គំនូរបុរាណនៅវត្តរាជបូណ៌ ជាសម្បត្តិបេតិកភណ្ឌជាតិ
  • ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៤០ នាទី ល្ងាច
គំនូរបុរាណនៅវត្តរាជបូណ៌ ជាសម្បត្តិបេតិកភណ្ឌជាតិ

សៀមរាប៖ វត្តរាជបូណ៌ (wat bo) ជាអារាមព្រះពុទ្ធសាសនាមួយ ដ៏ល្បីល្បាញប្រចាំខេត្តសៀមរាប។ វត្តនេះ មានអាយុកាលប្រមាណ ៥០០ឆ្នាំមកហើយ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលគំនូរបុរាណ ១៥៧ផ្ទាំងនេះ ក្រោមការឧបត្ថម្ភថវិកាពី រដ្ឋាភិបាលឥណ្ឌា។
TTN-Free-Banner-In-Article-PC
វត្តរាជបូណ៌ មានព្រះវិហារចំណាស់មួយ ដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ដ៏ល្អវិចិត្រ នៅលើជញ្ជាំងខាងក្នុង។ ចំណែកនៅលើបង្អួច ក៏មានចម្លាក់លៀនដកស្រង់ពីរឿងរាមកេរិ៍្តដ៏រស់រវើកដូចគ្នា។ អាជ្ញាធរជាតិអប្សរា ចាត់ទុកគំនូរបុរាណនេះ ជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ។ 
 
បើតាមអាជ្ញាធរជាតិអប្សរា គំនូរបុរាណនេះ ត្រូវបានខូចខាតច្រើន ដោយសារកត្តាអាយុកាល សត្វស្លាប និងរំញ័រដី។ គំនូរទាំងនេះ មានសភាពទ្រុឌទ្រោមប្រឈមនឹងហានិភ័យខ្ពស់ ហើយដែលត្រូវចាំបាច់មានការជួសជុល អភិរក្សឱ្យទាន់ពេលវេលា។
 
«គំនូរបុរាណនេះ ត្រូវបានអ្នកជំនាញជនជាតិបារាំង សនិដ្ឋានថា ត្រូវបានគូរចន្លោះសតវត្សរិ៍ទី១៩ អំឡុងឆ្នាំ១៩២០ ដោយវិចិត្រករជនជាតិខ្មែរ។» នេះបើតាមលោក រ៉ូ សុវណ្ណដារដ្ឋ មន្រ្តីអភិរក្សនៃអាជ្ញាធរជាតិអប្សរា។ អ្នកជំនាញអភិរក្សរូបនេះ បន្ថែមថា គំនូរបុរាណនេះ មិនមានឯកសារច្រើននោះទេ។ 
 
លោក រ៉ូ សុវណ្ណដារដ្ឋ បានបញ្ជាក់ថា អ្នកជំនាញជនជាតិបរទេស និងក្រុមការងារជួសជុល យល់ថា ពណ៌គំនូរដ៏ល្អនេះ ត្រូវបានធ្វើចេញពីធម្មជាតិ ដែលមានដើមឈើ និងស្លឹកឈើផ្សេងៗ​ ដើម្បីបង្កើតបានជាពណ៌ដ៏ល្អ។ ក្រុមការងារអភិរក្ស សង្កេតឃើញថា អ្នកគូរគំនូនេះ ពិតជាមានចំណេះដឹង និងជំនាញច្បាស់លាស់ផ្នែកគំនូរ។ 
 
ដើម្បីជ្រាបច្បាស់ពីការជួសជុល និងអភិរក្សគំនូរបុរាណនេះ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក រ៉ូ សុវណ្ណដារដ្ឋ មន្រ្តីអភិរក្ស នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 
 
 







អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា