កម្ពុជា សង្ឃឹមអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប លើវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម ថាមពល...
- ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(ស្តាំ) និងលោក Igor Driesmans (ឆ្វេង) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
កម្ពុជា មានសុទិដ្ឋិនិយមថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១២ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅចុងខែមេសានេះ នឹងផ្តល់ឱកាសឱ្យ ភាគីទាំងពីរ ពង្រីកបានកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្តានុពលជាច្រើន។ វិស័យសក្តានុពលទាំងនោះ មានដូចជាពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការអប់រំ និងការអភិវឌ្ឍធនធាន មនុស្ស ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយនៅថ្ងៃទី១១ មេសា។

ការបង្ហាញជំនឿចិត្តបែបនេះ គឺធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសម រវាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា និងលោកហ្គោរ៍ ឌីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១០ មេសា។

សេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងទៀតថា ក្នុងជំនួបនេះ លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថាថ្លែងអំណរគុណ ដែលអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុប និងដៃគូ បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្តារប្រទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ។ «ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុប បានរីកចម្រើនយ៉ាង រឹងមាំ ដោយផ្អែកលើភាពជាដៃគូយូរអង្វែង មានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ។»។ លោក សុខ ចិន្តាសោភា បញ្ជាក់ដូច្នេះ។
ក្រៅពីប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com