សម្ដេច ហ៊ុន សែន៖«មរណភាពរបស់លោក សំបូរ មាណ្ណារ៉ា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិ»
  • ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ១២:០០ នាទី រសៀល
សម្ដេច ហ៊ុន សែន៖«មរណភាពរបស់លោក សំបូរ មាណ្ណារ៉ា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិ»
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន

សម្ដេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាព បាន​ផ្ញើសារ​ចូលរួ​ម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត ដែល​ទទួល​មរណភាពកាលពីព្រឹក​មិញ។ បើតាម​សម្ដេច ហ៊ុន សែន មរណភាពរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។
TTN-Free-Banner-In-Article-PC
ក្នុងសារ​រំលែកទុក្ខដែល​ផ្ញើទៅ​កាន់លោកស្រី អ៊ុំ ផារ៉ាន់ ភរិយា​លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សម្ដេច ហ៊ុន សែន បាន​បង្ហាញ​សេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងមរណភាពនេះ។ សម្ដេច ហ៊ុន សែន ចាត់ទុកការ​បាត់បង់​លោក សំបូរ មាណ្ណារ៉ា ជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
 

រូបភាពពីហ្វេសប៊ុកលោក សំបូរ មាណ្ណារ៉ា

លើសពីនេះ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖«មរណភាពរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក»។
 
Relate 
គួរជម្រាបថា លោក សំបូរ មាណ្ណារ៉ា បាន​បម្រើការ​ងារក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​មកហើយ។ សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្តរូបនេះ ខិតខំ​បង្ហាត់បង្រៀន និងចែករំលែកចំណេះដឹងពីប្រវត្តិសាស្រ្តវប្បធម៌ខ្មែរ ដល់និស្សិត​ និង​សាធារណជនជាច្រើននាក់។
 
លោក សំបូរ មាណ្ណារ៉ា ​ បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៤ ក្នុង​ជន្មាយុ ៦៧ឆ្នាំ ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យកាល់ម៉ែត។ សពរបស់លោក នឹងតម្កល់ធ្វើ​បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
 
 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ (Nhek Sreyleak)