ឆ្នាំ២០២៤ មិនមាន«អង្គរសង្រ្កាន្ត» តែសង្រ្កាន្តតាមសាលា តាមវត្ត តាមភូមិស្រុក និងខេត្ត រីកដូចផ្សិត
- ថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

ភ្នំពេញ៖ ចាប់ពីចុងខែមីនាមក ព្រឹត្តិការណ៍សង្រ្កាន្តតូចធំ ហាក់បង្ហាញវត្តមានច្រើនខុសពីឆ្នាំមុនៗ។ ឆ្នាំនេះ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ត» ដែលតែងតែប្រារព្ធនៅទឹកដីខេត្តសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ មិនមានទៀតនោះឡើយ។ ទោះបី«អង្គរសង្រ្កាន្ត»លែងមានវត្តមានក្តី តែព្រឹត្តិការណ៍សង្រ្កាន្តតាមវិទ្យាល័យ តាមវត្តអារាម តាមភូមិ ឃុំ ស្រុក ខេត្ត និងរាជធានី ត្រូវបានរៀបចំជាហូរហែ ក្នុងរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ដែលកកើតនៅឆ្នាំ២០១៣ បានបញ្ឈប់សកម្មភាពរៀបចំរបស់ខ្លួន នៅឆ្នាំ២០២៤។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ តាមពិតទៅគោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងស្រលាញ់អ្វីដែលជារបស់ខ្មែរ។
ទោះមិនមាន«អង្គរសង្ក្រាន្ត» តែស្មារតីនៃការបង្កើតព្រឹត្តិការណ៍សង្រ្កាន្តនៅតាមសាលារៀន តាមវត្ត តាមភូមិ ឃុំ ស្រុក ខណ្ឌ និងខេត្ត ក្នុងឆ្នាំនេះ មានភាពអ៊ូអរ និងផុសផុសជាងឆ្នាំមុនៗ។ នេះជាចលនាមួយ នៃការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងបង្កើតភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ នៅតាមបណ្ដារាជធានី-ខេត្ត។
សង្រ្កាន្តនៅតាមរាជធានី-ខេត្ត ផ្ដល់ភាពរីករាយដល់ពលរដ្ឋ និងទេសចរ
មិនខុសពីឆ្នាំកន្លងទៅឡើយ នៅតាមរាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា សុទ្ធតែរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត នៅថ្ងៃចូលឆ្នាំថ្មី ដើម្បីផ្ដល់ភាពរីករាយដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រាជធានី-ខេត្តខ្លះ ដាក់ឈ្មោះថា «ព្រឹត្តិការណ៍សង្រ្កាន្ត» និងខេត្តខ្លះ ដាក់ឈ្មោះថា «កម្មវិធីកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី»។


ការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីកម្សាន្តទាំងនេះ បង្ហាញពីការចូលរួម និងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តនីមួយៗ ជាពិសេសការរៀបចំសោភ័ណភាព និងភាពទាក់ទាញរបស់រាជធានី-ខេត្ត។ លើសពីការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីកម្សាន្តនេះ ក៏ជាផ្នែកមួយក្នុងការបង្ហាញពីភាពលេចធ្លោរបស់បណ្ដារាជធានី-ខេត្តផងដែរ។
នៅតាមបណ្ដារាជធានី-ខេត្តនីមួយៗ ខិតខំប្រឹងប្រែងរៀបចំតុបតែង ដើម្បីទាក់ចិត្តទេសចរ និងពលរដ្ឋឱ្យទៅកម្សាន្ត។ រាជធានីភ្នំពេញវិញ បានធ្វើរូបសត្វនាគពីឫស្សី នៅរមណីយដ្ឋានវត្តភ្នំ សម្រាប់«សង្រ្កាន្តវត្តភ្នំ»។ ដោយឡែកខេត្តសៀមរាប ដែលជាខេត្តសម្បូរទេសចរ បានដាក់ពាងទឹកជាច្រើន ត្រៀមក្នុងកម្មវិធីតំបន់ត្រជាក់ចិត្ត។

រូបនាគធ្វើពីឫស្សី ក្នុងសង្រ្កាន្តវត្តភ្នំ
ក្រៅពីនេះ ខេត្តបាត់ដំបង ក៏មិនធម្មតាដែរ។ «សង្រ្កាន្តបាត់ដំបង» នឹងមានទុរេនយក្ស ចាប៉ីដងវែង និងណែមយក្ស ជាពិសេសកម្មវិធីកម្សាន្តសប្បាយជាច្រើន។ នៅជិតបាត់ដំបង គឺខេត្តប៉ៃលិន និងបន្ទាយមានជ័យ សុទ្ធតែមានកម្មវិធីសប្បាយ មិនខុសពីខេត្តបាត់ដំបងឡើយ ជាពិសេសមានការបាញ់ពពុះសាប៊ូផងដែរ។
បើក្រឡេកទៅមើលខេត្តព្រៃវែងវិញ បានដាក់បញ្ចូលការប្រកួតអុកចត្រង្គ និងការប្រកួតបវរកញ្ញាវ័យចំណាស់ និងស្រីស្រស់ប្រុសស្អាត។ ចំណែកខេត្តភាគឦសាន រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ក៏មានកម្មវិធីសង្រ្កាន្តផងដែរ។ និយាយជារួមកម្មវិធីទាំងនេះ មានគ្រប់រាជធានី-ខេត្ត និងគ្រប់កម្មវិធីទាំងអស់ មានបញ្ចូលល្បែងប្រជាប្រិយ ការសម្ដែងសិល្បៈខ្មែរ។
សង្រ្កាន្តតាមវត្តអារាម និងតាមភូមិ ឃុំ ស្រុក ថែរក្សាវប្បធម៌ និងបង្ហាញសាមគ្គីភាព
ងាកមកមើលនៅតាមវត្តអារាម តាមភូមិ ឃុំ សង្កាត់ ស្រុកវិញ ហាក់មិនធំដូចព្រឹត្តិការណ៍តាមខេត្តទេ តែបានបង្កើតបរិយាកាសរីករាយ និងសាមគ្គីភាព។ នៅតាមវត្តអារាមភាគច្រើន បានរៀបចំតុបតែងរួចរាល់ មិនថាការត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី និងរៀបចំបរិវេណវត្ត អមដោយសម្ភារខ្មែរច្រើន។


រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
រីឯតាមភូមិ ឃុំ សង្កាត់ ស្រុកខ្លះ មេភូមិ មេឃុំ បានរៃប្រាក់ពីប្រជាពលរដ្ឋ ឬអ្នកលក់ដូរ ដើម្បីមករៀបចំកម្មវិធី ញ៉ាំងឱ្យមានភាពសប្បាយ។ ការកើតមានសង្រ្កាន្តនៅតាមវត្ត តាមភូមិ ឃុំ សង្កាត់ ស្រុកនេះ ជាការដាស់ស្មារតីពលរដ្ឋម្នាក់ៗ ឱ្យចេះសាមគ្គីគ្នា និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណីខ្មែរ ជាពិសេសប្រមែប្រមូលញាតិមិត្តមកលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តតាមចង្វាក់ខ្មែរ នាខែចូលឆ្នាំ។
ក្នុងកម្មវិធីនេះ គេសង្កេតឃើញថា ក្រៅពីមានកម្មវិធីកម្សាន្តសប្បាយ ក៏មានកម្មវិធីស្រង់ព្រះ ឬស្រង់ទឹក ដល់ចាស់ព្រឹទ្ធាចារ្យផងដែរ។ លើសពីនេះ វាជាចរន្តនៃការបង្កើតឱ្យមានភាពអ៊ូអរនៅតាមវត្ត តាមភូមិ និងបង្កើនសេដ្ឋកិច្ច ដល់ពលរដ្ឋក្នុងមូលដ្ឋានជាដើម។
សង្រ្កាន្តតាមសាលារៀន លើកតម្កើងល្បែងប្រជាប្រិយខ្មែរដល់សិស្សនិស្សិត
ក្រៅពីតាមខេត្ត ស្រុក ឃុំ ភូមិ វត្ត បានរៀបចំព្រឹត្តិការណ៍ នៅតាមសាលារៀនជាច្រើន ដែលបង្រៀនពីកម្រិតបឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ មិនថានៅភ្នំពេញ និងតាមបណ្ដាខេត្តនោះទេ សុទ្ធតែបានរៀបចំកម្មវិធីសង្រ្កាន្ត។ គ្រឹះស្ថានអប់រំខ្លះរៀបចំ២ថ្ងៃ ឬ៣ថ្ងៃ ទៅតាមកម្មវិធីនីមួយៗ។

រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
ក្នុងសង្រ្កាន្តតាមសាលារៀននេះ មានកម្មវិធីមិនច្រើន ដូចសង្រ្កាន្តតាមបណ្ដាខេត្តនោះទេ ប៉ុន្តែបានបញ្រ្ជាបនូវវប្បធម៌ ប្រពៃណី ដូចជា ការលេងល្បែងប្រជាប្រិយ ការសូត្រមន្តលើករាសី ការរាប់បាត្រដល់ព្រះសង្ឃជាដើម។ ទោះបីក្នុងកម្មវិធីនេះ មិនមានការកម្សាន្តច្រើន តែការចូលរួមលេងល្បែងប្រជាប្រិយរបស់សិស្សនិស្សិតទោះតិចក្ដីច្រើនក្ដី ក៏ជាការចូលរួមលើកតម្កើងល្បែងប្រជាប្រិយខ្មែរផងដែរ។
ប្រសិនបើមិនមានការបង្កើតព្រឹត្តិការណ៍បែបនេះ សិស្សនិស្សិតយុវជន ក៏មិនមានឱកាសបានលេងល្បែងប្រជាប្រិយដែរ ខណៈវប្បធម៌មួយនេះ កំពុងប្រឈមបាត់បង់បន្តិចម្ដងៗ ។ តែយ៉ាងណា យុវជនគ្រប់រូប ត្រូវមានស្មារតីជាតិនិយម និងមិនត្រូវផុងខ្លួន ចាប់យកវប្បធម៌បរទេស ភ្លេចវប្បធម៌ខ្មែរឡើយ។ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាការលើកតម្កើងវប្បធម៌ ប្រពៃណីខ្មែរ៕

រូបភាពពីរដ្ឋបាលខេត្តកំពត

រូបភាពពីរដ្ឋបាលខេត្តកែប

រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ

រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: