សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យភាគីឡាវ ផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា ប្រកបដោយនិរន្តរភាព
  • ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥២ នាទី ព្រឹក
សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យភាគីឡាវ ផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា ប្រកបដោយនិរន្តរភាព

រដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីឡាវ ផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា ប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកយកចំណុចនេះពិភាក្សាជាមួយលោក ថងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៣ មេសា។
TTN-Free-Banner-In-Article-PC


ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកពីការសាមគ្គីភាពជាប្រពៃណី និងការពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ,ការតភ្ជាប់ ,កិច្ចការព្រំដែន ,ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ,កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
 
ពាក់ព័ន្ធវិស័យថាមពល សម្ដេច ហ៊ុន ម៉ាណែត បានស្នើឱ្យភាគីឡាវ ពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា ប្រកបដោយនិរន្តរភាព និងទាន់ពេល។ «វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។
 
កន្លងមករដ្ឋាភិបាលឡាវ ធ្លាប់បង្ហាញបំណងផ្គត់ផ្គង់ និងបញ្ជូនថាមពលបៃតង ទៅបណ្ដាប្រទេសតំបន់អាស៊ាន ដោយឆ្លងកាត់តាមប្រទេសកម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏គាំទ្រដល់គម្រោងរបស់រដ្ឋាភិបាលឡាវ លើវិស័យថាមពលនេះ។
 
សព្វថ្ងៃនេះ កម្ពុជា ប្រើប្រាស់ប្រភពថាមពលអគ្គិសនីស្អាត ប្រមាណ៦០ភាគរយ។ នៅឆ្នាំ២០២៣នេះ កម្ពុជា ទិញថាមពលអគ្គិសនីពីវៀតណាម ត្រឹមតែ១ភាគរយប៉ុណ្ណោះ ។ ដោយឡែក ប្រភពថាមពលអគ្គិសនីស្អាត ៣០ភាគរយទៀត គឺកម្ពុជាបានទិញពីឡាវ។ ក្រៅពីនេះ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតខ្លួនឯង ហើយក៏មានលទ្ធភាពសម្រាប់ផលិតនាំចេញទៅលក់នៅក្រៅប្រទេសវិញដែរ។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានថ្លែងក្នុងសន្និសីទព័ត៌មាន កាលពីខែវិច្ឆិកា ២០២៣។
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ