ក្រសួងកសិកម្ម នឹងរៀបចំកម្មវិធីប្រកួតកែច្នៃគ្រាប់ស្វាយចន្ទី នៅខែឧសភា
- ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៥:១៩ នាទី ល្ងាច

ភ្នំពេញ៖ នាយកដ្ឋានដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធី ប្រឡប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ ដែលគ្រោងធ្វើឡើងនាអំឡុងខែឧសភា នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។ កម្មវិធីនេះ ទទួលបានការគាំទ្រពីអង្គការ GIZ និងក្រុមហ៊ុន Tropicam។

បើតាមនាយកដ្ឋានដ្ឋានកសិឧស្សាហកម្ម នៅថ្ងៃទី១០ ខែមេសា ការបង្កើតកម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយ និងស្វែងរកសហគ្រិនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមបំផុត ប្រកបដោយគុណភាព សុវត្ថិភាព រួមទាំងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ។ ការប្រកួតប្រជែងនេះ ក៏ជាផ្នែកមួយលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងភាពសម្បូរបែបនៃផលិតផលកែច្នៃពីគ្រាប់ស្វាយចន្ទី ដែលវាជាគន្លឹះអាចឲ្យសហគ្រិនកែច្នៃគ្រាប់ស្វាយចន្ទីផ្សេងទៀត ស្វែងយល់ និងកែលម្អផលិតផល ឬបច្ចេកទេសរបស់ពួកគេ។
កម្មវិធីប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីនេះ ត្រូវបានវាយតម្លៃ និងផ្ដល់ពិន្ទុពីគណៈកម្មាធិការឆ្នើមៗជាច្រើនរូប ផ្ដោតសំខាន់លើ ការចងក្រងក្រុមផលិតដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម តាមរយៈយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម, បច្ចេកទេសនៃការកែច្នៃគ្រាប់ស្វាយចន្ទី, ការច្នៃប្រឌិតផលិតផល, ដំណើរការអាជីវកម្ម និងការវាយតម្លៃលើបុគ្គលិកលក្ខណៈផ្សេងៗទៀត។ ជាការរំពឹងទុក កម្មវិធីនេះអាចទទួលបានការចូលរួមពីសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ទាំងខ្នាតតូច មធ្យម និងធំចំនួន៤០។
គោលនយោបាយជាតិគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២២-២០២៧ បានកំណត់ទិសដៅលើកកម្ពស់ផលិតភាពកែច្នៃ និងទីផ្សារគ្រាប់ស្វាយចន្ទី ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាប្រទេសកម្ពុជាកំពូលក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅក្នុងតំបន់ និងពិភពលោក។
កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំមួយក្នុងចំណោមប្រទេស១០នៅលើពិភពលោក និងបានឈរលេខ១ ជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេក្នុងបរិមាណ១,១៨០,០០០តោន កាលពីឆ្នា២០២១។ ខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង មណ្ឌលគិរី និងត្បូងឃ្មុំ។
ដ្បិតផលិតបានច្រើន ប៉ុន្តែ៩០ទៅ៩៥ភាគរយ នៃផលិតផលគ្រាប់ស្វាយចន្ទីទាំងអស់នោះ ត្រូវបាននាំចេញទៅវៀតណាមជាវត្ថុធាតុដើម ហើយមាននៅសល់តែ៥ទៅ១០ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃនៅក្នុងប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: