Xavi និង Stegen រិះគន់ La Liga គ្មានប្រព័ន្ធ Goal-Line ដែលធ្វើឱ្យ Barca ចាញ់ Real
- ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៥:៥៩ នាទី ល្ងាច

លោក Xavi Hernandez និងកីឡាករចាំទី Marc-Andre ter Stegen ចោទលីគកំពូលអេស្ប៉ាញ La Liga ចំៗថាបានធ្វើរឿងអាម៉ាស់ក្នុងពិភពបាល់ទាត់ ខណៈលីគគ្មានសមត្ថភាពប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យគ្រាប់បាល់បញ្ចូលទី (Goal-Line Technology)។ ការរិះគន់នេះ ធ្វើឡើងក្រោយការប្រកួតជំនួប El Clasico ដែល Real Madrid យកឈ្នះ Barcelona លទ្ធផល ៣-២។

ស្ថិតក្នុងចំណោមលីគកំពូលទាំង ៥ ប្រចាំទ្វីបអឺរ៉ុប មានតែលីគ La Liga មួយប៉ុណ្ណោះ មិនបំពាក់ប្រព័ន្ធ Goal-Line Technology។
Lamine Yamal ខ្សែបម្រើវ័យក្មេង Barca ទាត់បាល់ ១គ្រាប់ដែលមើលទៅបានឆ្លងផុតគំនូសទី ហើយត្រូវបានអ្នកចាំទី Andriy Lunin របស់ Real Madrid សង្រ្គោះចេញពីទី ត្រូវបានបដិសេធដោយប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) អំឡុងការប្រកួតក្នុងវគ្គទីមួយ។
ចំពោះបញ្ហាបានកើតឡើងអ្នកចាំទី Ter Stegen ពន្យល់ថាជារឿងដែលកើតឡើងយ៉ាងអយុត្តិធម៍ព្រោះតែលីគគ្មានប្រព័ន្ធ Goal-Line។ «ខ្ញុំគ្មានពាក្យអ្វីនិយាយទេទៅលើរឿងដែលបានកើតឡើងនៅត្រង់បន្ទាត់ទីនោះ។ រឿងអាម៉ាស់បំផុតសម្រាប់បាល់ទាត់ ដែលលីគមានប្រាក់ច្រើនរាប់មិនអស់ ប៉ុន្តែគ្មានសម្រាប់អ្វីដែលសំខាន់បំផុតទៅវិញ។ ខ្ញុំមិនយល់ទេថាតើថាមានប្រាក់ហើយ តែបែរជាគ្មានបច្ចេកវិទ្យាប្រើប្រាស់ដូចលីគដទៃ។ នេះបើតាមការលើកឡើងរបស់ Ter Stegen។
លោក Xavi ក៏បានគាំទ្រដល់ការលើកឡើងរបស់កូនក្រុម ហើយថែមទាំងនិយាយថាការចាញ់ Real Madrid ក្នុងជំនួប El Clasico រដូវកាលនេះគឺជារឿងអយុត្តិធម៌ខ្លាំងបំផុត។
លោក Xavi អតីតមិត្តរួមក្រុមរបស់ Stegen ហើយប្រែជាគ្រូបង្វឹកក្រុមបានបកស្រាយដូច្នេះថា៖«ខ្ញុំគាំទ្រសម្តី Stegen វាអាម៉ាស់ណាស់ដែលគ្មានប្រព័ន្ធ Goal-Line ប្រសិនបើយើងចង់ឱ្យលីគនេះក្លាយជាលីគល្អខ្លាំងជាងគេលើពិភពលោក យើងគួរតែមានវា។ អ្នកទាំងអស់គ្នាអាចឃើញអ្វីខ្ញុំនិយាយអាចនឹងត្រូវលីគដាក់ទណ្ឌកម្ម រូបភាពនេះអាចនឹងកើតឡើង តែអារម្មណ៍ខ្ញុំទទួលបានពេលនេះគឺអយុត្តិធម៌។»។
បរាជ័យក្រោមថ្វីជើង Real Madrid បានក្លាយជារឿងថ្មីបន្ថែមមួយទៀតសម្រាប់ Barca ដោយក្រុមពួកគេនឹងត្រូវចាប់ផ្តើមយុទ្ធសាស្ត្រសម្រាប់រដូវកាលថ្មី ក្រោយពេលរដូវកាល ២០២៣-២៤ មិនឈ្នះពានរង្វាន់អ្វីមួយសោះ ខណៈលោក Xavi ក៏ខិតជិតចេញពីតំណែងក្រោយពេលចប់រដូវកាល៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: