ការបញ្ចុះចម្លាក់សត្វអណ្តើកជាជំនឿកើតមានស្ទើរគ្រប់ជាតិសាសន៍
- ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

លោកសាស្រ្តាចារ្យ អ៉ឺម សុខរិទ្ធី
សៀមរាប៖ ការប្រទះឃើញចម្លាក់សត្វអណ្តើកនៅតាមស្រះទឹកក្នុងតំបន់អង្គរ ដូចជាប្រាសាទកណ្ដាលស្រះស្រង់ និងថ្មីៗនេះនៅប្រាសាទបាយ័នជាដើម ហាក់ជារឿងចម្លែកបនិ្ដចសម្រាប់សាធារណជន។ តាមពិតទៅ រឿងរ៉ាវទាំងនេះត្រូវបានអ្នកបុរាណវិទ្យា ឬអ្នកស្រាវជ្រាវដឹងជាទូទៅយូរមកហើយ គឺថាឱ្យតែនៅតាមសំណង់សាសនានានា តែងមានការបញ្ចុះចម្លាក់សត្វអណ្តើកនេះ។

លោកសាស្រ្តាចារ្យ អ៊ឹម សុខរីទ្ធី ទីប្រឹក្សាបច្ចេកទេសនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្តី បានពន្យល់ថា រឿងរ៉ាវនៃទំនាក់ទំនងរវាងមនុស្ស និងសត្វអណ្តើកនេះ មានសឹងទូទាំងសកលលោក និងសឹងគ្រប់ជាតិសាសន៍ មិនថាអឺរ៉ុប អាម៉េរិក អាហ្រ្វិក អារ៉ាប់ ឬអាស៊ីឡើយ។ ជំនឿទាំងនោះ កើតមានតាមបរិបទផ្សេងៗគ្នា ដោយខ្លះយល់ថា សត្វអណ្តើកជាសត្វដែលនាំសំណាង ទាក់ទងនឹងរឿងល្អៗ ជាសត្វដែលទ្រទ្រង់ផែនដី និងមនុស្សលោក តែក៏មានដែរអ្នកខ្លះយល់ថា សត្វនេះតំណាងឱ្យសភាវៈអាក្រក់។

ចម្លាក់សត្វអណ្តើកដែលប្រទះឃើញនៅបាតស្រះខាងកើតប្រាសាទបាយ័ន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ រូបភាព៖ សោម កក្កដា
ក្នុងសង្គមខ្មែរ ជំនឿនេះមានយូរយារមកហើយ គឺទាំងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ តាមព្រហ្មញ្ញសាសនា គេយល់ថា សត្វអណ្តើកជាអវតាទី២របស់ព្រះនរាយណ៍ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស និងសង្រ្គោះទេព។ រីឯក្នុងពុទ្ធសាសនា សត្វអណ្តើកជាមគ្គុទ្ទេសក៍ នាំពុទ្ធសាសនិកទៅកាន់ ព្រះនិព្វាន៕

ចម្លាក់អណ្តើកនៅវត្ត Tenryu-ji Zen, Kyoto ប្រទេសជប៉ុន។ រូបភាព៖ លោក អ៉ឹម សុខរិទ្ធី

ទីតាំងដែលប្រទះឃើញចម្លាក់សត្វអណ្តើកនៅបាតស្រះបាយ័ន។
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោកសាស្រ្តាចារ្យ អ៊ឹម សុខរិទ្ធី ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: