ក្លិបអង់គ្លេសផ្ទុះកំហឹង និងស្នើសុំរដ្ឋាភិបាលការពារវប្បធម៌ពាន FA Cup
  • ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ​​ ម៉ោង ១:៥៩ នាទី រសៀល
ក្លិបអង់គ្លេសផ្ទុះកំហឹង និងស្នើសុំរដ្ឋាភិបាលការពារវប្បធម៌ពាន FA Cup

ក្លិបតូចធំជាង ២០ក្លិប នៅអង់គ្លេស និងក្រុមយុទ្ធនាការ ការប្រកួតដោយយុត្តិធម៌ (Group Fair Game) បានស្នើសុំឱ្យមានវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងបាល់ទាត់ ដើម្បីការពារវប្បធម៌របស់ពានរង្វាន់ FA Cup ដែលប្រកួតឡើងវិញ ពេលក្រុមនីមួយៗប្រកួតស្មើគ្នាក្នុងវគ្គជម្រុះ។ ការស្នើសុំធ្វើឡើង ក្រោយមានការលុបចោល ការប្រកួតឡើងវិញ ដែលធ្វើឱ្យក្លិបទាំងនោះខាតបង់។
TTN-Free-Banner-In-Article-PC


យ៉ាងហោចមានប្រធានក្លិបជាង ២០ បានដាក់លិខិតស្នើទៅកាន់រដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីការប្រកាសលុបចោលការប្រកួតឡើងវិញ តាំងពីជុំទី១ នៃពានរង្វាន់ FA Cup កាលពីខែមេសា កន្លងទៅ។ មូលហេតុនៃការលុបចោលការប្រកួតឡើងវិញ (Match Replay) ព្រោះតែបញ្ហា ធ្វើឱ្យមានភាពមមាញឹកទៅលើកាលវិភាគប្រកួត ផ្ទួនគ្នាទល់នឹងពាន UEFA Champions League។
 
ក្លិបតូចៗ បានអះអាងថា ការប្រកួតឡើងវិញ បានក្លាយជាប្រភពចំណូលដ៏ធំមួយសម្រាប់ពួកគេ ទៅលើសិទ្ធិការផ្សាយ និងថ្លៃលក់សំបុត្រផ្សេងៗ។ 
 
ការប្រកួតឡើងវិញ ត្រូវបានក្លិបទាំងអស់នោះចាត់ទុកថាជាវប្បធម៌នៃពានរង្វាន់ FA Cup ហើយការលុបចោលប្រកួតនោះ បានធ្វើឱ្យពានរង្វាន់ វ័យចំណាស់របស់អង់គ្លេស ធ្លាក់តម្លៃ។ ស្ថាប័នក្របខណ្ឌលីគទីពីរអង់គ្លេស EFL បាននិយាយថា ខ្លួនបដិសេធទាំងស្រុងចំពោះការសម្រេចចិត្ត រវាងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) និង Premier League​នៃការ​លុប​ចោលការប្រកួតឡើងវិញ។
 
ទោះជាយ៉ាងនេះ FA បានចេញមុខបកស្រាយថា កាលវិភាគការប្រកួតថ្មីត្រូវបានសម្រេចដោយក្រុមប្រឹក្សាកីឡាអាជីព ដែលមានតំណាងមកពី Premier League និង EFL និងក្រុមប្រឹក្សារបស់ FA ដែលជាការប្រកួតថ្នាក់ជាតិ ក៏មានវត្តមានតំណាងផងដែរ។ ក្លិប Bolton Wanderers ម្ចាស់ពាន FA Cup ៤សម័យ ជាក្លិបដំបូងគេ ក្នុងចំណោមក្លិបជាង ២០ ដែលបានស្នើលិខិតស្នើទៅកាន់លេខាធិការវប្បធម៌ អ្នកស្រី Lucy Frazer ដើម្បីស្នើឱ្យមានវិសោធនកម្មច្បាប់គ្រប់គ្រងការប្រកួត។
 
«យើងចង់ការពារពានរង្វាន់ FA Cup។ FA Cup គឺជាពានរង្វាន់ដែលមានវ័យចំណាស់ជាងគេក្នុងពិភពលោក ហើយការសម្រេចចិត្តលុបចោលការប្រកួតឡើងវិញ តាំងពីជុំទីមួយ និងធ្វើឱ្យបាត់បង់តម្លៃកិត្យានុភាពរបស់ខ្លួន ហើយមិនមានអ្វីសោះ ដែលអាចជួយយើងបានក្នុងការការពារបាល់ទាត់របស់យើងបាន។ ឥទ្ធិពល Premier League ក្នុងការសម្រេចចិត្តនេះគឺជា ឧទាហរណ៍មួយបែងចែកបាល់ទាត់ […]។ ក្លិបដែលចូលរួមក្នុង FA Cup មិនត្រូវបានពិគ្រោះទេ ហើយក្លិបរបស់យើងក៏ដូចជាអ្នកគាំទ្ រត្រូវបានគេបោះបង់ចោល។»។ នេះបើតាមការលើកឡើងក្នុងលិខិតរបស់ក្លិប Bolton Wanderers។
 
ច្បាប់ការប្រកួត FA Cup ពីមុន ចាប់ពីវគ្គជម្រុះជុំទី៥ ទៅទើបគ្មានការប្រកួតឡើងវិញ ក្រោយលទ្ធផលស្មើ ប៉ុន្តែការលុបចោលតាំងពីជុំទីមួយ ធ្វើឱ្យក្លិបតូចៗខាតបង់ធំ។ ​លោក Erik ten Hag បានបង្ហាញចំណាប់អារម្មណ៍ ទៅលើការសម្រេចនេះថា ​ជារឿងសោកស្តាយសម្រាប់បាល់ទាត់អង់គ្លេស៕

អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង