UN មិនឯកភាពគ្នាក្នុងការផ្ដល់សមាជិកភាពសម្រាប់ប៉ាឡេស្ទីន
- ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:០០ នាទី ល្ងាច

រូបភាព AP
គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលកំពុងពិចារណាលើ ពាក្យស្នើសុំរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកមួយនេះ មិនទាន់ ទទួលបានការសម្រេចជាឯកច្ឆ័ន្ទនោះទេ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការ UN ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែមេសា។

គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងថា អាជ្ញាធរប៉ាឡេស្ទីននៅតែត្រូវបានរំពឹងនឹងជំរុញក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសឱ្យបោះឆ្នោតនៅដើមសប្តាហ៍នេះលើសេចក្តីព្រាងដែល ផ្តល់អនុសាសន៍ឱ្យក្លាយជាសមាជិកពេញលេញនៃស្ថាប័នពិភពលោកមួយនេះ។ សមាជិក ភាពបែបនេះនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រកបដោយប្រសិទ្ធភាពដែលប៉ាឡេស្ទីនបច្ចុប្បន្នមិនមែនជារដ្ឋសមាជិកតែត្រឹមជាអ្នកសង្កេតការណ៍។
យ៉ាងណាមិញ ពាក្យស្នើសុំចូលជាសមាជិកពេញសិទ្ធិរបស់ UN ត្រូវតែអនុម័តដោយក្រុមប្រឹក្សាសន្តិសុខដែលអ៊ីស្រាអែលជាសម្ព័ន្ធមិត្តអាម៉េរិកអាចជំរុញឱ្យរារាំងសំណើនេះបាន។ បន្ថែមពីនេះ សមាជិកភាពត្រូវការការអនុម័តយ៉ាងតិចពីរភាគបីនៃមហាសន្និបាត UN ។
«ទាក់ទងនឹងបញ្ហាថា ពាក្យស្នើសុំបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់សមាជិក ភាពឬយ៉ាងណា...គណៈកម្មាធិការមិនអាចផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទដល់ក្រុមប្រឹក្សាសន្តិសុខបានទេ»។ គណៈកម្មាធិការលើកឡើងក្នុងរបាយការណ៍ខាងលើបែបនេះដោយបន្ថែមថា ពួកគេបង្ហាញពីទស្សនៈផ្សេងៗគ្នា។
អាម៉េរិកកាលពីដើមខែមេសាធ្លាប់សម្គាល់ថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យគួរតែកើតឡើង តាមរយៈការចរចាដោយផ្ទាល់រវាងភាគីនានា និងមិនមែននៅUN នោះឡើយ។
ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តជាយូរយារមកហើយនូវចក្ខុវិស័យនៃរដ្ឋពីរដែលរស់នៅ ក្បែរគ្នាក្នុងព្រំដែនដែលមានសុវត្ថិភាព និងត្រូវបានទទួលស្គាល់។ ប៉ាឡេស្ទីន ចង់បានរដ្ឋមួយ នៅ West Bank ខាងកើត Jerusalem និងកាហ្សាស្ទ្រីបដែលជាទឹកដីទាំងអស់ដែលអ៊ីស្រាអែល បានក្ដោបយកក្នុងឆ្នាំ ១៩៦៧។
គួរបញ្ជាក់ថា ការជំរុញរបស់ប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញនៅ UN កើតឡើង បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា ហើយខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅ នៅតំបន់ West Bank ដែលខ្លួនកាន់កាប់៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ