ILO៖ ពលកររងហានិភ័យសុខភាពធ្ងន់ធ្ងរជាងគេ ពីការប្រែប្រួលអាកាសធាតុ
- ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

ILO៖ ពលកររងហានិភ័យសុខភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ធ្ងន់ធ្ងរជាងគេ © Issouf Sanogo / AFP
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
អង្គការពលកម្មអន្តរជាតិបានចេញរបាយការណ៍ នៅថ្ងៃទី ២២ មេសា២០២៤នេះ ដោយស្រែកអាសន្នថា មានពលករក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់ រស់ប្រឈមនឹងហានិភ័យសុខភាព បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ច្បាប់ការងារដែលមានស្រាប់ មិនអាចការពារបុគ្គលិកកម្មករ ពីការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដីបានទេ។

ការប្រែប្រួលអាកាសធាតុបានបង្កផលវិបាកធ្ងន់ធ្ងរស្រេចទៅហើយទៅលើសុខភាពនិងសន្តិសុខរបស់ពលករនៅលើពិភពលោក។ កម្មករ កសិករ ពលករ ច្រើនតែជាជនរងគ្រោះ និង ជាអ្នកទទួលផលអាក្រក់មុនគេ ពីការឡើងកម្តៅអាកាសធាតុ។ នេះបើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិចេញផ្សាយនៅថ្ងៃចន្ទទី ២២មេសា២០២៤ ដែលមានចំណងជើងថា “ធានាសន្តិសុខនិងសុខភាពការងារក្នុងសម័យអាកាសធាតុប្រែប្រួល”។
កម្តៅជាការគំរាមកំហែងសុខភាពពលករដំបូងគេ។ កម្លាំងពលកម្មជិត៧១% ឬត្រូវជាប្រមាណ២៤០០លាននាក់ ទំនងកំពុងធ្វើការក្រោមកម្តៅដ៏ក្តៅហួសហេតុ ក្នុងអំឡុងពេលណាមួយនៃម៉ោងធ្វើការ។ នេះបើតាមការពន្យល់របស់អង្គការពលកម្មអន្តរជាតិដោយផ្អែកលើទិន្នន័យឆ្នាំ២០២០ ដែលកាលណោះ អត្រាអ្នកប្រឈមនឹងកម្តៅថ្ងៃមានត្រឹម៦៥%។ អ្នកធ្វើការ ក្រោមដំបូល ក្នុងទីបិទជិតគ្មានបំពាក់ចរន្តបង្វិលខ្យល់ត្រឹមត្រូវ ក៏ប្រឈមនឹងហានិភ័យក្តៅថប់យ៉ាងខ្ពស់ត្រដែតដែរ។ ចំនួនពលកររស់ប្រឈមនឹងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុមានច្រើនក្រៃ និងកាន់តែច្រើនឡើងៗជាលំដាប់។
ក្រៅអំពីកម្តៅថ្ងៃ និងការក្តៅជ្រុល កសិករ កម្មករ លីសែង-សំណង់ ឬពលករប្រើកម្លាំងផ្សេងទៀត ត្រូវប្រឈមនឹងគ្រោះថ្នាក់មួយគំនរទៀត ដូចជាកាំរស្មីUV ខ្យល់ពុល ថ្នាំគីមីកសិកម្ម ឬ ជំងឺឆ្លងដោយភ្នាក់ងារចម្លងជាសត្វល្អិត (គ្រុនចាញ់ គ្រុនឈាម ...) ដែលលូតលាស់និងពង្រីកផ្ទៃដីចម្លងកាន់តែធំក្រោមឥទ្ធិពលនៃការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដី។
សម្រាប់លោកស្រី ម៉ាណាល់ អាស្ហ៊ី Manal Azzi ទទួលបន្ទុកផ្នែកសន្តិសុខនិងសុខភាពការងាររបស់អង្គការពលកម្មអន្តរជាតិ ភាពប្រឈមនឹងគ្រោះថ្នាក់របស់ពលករនិងផលប៉ះពាល់ចំពោះសុខភាព ដោយហេតុតែការប្រែប្រួលអាកាសធាតុ ជាបញ្ហាធំខ្លាំងណាស់ តែគេច្រើនបំភ្លេច នៅពេលជជែកអំពីបម្រែបម្រួលអាកាសធាតុ។ ក្នុងមួយឆ្នាំៗ មានគ្រោះថ្នាក់ក្នុងការងារដោយកម្តៅជ្រុល ដល់ជិត២៣លានគ្រោះថ្នាក់ ដែលធ្វើខាតបង់ជីវិតអស់ប្រមាណ១៩០០០នាក់។ នេះបើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិដដែល ដែលកត់ត្រាឃើញមានបញ្ហាសុខភាពជាច្រើនពាក់ព័ន្ធអាកាសធាតុ ក្នុងរង្វង់ពលករ មានជាអាទិ៍ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺ ផ្លូវដង្ហើម តម្រងនោម និងផ្លូវចិត្ត។
អង្គការប៉ាន់ប្រមាណទៀតថា ក្នុងចំណោមពលករជាង១៦០០លាននាក់នៅលើពិភពលោកធ្វើការរងពន្លឺកាំរស្មីព្រះអាទិត្យ ១៨៩៦០នាក់បានស្លាប់ដោយជំងឺមហារីកស្បែកដែលមិនបង្កឡើងដោយមេឡាណូម។ ៨៦០០០០នាក់ស្លាប់ដោយខ្យល់ពុលនៅកន្លែងធ្វើការ។ ជាង៨៧០លាននាក់ ជាពលករក្នុងវិស័យកសិកម្មរស់ស្រូបថ្នាំពុលសម្លាប់សត្វល្អិត ហើយជាងបីសែននាក់បានស្លាប់ដោយពុលថ្នាំគីមីកសិកម្ម។
លោកស្រី អាស្ហ៊ី បានប្រកាសថាការប្រែប្រួលអាកាសធាតុ បង្កើតហានិភ័យសុខភាព បន្ថែម យ៉ាងធ្ងន់ធ្ងរស្រេចទៅហើយសម្រាប់ពលករ។ ហើយហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុ វិវឌ្ឍរហ័សនិងលឿនខ្លាំងណាស់ ដូច្នេះអង្គការសូមអំពាវនាវឱ្យគ្រប់ប្រទេសបំពេញកាតព្វកិច្ច សើរើច្បាប់ការងារដែលមានស្រាប់ ឬបង្កើតវិធានច្បាប់ថ្មីដើម្បីធានាការពារពលករឱ្យសមស្របទៅនឹងស្ថានភាពបរិស្ថានប្រែប្រួល៕
© រក្សាសិទ្ធិដោយ thmeythmey.com