនក្នុងពេលសព្វថ្ងៃនេះ។
លោក សោភ័ណ បានរំលឹកពីការបង្កើតសមាគមធនាគារនៅកម្ពុជា នៅឆ្នាំក្នុង១៩៩៤ គឺមានគ្រឹះស្ថានធនាគារទាំងជាង១០ប៉ុណ្ណោះជាសមាជិក ក្រោមគោលដៅរួមកម្លាំងដោះស្រាយបញ្ហារួម ការអភិវឌ្ឍការការពារផលប្រយោជន៍រួម សម្រាប់វិស័យធនាគារទាំងមូល។ ចន្លោះឆ្នាំ១៩៩៤-២០០៤ សមាគមបានជួបកត្តាប្រឈមជាច្រើនទាំងក្នុងស្រុក និងនៅក្នុងតំបន់ ជាពិសេសវិបត្តិសេដ្ឋកិច្ចនៅអាស៊ីក្នុងឆ្នាំ ១៩៩៧។

បើតាមលោក សោភ័ណ បញ្ហាប្រឈមក្នុងស្រុកនាគ្រានោះ គឺដោយសារប្រជាជនភាគច្រើននៅមិនទាន់ស្គាល់ មិនទាន់ទុកចិត្ត និងមិនទាន់ប្រើប្រាស់សេវាធនាគារនៅឡើយ។ រីឯ ធនាគារនីមួយៗនៅតូច និងខ្វះធនធានបុគ្គលិក។ រហូតដល់ឆ្នាំ១៩៩៤ នៅកម្ពុជាមានគ្រឹះស្ថានធនាគារ១០ប៉ុណ្ណោះ ហើយបានកើនឡើង១៨គ្រឹះស្ថាននៅត្រឹមឆ្នាំ២០០៤ ខណៈមុខងាររបស់សមាគមធនាគារ ក៏នៅមានកម្រិត។ ទាំងនោះ ជាបញ្ហាប្រឈមក្នុងការជួយគាំទ្រសមាជិកធនាគារ និងចូលរួមពង្រឹងប្រព័ន្ធធនាគារឲ្យបានរឹងមាំ។ ជាងនេះទៅទៀត ប្រតិបត្តិការប្រព័ន្ធធនាគារនាពេលនោះ ធ្វើឡើងតែក្នុងរង្វង់គ្រឹះស្ថានខ្លួនឯង និងមិនមានប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងវិស័យទាំងមូល ព្រោះតែខ្វះនូវព័ត៌មានជាច្រើន ជាហេតុនាំឱ្យមានការលំបាកក្នុងការវាយតម្លៃពីសុខុមាលភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ។
ពីឆ្នាំ២០០៤-២០១៤ មុខព្រួញចម្បងរបស់ប្រព័ន្ធហិរញ្ញវត្ថុ មានភាពប្រសើរឡើង នូវការប្រើប្រាស់សេវាហិរញ្ញវត្ថុជនបទ ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងដំណើរឆ្ពោះទៅរកសេវាហិរញ្ញវត្ថុផ្លូវការ។ ជាមួយគ្នានេះ ប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទានក៏ត្រូវបានរៀបចំឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់។ លើសនេះ សមាគមធនាគារ ក៏បានចូលរួមបង្កើតការិយាល័យឥណទានកម្ពុជា (Credit Bureau of Cambodia ( CBC) នៅឆ្នាំ២០១២ ដើម្បីជួយឱ្យទីផ្សារឥណទានធនាគារមានតម្លាភាព និងប្រសិទ្ធភាព។
ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញដល់ធនាគារិក(បុគ្គលិកធនាគារ) សមាគមក៏បានបង្កើតវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (Institute of Banking & Finance - IBF) សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់បុគ្គលិកធនាគារនីមួយៗ ផងដែរ។ សមាគមចូលរួមលើកកម្ពស់វិស័យធនាគាររបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ តាមរយៈការចូលជាសមាជិកធនាគារអាស៊ាន (ASEAN Banks Association) និងសមាជិកសមាគមផ្សេងៗទៀត។
គិតត្រឹមឆ្នាំ២០១៤ ចំនួនធនាគារពាណិជ្ជនៅកម្ពុជាមាន៣៦គ្រឹះស្ថាន, ធនាគារឯកទេសមាន១១គ្រឹះស្ថាន, មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើមាន៣២ និងប្រតិបត្តិការឥណទានជនបទមាន៣៨។ ក្នុងឆ្នាំនោះ ឥណទានសរុបក្នុងគ្រឹះធនាគារ និងហិរញ្ញវត្ថុមាន ជាង១១,៤ពាន់លានដុល្លារ(អតិថិជន២,២លាននាក់) និងប្រាក់បញ្ញើក្នុងគ្រឹះធនាគារ និងហិរញ្ញវត្ថុ មានជាង ១០,៧ពាន់លានដុល្លារជាមួយអតិថិជន(៣,៣លាននាក់)។
របាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០១៤ ចំនួនប្រជាជនពេញវ័យ ដែលទទួលបានសេវាហិរញ្ញវត្ថុបានកើនឡើងពី១៩ភាគរយទៅដល់៤២ភាគរយ។ ប្រព័ន្ធធនាគារត្រូវបានទទួលស្គាល់ថា បានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានពង្រីកសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយដល់សាធារជននៅតាមជនបទ។ លោកប្រធានសមាគមធនាគារបញ្ជាក់ថា កត្តាទាំងអស់នោះហើយដែលបានធ្វើឱ្យវិស័យធនាគារនៅកម្ពុជា បន្តរីកចម្រើនទាំងវិសាលភាព ទាំងទំហំប្រតិបត្តិការ និងទាំងផលិតផលសេវាហិរញ្ញវត្ថុថ្មីៗ។
ចាប់ពីឆ្នាំ២០២០មកទល់បច្ចុប្បន្ន សមាគមធនាគារនៅកម្ពុជា បន្តពង្រីកវិសាលភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ នូវការពង្រីកការអនុវត្តមុខងារឱ្យបានពេញលេញដល់សមាជិក និងក្លាយជាដៃគូសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ-អន្តរជាតិ។ ក្នុងនោះ សមាគមបានចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់វិស័យធនាគារ និងហិរញ្ញវត្ថុតាមរយៈការបង្កើតក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ(Banking & Financial Institutions’ Code of Conduct), ការធ្វើបច្ចុប្បន្នភាពនូវវិធានឥណទាន (Lending Guidelines) និងការដាក់ឲ្យអនុវត្តស្តង់ដារកិច្ចសន្យាឥណទាន(Standard Loan Contracts) រួមទាំងការអនុវត្តយន្តការដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជន...ជាដើម ។

តបតាមការរីកចម្រើនឥតឈប់ឈរនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារ បានបង្កើតគណៈកម្មាធិការបន្ថែមទៀត ដើម្បីគាំទ្រដល់សមាជិករបស់ខ្លួន រួមមាន គណៈកម្មាធិការរៀបចំកម្មវិធីប្រចាំឆ្នាំ, គណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាព និងក្រុមការងារវិស័យរដ្ឋ-ឯកជន «ង» ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ។
បើតាមលោក រ័ត្ន សោភ័ណ គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់យុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការទទួលបានសេវាធានារ៉ាប់រង និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ។
ក្រៅតែពីអ្វីខាងលើដែលសមាគមប្រឹងប្រែងធ្វើក្នុងរយៈពេល៣០ឆ្នាំមក ដើម្បីភាពរីកចម្រើននៃវិស័យធនាគារ លោក រ័ត្ន សោភ័ណ ដែលជាប្រធានសមាគមធនាគារនៅកម្ពុជាក្នុងអាណត្តិថ្មីឆ្នាំ២០២៤-២០២៥ បានប្តេជ្ញាដឹកនាំសមាគមឱ្យកាន់ប្រសើរក្នុងកម្រិតមួយទៀត ជុំវិញចក្ខុវិស័យទាំង៤របស់ខ្លួន។
ក្នុងនោះ លោក រ័ត្ន សោភ័ណ ប្តេជ្ញាបង្កើនសមត្ថភាព និងកិច្ចការអភិបាលកិច្ចនៃសមាគមធនាគារនៅកម្ពុជា។ ជាពិសេសលេខាធិការដ្ឋានសមាគម ដើម្បីបំពេញតួនាទីជាសេនាធិការប្រកបដោយប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព គាំទ្រដល់ក្រុមប្រឹក្សា គណៈកម្មការនានា ក៏ដូចជាសមាជិកសមាគមទាំងអស់។ លោក នឹងជំរុញប្រតិបត្តិធនាគារប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃដែលបង្កើនទំនុកចិត្តពីសាធារណជន និងបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការរីកចម្រើន នៃវិស័យធនាគារ ដែលគាំទ្រដល់កំណើននិងស្ថិរភាពសេដ្ឋកិច្ច។
លោក ប្រធានសមាគមធនាគារនៅកម្ពុជា នឹងលើកកម្ពស់សមត្ថភាពធនាគារិកលើជំនាញ បច្ចេកទេសឧត្តមភាពវិជ្ជាជីវៈ ជាមួយភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌។ ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ នឹងគាំទ្រកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធធនាគារ និងប្រព័ន្ធអេកូស៊ីស្តែម លើសពីធនាគារបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលនៅក្នុងវិស័យធនាគារ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពជាតិ ប្រកបដោយបរិយាបន្ន និងចីរភាព។
លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកសមាគមធនាគារនៅកម្ពុជា ក្នុងការបំពេញមុខងាររបស់ខ្លួន និងសម្រេចបាននូវលទ្ធផលនូវរយៈពេល៣០ឆ្នាំកន្លងមកនេះ។ លោកស្រី ជា សិរី បាននិយាយថា៖ «ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធធនាគារ គឺបានបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា»៕

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ ABC
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: