អ្នកស្រី រ៉ែន គឹមយ៉េង៖ បន្លែក្នុងផ្ទះសំណាញ់ ងាយដាំ និងបានផលច្រើន
  • ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៩:០០ នាទី ព្រឹក
អ្នកស្រី រ៉ែន គឹមយ៉េង៖ បន្លែក្នុងផ្ទះសំណាញ់ ងាយដាំ និងបានផលច្រើន

អ្នកស្រី រ៉ែន គឹមយ៉េង បានងាកមកដាំដំណាំក្នុងផ្ទះសំណាញ់វិញ ក្រោយពីដាំដំណាំលើដីធម្មតាមិនសូវបានផលច្រើន។ កសិករនៅខេត្តកំពង់ធំរូបនេះ បានលើកសរសើរថា ការដាំបន្លែក្នុងផ្ទះសំណាញ់មានភាពងាយស្រួល មិនពិបាកថែទាំ ថែមទាំងទទួលបានផលច្រើនទៀតផង។
TTN-Free-Banner-In-Article-PC
   
អ្នកស្រី រ៉ែន គឹមយ៉េង ជាកសិករនៅភូមិនាងល្អ បានដាំបន្លែក្នុងផ្ទះសំណាញ់រយៈពេល៤ខែ លើផ្ទៃដីប្រមាណ១៥០ម៉ែត្រ។ ក្នុងផ្ទះសំណាញ់របស់អ្នកស្រី គឹមយ៉េង​ មានបន្លែជាច្រើនរួមមាន ត្រកួន ខាត់ណា ស្ពៃក្រញញ់ ជីវ៉ាន់ស៊ុយ និងសាឡដជាដើម។ 


 
អ្នកស្រី រ៉ែន គឹមយ៉េង បានទទួលផ្ទះសំណាញ់ពីអង្គការ Hellen Keller ក្រោមគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ»។ កសិករវ័យ​ជាង៤០ឆ្នាំរូបនេះ បានឱ្យដឹងថា ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ បានកាត់បន្ថយផលប៉ះពាល់ពីសត្វល្អិត មាន់-ទា ជួយបង្កើនទិន្នផល និងប្រាក់ចំណូលទៀងទាត់។ អ្នកស្រី គឹមយ៉េង បានរៀបរាប់ដូច្នេះ៖​«ពេលមានផ្ទះសំណាញ់ ខ្ញុំដាំបន្លែបានល្អជាងមុន។​ វាគ្របជិត អត់មានមាន់ទាចូលបានទេ ។ យើងដាំបានទាំងរដូវប្រាំង និងវស្សា បានផលល្អដូចគ្នា»។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី គឹមយ៉េង  បានរៀបរាប់ថា អ្នកស្រីធ្លាប់ដាំបន្លែលើដីធម្មតារយៈពេលជាង១០ឆ្នាំ តែបានផលតិចជាងដាំក្នុងផ្ទះសំណាញ់ ដោយសារបន្លែមិនសូវល្អ និងខ្វះបច្ចេកទេសដាំដុះ ។ «លើកមុនខ្ញុំដាំបន្លែលើដីជាមួយដើមស្វាយ ១-២ ហិកតា តែពិបាកដាំបន្លែអត់ល្អ លក់មិនបានប៉ុន្មានទេ»។ នេះជាការអះអាងរបស់អ្នកស្រី គឹមយ៉េង។  
 


ថ្វីដ្បិតការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានផលច្រើន តែការដាំដុះត្រូវប្រើទឹកច្រើនជាងដាំបន្លែធម្មតា។ តែយ៉ាងណា អ្នកស្រីគឹមយ៉េង មានទឹកអណ្ដូងជីកខ្លួនឯង ទើបមិនចំណាយច្រើនលើការប្រើទឹកស្រោចដំណាំ។ 
 
កសិកររូបនេះមិនអាចប្រៀបធៀបទិន្នផលរវាងការដាំបន្លែធម្មតា និងការដាំក្នុងផ្ទះសំណាញ់បានទេ ប៉ុន្តែរយៈពេល៤ខែមកនេះ អ្នកស្រី គឹមយ៉េង អាចរកចំណូលបាន៦០-៧០ម៉ឺនរៀលក្នុងមួយខែ ខណៈពេលដាំបន្លែធម្មតាអ្នកស្រីលក់មិនសូវបានចំណូលច្រើនបែបនេះឡើយ ដោយសារតែបន្លែមិនសូវល្អ៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន (OU Sokmean)