ទូកទៅ កំពង់នៅ! អតីតនិស្សិត​​ សាធារណជន សោកស្ដាយការបាត់បង់លោក សំបូរ មាណ្ណារ៉ា
  • ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ១១:២០ នាទី ព្រឹក
ទូកទៅ កំពង់នៅ! អតីតនិស្សិត​​ សាធារណជន សោកស្ដាយការបាត់បង់លោក សំបូរ មាណ្ណារ៉ា

នាព្រលឹមថ្ងៃទី២០មេសានេះ មានការចែកចាយនូវរូបភាពលោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ ដែល​ទទួល​មរណភាពក្នុង​ជន្មាយុ ៦៧ឆ្នាំ ដោយ​រោគាពាធ នៅលើ​ទំព័រហ្វេសប៊ុក​។ ក្រោយសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ ទទួល​មរណភាព ព្រះសង្ឃ អតីតនិស្សិត និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយចំនួន សម្ដែងក្ដី​ស្រណោះ និង​សោកស្ដាយ ចំពោះការ​បាត់បង់ធនធានមនុស្សដ៏ឆ្នើម​មួយរូបរបស់​កម្ពុជា។
TTN-Free-Banner-In-Article-PC
ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ​ជា​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ដែល​មាន​ឈ្មោះ​ដ៏​ល្បីល្បាញខាង​អប់រំផ្លូវចិត្ត បាន​ចូលរួម​រំលែកទុក្ខ និងសូម​ឱ្យ​លោក​​ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព។ ព្រះអង្គមានសង្ឃដីកាថា៖«យើងបានបាត់បង់បង់ធនធានមនុស្សដ៏ល្អកម្ររកបានលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកប្រវត្តិសាស្ត្រ អ្នកដាស់តឿនយុវជនឱ្យមានស្មារតីស្រលាញ់ជាតិ»។



ជាមួយគ្នានេះ អ្នកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​បង្ហោះ​សារ​ចូលរួម​មរណទុក្ខ​ដល់​លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា​ ដោយភ្ជាប់ជាមួយរូបភាពដែលអ្នកស្រីបានទៅ​សួរសុខទុក្ខលោកសាស្ត្រាចារ្យរូបនេះ កាលពីថ្ងៃទី​១៨ ខែមេសា ផងដែរ។​ 
 
អ្នកស្រី ចក់ សុភាព  ដែលជាអតីតសិស្សរបស់លោក សំបូរ មាណ្ណារ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះ៖«លោកគ្រូលែងឈឺចាប់ហើយ​ (ពេលជួបលោកគ្រូ​ លោកគ្រូបង្ហាញអាការៈឈឺចាប់មុខរបួសវះ​ ឈឺកនិយាយខ្សាយៗ​ សរសៃដៃឡើងខ្មៅ​...)ដែលអាការៈទាំងនេះ​ កូនសិស្សយល់ច្បាស់ ព្រោះមានសាច់ញាតិជិតដិតឆ្លងជំងឺនេះរួចហើយមក។​ តែក្នុងសភាពនេះក្តី​ លោកគ្រូនៅតែប្រឹងនិយាយជាមួយកូនសិស្សម្នាក់នេះ​។ លោកគ្រូថែមផ្តាំថា​ មើលថែឪពុកកូនឱ្យបានល្អ»។
 


រីឯលោក សា ឌីណា អ្នក​ប្រើប្រាស់​បណ្ដាញសង្គម និង​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍ វប្បធម៌ បាន​សោកស្ដាយចំពោះការ​បាត់បង់​លោក សំបូរ មាណ្ណារ៉ា។ លោក ឌីណា បានចែករំលែកសារបែបនេះ៖«លោកគ្រូ គឺជាបញ្ញវន្តខ្មែរមួយរូបប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺផ្លូវដល់កូនខ្មែរ តាមរយៈការបណ្តុះស្មារតីស្នេហាជាតិ និងស្គាល់ពីតម្លៃនៃវប្បធម៌ប្រវត្តិសាស្ត្រខ្មែរ។ សូមដួងវិញ្ញាណក្ខន្ធលោកគ្រូអញ្ញើញទៅកាន់ទីឋានបរមសុខ»។

ក្រៅពីនេះ ក៏​មាន​សាធារណជនជាច្រើនបាន​ចូលរួម​រំលែកទុក្ខ និង​ស្តាយស្រណោះចំពោះ​ការ​ទទួល​មរណភាព​របស់​សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងវប្បធម៌ម្នាក់ ដែល​បាន​បណ្ដុះ​សីលធម៌​ដល់​និស្សិត និងកូនខ្មែរ។លើសពីនេះ លោក សំបូរ មាណ្ណារ៉ា តែងតែ​ចំណាយពេលវេលាចែករំលែកពុទ្ធិដល់សាធារណជន​តាមរយៈ​បណ្ដាញសង្គម កាសែត វិទ្យុ និង​ទូរទស្សន៍ ដែល​ធ្វើឱ្យ​សាធារណជនជាច្រើន​ស្គាល់លោក។
អត្ថបទទាក់ទង
 
សូម​បញ្ជាក់​ថា លោក សំបូរ មាណ្ណារ៉ា ​សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២០ មេសា ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យកាល់ម៉ែត។ សពរបស់លោក នឹងតម្កល់ធ្វើ​បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕​

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ