Champions League នឹងមានក្រុមអាល្លឺម៉ង់៦ បើ Dortmund ឈ្នះជើងឯក
- ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី យប់

ក្របខណ្ឌ Bundesliga នឹងមានកៅអីក្រុមចំនួន ៥ នៅក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ បន្ទាប់ពីក្រុម Borussia Dortmund ប្រកួតយកឈ្នះលទ្ធផល ១-០ លើក្រុម Paris Saint Germain ដោយក្លិបអាល្លឺម៉ង់ ធានាបានចំណាត់ថ្នាក់លេខ ២ ក្នុងតារាង UEFA coefficient table (ស្ថិតិការប្រកួត) រដូវកាល ២០២៣-២៤ នេះ។ បើ Dortmund ឈ្នះជើងឯកថែមទៀត នោះក្រុមអាល្លឺម៉ង់នឹងកើនដល់៦ក្រុម នៅក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ។

លីគកំពូលចំនួន ២ នឹងត្រូវផ្តល់កៅអីក្រុមបន្ថែម តាមរយៈ European Performance Spots។ ការផ្តល់កៅអីដល់លីគចំនួន ២ ដោយផ្អែកទៅលើការបង្ហាញទម្រង់លេងល្អបំផុតនៅទូទាំងពានរង្វាន់អឺរ៉ុបទាំង ៣ ក្នុងរដូវកាលនីមួយៗ ហើយការកើនឡើងកៅអីនេះក៏ជាផ្នែកមួយនៃការកែប្រែពង្រីកពាន Champions League ដល់ ៣៦ក្រុម។
ក្របខណ្ឌ Serie A ទទួលបានកៅអីបន្ថែម ១ ទៀតក្នុងក្របខណ្ឌ Champions League កាលពីខែមេសា ដែលជាហេតុធ្វើឱ្យពួគគេនៅរដូវកាលក្រោយមានក្លិបចំនួន ៥ ដែលនឹងចូលប្រកួតប្រជែង។ ជ័យជម្នះរបស់ Dortmund មានន័យថា ៥កៅអី នៅ Champions League រដូវកាលក្រោយ នឹងមិនត្រូវបានដណ្តើមដោយបេក្ខភាពដែលឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ (ក្រុមមកពីអង់គ្លេស និងបារាំង) ដទៃបានឡើយ។
បើតាមសម្តីរបស់លោក Edin Terzic ទាក់ទងនឹងចំនួនកៅអី UCL កើនឡើងសម្រាប់លីគអាល្លឺម៉ង់៖«យើងចង់ជាប់ការប្រកួតសម្រាប់ពានរង្វាន់ Champions League តាមរយៈលីគ Bundesliga និងមិនផ្លូវនេះនោះទេ។ ប៉ុន្តែការពិតគឺថាវានឹងគ្រប់គ្រាន់ដើម្បីជាប់ទៅកាន់ការប្រកួតក្នុងនាមជាក្រុមលេខ ៥ ហើយនេះក៏ជាផ្នែកមួយសម្រាប់ភាគជោគជ័យរបស់យើង ការរួមចំណែករបស់យើង។ ជារួមក្រុមគោលដៅរបស់យើងគឺឈ្នះកៅអី Champions League ដល់ពេលនេះ (បន្ថែមកៅអី ១ទៀត) វាមិនបានន័យថាលីគរបស់យើងរីកចម្រើននោះទេ ប៉ុន្តែវាបានផ្តល់ភាពងាយស្រួលមួយដែរ។»។
ដំបូងឡើយក្របខណ្ឌ Premier League ជាបេក្ខភាពដែលបានប្រជែងខ្លាំង ថែមទាំងត្រូវបានគេចាប់អារម្មណ៍ថានឹងក្លាយជាលីគទី២ បន្ទាប់ពីអ៊ីតាលី ក្នុងការទទួលយកកៅអីបន្ថែម។
ប៉ុន្តែនៅត្រឹមវគ្គ ៨ក្រុម ចុងក្រោយ ក្រុមមកពីអង់គ្លេសដូចជា Arsenal, Manchester City ធ្លាក់ចេញពីការប្រកួត UCL, Liverpool និង West Ham United ធ្លាក់ពី Europa League ធ្វើឱ្យឱកាសកៅអីបន្ថែមរសាត់ឆ្ងាយ។
ប៉ុន្តែនៅត្រឹមវគ្គ ៨ក្រុម ចុងក្រោយ ក្រុមមកពីអង់គ្លេសដូចជា Arsenal, Manchester City ធ្លាក់ចេញពីការប្រកួត UCL, Liverpool និង West Ham United ធ្លាក់ពី Europa League ធ្វើឱ្យឱកាសកៅអីបន្ថែមរសាត់ឆ្ងាយ។
ដល់ពេលនេះមានតែ Aston Villa មួយតែប៉ុណ្ណោះ ជាក្លិបអង់គ្លេសបន្តប្រកួតប្រជែងនៅក្នុងពានរង្វាន់អឺរ៉ុប Europa Conference League។
លីគអាល្លឺម៉ង់ឡើងមកកាន់តំណែងលេខ ២ ឆាប់រហ័ស ដោយសារតែក្លិប Bayern Munich និង Bayer Leverkusen បានទម្លាក់ក្រុមអង់គ្លេសចេញពីការប្រកួត។ Bayern ទម្លាក់ក្រុម Arsenal វគ្គ ៨ក្រុម ចំណែគ Leverkusen ទម្លាក់ក្រុម West Ham ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន។
ជួនគ្នាទៅទៀត កៅអី UCL បន្ថែម ក៏បានទៅលើដៃក្រុម Borussia Dortmund សម្រាប់ការប្រកួតនៅរដូវកាលក្រោយ ព្រោះតែបច្ចុប្បន្នពួកគេកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៃក្របខណ្ឌ Bundesliga។ RB Leipzig ស្ថិតនៅលេខ៤ មាន៦២ពិន្ទុ នាំមុខ Dortmund ៥ពិន្ទុ និងនៅសល់ ៣ ប្រកួតដូចគ្នា។
យ៉ាងណាប្រសិនបើ Dortmund អាចក្លាយជាក្រុមឈ្នះជើងឯក Champions League និងបញ្ចប់ចំណាត់ថ្នាក់លេខ ៥ ក្នុងរដូវកាលនេះ នោះលីគ Bundesliga នឹងមានក្រុមចំនួន ៦ ត្រូវលេងក្នុងក្របខណ្ឌកំពូលអឺរ៉ុប UCL រដូវកាលក្រោយ។ ក្រុមចំនួន៦ រួមមានក្រុមកំពូលទាំង ៤ រួមជាមួយ Dortmund ក្នុងនាមជាក្រុមជើងឯក និង១ក្រុមដែលជាប់ជាក្រុមល្អរបស់អឺរ៉ុប European Performance Spots៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: