បារាំងរងបណ្តឹងនៅអ.ស.ប.ពីបទមិនប្រយុទ្ធប្រឆាំងនឹងការត្រួតពិនិត្យមនុស្សបែបរើសអើង
- ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:២៩ នាទី យប់

ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
បារាំងរងបណ្តឹងនៅអ.ស.ប.ពីបទមិនប្រយុទ្ធប្រឆាំងនឹងការត្រួតពិនិត្យមនុស្សបែបរើសអើង AFP - DAMIEN MEYER ជាមួយនឹងការបរិហារបារាំងថាមិនបញ្ចេញសកម្មភាពប្រយុទ្ធប្រឆាំងនឹងការចាប់ឆែកមនុស្សដោយគ្រាន់តែឃើញឥរិយាបថនិងសម្បករូបរាងខាងក្រៅ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលបាននាំគ្នាដាក់ពាក្យបណ្តឹងនៅថ្ងៃទី១១មេសានេះទៅអង្គការសហប្រជាជាតិ។ សមាគមចំនួន៥ និងអង្គការក្រៅរដ្ឋាភិបាលរបស់បារាំងនិងអន្តរជាតិ មានជាអាទិ៍អង្គការHuman Rights Watchផង ចង់បានសេចក្តីបំភ្លឺថាអ្វីទៅជាមូលហេតុនាំឱ្យប៉ូលិសបារាំងបំពេញការងារបែបរើងអើង។

សម្រេចចាប់ឆែក ដោយផ្អែកលើឥរិយាបថ មុខមាត់ រូបរាង ខាងក្រៅរបស់មនុស្ស អាចត្រូវបានគេចាត់ទុកជាទង្វើត្រួតពិនិត្យបែបរើសអើងប្រកាន់ពូជសាសន៍ពណ៌សម្បុរ។ កាលពីខែតុលាឆ្នាំទៅ បារាំងធ្លាប់បានទទួលស្គាល់ថាពិតជាមានករណីកងកម្លាំងមានសមត្ថកិច្ចចាប់ឆែកឆេររកអត្តសញ្ញាណបែបនេះមែននៅលើទឹកដីបារាំង ប៉ុន្តែគ្មានចាត់វិធានការអ្វីទប់ស្កាត់សោះ។ នេះបើតាមពាក្យបរិហាររបស់អង្គការAmnesty International France Human Rights Watch ព្រមទាំងសមាគមនិងអង្គការក្រៅរដ្ឋាភិបាល៥ផ្សេងទៀត។
ហេតុដូច្នេះហើយបានជាសមាគមនិងអង្គការក្រៅរដ្ឋាភិបាលប្តឹងទៅគណៈកម្មាធិការលុបបំបាត់ការរើងអើងពូជសាសន៍របស់អង្គការសហប្រជាជាតិ ឱ្យទទួលស្គាល់ថាបារាំងបានប្រព្រឹត្តជាស្វ័យប្រវត្តិការត្រួតពិនិត្យដោយសំអាងលើសម្បកក្រៅ និងឱ្យរដ្ឋាភិបាលបារាំងពន្យល់អំពីវិធានការសម្រាប់ឈានទៅបញ្ឈប់សកម្មភាពឆែកឆេរបែបរើងអើង។
គ្មានចំណាត់ការចាំបាច់ មានន័យថារដ្ឋបារាំងមិនគោរពកាតព្វកិច្ច និងសន្ធិសញ្ញាអន្តរជាតិនានា រាប់ទាំងសន្ធិសញ្ញាអន្តរជាតិលុបបំបាត់រាល់គ្រប់ទម្រង់នៃការរើសអើងពូជសាសន៍ ដែលបារាំងបានចុះហត្ថលេខាកាលពីឆ្នាំ១៩៧១។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាលជាម្ចាស់បណ្តឹងដដែល។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបារាំងធ្លាប់រងការថ្កោលទោសជាច្រើនលើកច្រើនសាមកហើយ ទាក់ទងនឹងសំណុំរឿងនេះ។ កាសែតក្នុងស្រុកក៏បានចុះផ្សាយព័ត៌មាន បញ្ជាក់ពីករណីឆែកឆេរមនុស្សដោយការរើសអើងមុខមាត់ តុលាការយុត្តិធម៌អឺរ៉ុប ឬស្ថាប័នសិទ្ធិមនុស្ស ស្ថាប័នអង្គការសហប្រជាជាតិ បានបរិហារ បានអំពាវនាវឱ្យបារាំងបញ្ឈប់សកម្មភាព ចាប់ឆែកមនុស្សដោយការរើងអើងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com