កូរ៉េខាងជើង សាកល្បងក្បាលគ្រាប់ដ៏ធំមហិមា សម្រាប់បំពាក់មីស៊ីលបណ្តែត
- ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:៣០ នាទី ព្រឹក

កូរ៉េខាងជើងសាកល្បងក្បាលគ្រាប់ដ៏ធំមហិមាសម្រាប់បំពាក់មីស៊ីលបណ្តែត។ AP
ដោយ៖ ហេង ឧត្តម/ / RFI ខេមរភាសា
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង ប្រកាសថា កងទ័ពរបបក្រុងព្យុងយ៉ាង បានសាកល្បងក្បាលគ្រាប់ដ៏ធំសម្រាប់បំពាក់មីស៊ីលបណ្តែត ហើយនិងបាញ់សាកមីស៊ីលប្រឆាំងមីស៊ីល ដោយជោគជ័យ។ ចំពោះកូរ៉េខាងត្បូង, ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ ជាការចំអកជាថ្មីទៀតចំពោះសហរដ្ឋអាម៉េរិក ខណៈពេលដែលឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ កំពុងតែដំណើរទស្សនកិច្ចនៅអាស៊ី។

អង្គភាពមីស៊ីលកូរ៉េខាងជើង បានបាញ់សាកល្បងក្បាលគ្រាប់ដ៏ធំសម្បើមសម្រាប់បំពាក់មីស៊ីលបណ្តែត ឈ្មោះHwasal-1 Ra-3 ដែលទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ពិព័រណ៌នាថា ជាក្បាលគ្រាប់ដ៏ធំមហិមា។ ទន្ទឹមនឹងគ្នានោះ ក្រុងព្យុងយ៉ាង ក៏បាញ់សាកល្បងមីស៊ីលប្រភេទថ្មី១ទៀត ជាមីស៊ីលប្រឆាំងមីស៊ីល ឈ្មោះ Pyoljji-1-2+។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បញ្ជាក់ទៀតថា ការសាកល្បងទាំងពីរនេះ ធ្វើឡើងដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីថ្ងៃសុក្រ ទី១៩មេសា នៅសមុទ្រខាងលិច ឬសមុទ្រលឿង។ KCNA សង្កត់ធ្ងន់ថា ការសាកល្បងក្បាលគ្រាប់និងមីស៊ីល ទាំងនេះ ឋិតនៅក្នុងគម្រោងរបស់អង្គភាពមីស៊ីលនិងវិទ្យាស្ថានការពារជាតិកូរ៉េខាងជើង ។
បងប្អូនជាសត្រូវកូរ៉េជើង គឺរបបក្រុងសេអ៊ូល ក៏បានបញ្ជាក់នៅថ្ងៃសុក្រដែរ ថាកងទ័ពកូរ៉េខាងត្បូងបានចាប់សញ្ញាពីការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ជាប្រភេទមីស៊ីលបណ្តែត និងមីស៊ីលប្រឆាំងមីស៊ីល ដែលបាញ់បង្ហោះនៅប្រហែលប្រមាណជាង ម៉ោង ៣ រសៀល ម៉ោងនៅឧបទ្វីបកូរ៉េ។ នេះបើតាមទីភ្នាក់កាសែតកូរ៉េខាងត្បូង យ៉ុនហាប់ ដោយឲ្យដឹងទៀតថា កងទ័ពកូរ៉េខាងត្បូងបានតាមដានសកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង យ៉ាងកៀកកិតបំផុត ហើយប្រសិនបើរបបក្រុងព្យុងយ៉ាង ជំរុញការញោះញ៉ុងបង្កហេតុភេទមិនល្អណាមួយ នោះរបបក្រុងសេអ៊ូល នឹងពិន័យវិញភ្លាមភ្លេតឲ្យចាស់ដៃ។
ចំពោះមជ្ឈដ្ឋានកូរ៉េខាងត្បូង, ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជាថ្មីនេះ គឺ របបក្រុងព្យុងយ៉ាង ចង់ចំអកឡកឡឺយឲ្យ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ដែលកំពុងតែធ្វើដំណើរទស្សនកិច្ចមកកាន់អាស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរត្រួតពិនិត្យនៅព្រំដែនកូរ៉េខាងត្បូង លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Linda Thomas-Greenfield បានប្រកាសអំពាវនាវ កូរ៉េខាងជើង ឲ្យត្រឡប់មកតុចរចា និងថា ទ្វារសម្រាប់ចរចាជជែកគ្នានៅបើកចំហ។ សហរដ្ឋអាមេរិកនិងដៃគូសម្ព័ន្ធមិត្ត រង់ចាំជជែកពិភាក្សាជានិច្ច។
ខុសពីមីស៊ីលបាឡីស្ទិកដែលជាប់បំរាមរបស់អង្គការសហប្រជាជាតិ, កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបណ្តែត ព្រោះមិនទាន់ជាប់បំរាមទណ្ឌកម្ម។ មិនជាប់បំរាម ដ្បិតថា ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីចុងខែមីនា ប្រទេសរុស្ស៊ីបានជួយបោះឆ្នោតវេតូជំទាស់។ បើតាមអ្នកជំនាញ, មីស៊ីលបណ្តែត ដែល របបកុម្មុយនិស្តកូរ៉េខាងជើង បានបាញ់សាកល្បងនៅពេលនេះ ទំនងជាអាចនឹងត្រូវបញ្ជូនទៅឲ្យ រុស្ស៊ី ដើម្បីប្រើប្រាស់នៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន៕
© រក្សាសិទ្ធិដោយ thmeythmey.com